ណា​សា ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​រ៉ុក្កែត​ដំបូង បាញ់​ចេញពី​ពិភព​ដទៃ

ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) បានសម្រេច​សហការ​ជាមួយ​ក្រុមហ៊ុន Lockheed Martin ដើម្បី​អភិវឌ្ឍ​រ៉ុក្កែត​តម្លៃ ១៩៤ លាន​ដុល្លារ សម្រាប់​ដឹក​សំណាក​វត្ថុ​ពី​ពិភព​អង្គារ មកកាន់​ផែនដី។

យានអវកាស​ដែល​ហោះ​ចេញពី​ពិភព​ដទៃ ដែលមាន​ឈ្មោះថា Mars Ascent Vehicle (MAV) នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បេសកកម្ម​យក​សំណាក​ដី​របស់​ពិភព​អង្គារ (ប្រមូលបាន​ដោយ​រ៉ូ​បូត Perseverance របស់ ណា​សា) ដឹក​មកកាន់​ផែនដី ដើម្បី​ធ្វើការ​វិភាគ​ស៊ីជម្រៅ។

ចាប់តាំងពី​បាន​ចុះចត​លើ​ផ្ទៃ​ពិភព​អង្គារ​កាលពី​ថ្ងៃទី ១៨ កុម្ភៈ ២០២១ យាន​រុករក Perseverance បាន​ប្រឹងប្រែង​ស្វែងរក​ភ័ស្ដុតាង​ស្ដីអំពី​ជីវិត​អតីតកាល​នៅក្នុង​មាត់​រណ្ដៅ Jezero ជាទី​ដែល​ធ្លាប់មាន​បឹង​ដែល​ពេញ​ដោយ​ទឹក និង​វាលរាប​ដីសណ្ដរ​ដែលមាន​ទន្លេ កាលពី​រាប់ពាន់​លាន​ឆ្នាំមុន។ គិត​មកដល់​ថ្ងៃទី ៣១ មករា ២០២២ Perseverance បាន​ប្រមូល​សំណាក​ស្នូល​ដី​នៃ​ផ្ទៃ​ពិភព​អង្គារ​ដោយ​ជោគជ័យ​ចំនួន ៦ លើក​មកហើយ។ ណា​សា មាន​គម្រោង​បញ្ជូន​សំណាក​វត្ថុ​ធាតុ​ទាំងនោះ​មកកាន់​ផែនដី​នៅ​ឆ្នាំ ២០២៦។

បេសកកម្ម​ខាងលើ​នឹងមាន​ឧបសគ្គ​ច្រើន។ រ៉ុក្កែត MAV នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​ពិភព​អង្គារ អម​ជាមួយនឹង​យាន​ចុះចត​មួយគ្រឿង​ផ្សេងទៀត​ដែលមាន​ឈ្មោះថា Sample Fetch Rover។ រ៉ូ​បូត​ថ្មី​នេះ​នឹង​ផ្លាស់​ទី​ទៅកាន់​ទីតាំង​ដែល Perseverance កំពុង​ស្ថិតនៅ ដើម្បី​យក​សំណាក​វត្ថុ​ធាតុ​ដែល​ប្រមូលបាន រួចហើយ​ដាក់​វា​ទៅក្នុង MAV។ ពេលនោះ Sample Fetch Rover ក៏​នឹង​ដើរតួនាទី​ជា​ជើង​ទម្រ​ដើម្បីឱ្យ MAV ហោះ​ឡើង​ត្រលប់​មកកាន់​ផែនដី។ នេះ​បើតាម Angela Jackman ដែលជា​ជំនួយការ​របស់ ណា​សា ដែល​បាន​ប្រាប់ UPI កាលពី​ថ្ងៃទី ៨ កុម្ភៈ។

ណា​សា កាលពី​ថ្ងៃទី ៧ កុម្ភៈ បានប្រកាស​ប្រគល់​ការងារ​អភិវឌ្ឍ MAV ឱ្យទៅ​ក្រុមហ៊ុន Lockheed Martin ដែលមាន​មូលដ្ឋាន​នៅ Bethesda រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក។ រ៉ុក្កែត MAV ដែលមាន​តម្លៃ ១៩៤ លាន​ដុល្លារ​នេះ នឹងមាន​កម្ពស់​ប្រហែល ៣ ម៉ែត្រ, មាន​អង្កត់ផ្ចិត ៤៥ ស.ម និង​មាន​ទម្ងន់​ស្រាល​ជាង ៤៥៣ គីឡូក្រាម។ រ៉ូ​បូត Perseverance មាន​ទម្ងន់​ប្រហែល ១,០២៥ គីឡូក្រាម (ទម្ងន់​នៅលើ​ផែនដី)៕

Advertisement