Facebook ទើបតែ​បញ្ចេញ «អាវុធ» ថ្មី ដើម្បី «ប្រល័យ» TikTok

បណ្ដាញ​សង្គម Facebook របស់​ក្រុមហ៊ុន Meta ទើបតែ​បាន​បញ្ចេញ​មុខងារ​វីដេអូ​ខ្លី Reels នៅ​ទូទាំង​សកលលោក និង​កំពុង​ត្រូវបាន​គេ​រំពឹងថា នឹង​រកឃើញ​ជោគជ័យ​ដូច​ទៅនឹង​មុខងារ Story។

សារព័ត៌មាន WSJ បាន​រាយការណ៍​ថា Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook បាន​បង្កើន​ការ «វាយបក» ប្រឆាំងនឹង TikTok ដោយ​ការបញ្ចេញ​មុខងារ​វីដេអូ​ខ្លី Reels សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក (ជាង​ ១៦០ ប្រទេស​) កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ។ ពួកគេ​ក៏បាន​ណែនាំ​មុខងារ​ថ្មី​ជាច្រើន​ផ្សេងទៀត​ដល់​អ្នក​ផ្សាយពាណិជ្ជកម្ម​ផងដែរ។

បច្ចុប្បន្ន Facebook កំពុងមាន «សង្គ្រាម» ជាមួយ TikTok ដែលជា​បណ្ដាញ​សង្គម​វីដេអូ​ខ្លី​ត្រូវបាន​អ្នកប្រើប្រាស់​ទាញយក​មក​ប្រើ​ច្រើនជាងគេ​កាលពី​ឆ្នាំ ២០២១ និង​បាន​យកឈ្នះ​លើ Instagram ដោយ​ក្លាយជា​បណ្ដាញ​សង្គម​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ពី​សំណាក់​យុវវ័យ។

Meta ក៏​រង​ផលប៉ះពាល់​ពីមុខ​ងារ​សុវត្ថិភាព​មួយ​ដែល​ត្រូវបាន Apple លាតត្រដាង​កាលពី​ឆ្នាំ ២០២១។ រាប់​ចាប់ពី​បាន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី ២ កុម្ភៈ តម្លៃ​មូលធន​ទីផ្សារ​របស់ Meta ក៏បាន​ថយចុះ​ជាង ៣០០ ពាន់​លាន​ដុល្លារ។

ជាមួយនឹង​មុខងារ​ថ្មី Reels ម្ចាស់ Facebook លោក Mark Zuckerberg ថ្លែងថា៖ «យើង​ចង់ឱ្យ Facebook Reels ក្លាយជា​កន្លែង​ល្អ​បំផុត​សម្រាប់​អ្នកបង្កើត​ខ្លឹមសារ​ជា​វីដេអូ ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ហគ​មន៍​របស់​ពួកគេ និង​រកប្រាក់»។

Meta បាន​ណែនាំ​កម្មវិធី Reels កាលពី​ខែសីហា ឆ្នាំ ២០២០ សម្រាប់​អ្នកប្រើប្រាស់ Instagram របស់ខ្លួន​នៅ សហរដ្ឋ​អាម៉េរិក ដើម្បី​ជាការ «វាយបក» មួយ ប្រឆាំងនឹង TikTok ដែលជា​កម្មសិទ្ធិ​របស់ ក្រុមហ៊ុន​ចិន ByteDance៕

Advertisement