(វីដេអូ)-យន្តហោះ​អគ្គិសនី​ហោះឡើង​ និង​ចុះ​ចត​ត្រង់​ ​តូច​បំផុត​ក្នុង​ពិភពលោក​របស់ SkyDrive នឹងដាក់​លក់​នៅ ៤ ឆ្នាំ​ខាងមុខ

(ជប៉ុន)-ក្រុមហ៊ុន SkyDrive អភិវឌ្ឍ​មធ្យោបាយ​ហោះហើរ​លក្ខណៈ​បុគ្គល​ដែល​អាច​ហោះ​ចម្ងាយ ១៩ គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​ថាមពល​ពេញ ជួយ​ឱ្យ​អ្នកប្រើប្រាស់​អាច​បញ្ចៀស​កា​រកក​ស្ទះចរាចរណ៍​នៅតាម​ដងផ្លូវ​លើដី។

នឹង​ជា​ប្រការ​ដ៏​អស្ចារ្យ បើសិនជា​អ្នក​អាច​ហោះ​ពី​ខាងលើ​យន្ត​រថយន្ត​ទាំងឡាយ​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​កកស្ទះ​ចរាចរណ៍។ ក្រុម​វិស្វករ​របស់​ក្រុមហ៊ុន​ជប៉ុន SkyDrive ក៏​គិត​ដូច្នេះ។ ក្នុង​អនាគត អាកាស​នឹង​ក្លាយជា​ផ្លូវ​ថ្មី​ដែល​ពេញនិយម​ជាងគេ។

នៅឯ​ព្រឹត្តិការណ៍​ពិព័រណ៍​ឧបករណ៍​អេឡិចត្រូនិក (CES) ២០២២ ក្រុមហ៊ុន SkyDrive បានប្រកាស​គម្រោង​ថ្មី​របស់ខ្លួន។ នោះ​គឺ​ម៉ូ​ដែល​គំរូ​នៃ​ឧទ្ធម្ភាគចក្រ ២ កៅអី​ថ្មី​ដែលមាន​ឈ្មោះថា SD-០។

Keisuke Yasukochi មកពី​ក្រុមហ៊ុន SkyDrive ឱ្យដឹងថា «នេះ​គឺជា​ម៉ូ​ដែល​គំរូ​ដែល​អាច​ដំណើរការបាន និង​មាន​ឈ្មោះថា SD-០។ យើង​បាន​សាកល្បង​ហោះហើរ​មាន​មនុស្ស​បើក​កាលពី ១៨ ខែ​មុន។ យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍ​ម៉ូ​ដែល​បន្ទាប់ និង​កំពុង​ស្វែងរក​វិធី​ដើម្បី​ដាក់លក់​យន្តហោះ​នេះ​នៅលើ​ទីផ្សារ​ចាប់ពី​ឆ្នាំ ២០២៥»។

ជា​មូលដ្ឋាន វា​គឺជា​ម៉ូ​ដែល​ឧទ្ធម្ភាគចក្រ​អគ្គិសនី​ខ្នាតតូច។ អ្នកប្រើប្រាស់​មិន​ត្រូវការ​កន្លែង​ធំ​ទូលាយ​ដើម្បី​ហោះ​ឡើង ឬ​ចុះចត។ SD-០៣ គឺជា​យន្តហោះ​ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់។ មធ្យោបាយ​ធ្វើដំណើរ​នេះ​នាំមក​នូវ​បទពិសោធន៍​នៃ​ការហោះហើរ​យ៉ាង​ស្រួល និង​មិន​បញ្ចេញ​ឧស្ម័ន​ពុល។

អេក្រង់​របស់​យន្តហោះ​នេះ​នឹង​ផ្ដល់ឱ្យ​អ្នកប្រើប្រាស់​នូវ​ការឆ្លើយតប​ជាក់ស្ដែង និងភ្លាម។ SD-០៣ ត្រូវបាន​បំពាក់​ប្រព័ន្ធ​កំណត់​ទិស (GPS)។ អ្នកប្រើប្រាស់​អាច​ហោះ​ឡើងដល់​កម្ពស់ ៤៨៨ ម៉ែត្រ និង​ហោះ​ក្នុង​រយៈ​ចម្ងាយ ១៩ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។

តាម​គម្រោង SD-០៣ នឹង​ក្លាយជា​យន្តហោះ​អគ្គិសនី​ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់​តូច​បំផុត​ក្នុង​ពិភពលោក។ យន្តហោះ​នេះ​មាន​កម្ពស់ ១.៨ ម៉ែត្រ និង​ទទឹង ៣.៧ ម៉ែត្រ។ ក្រុមហ៊ុន SkyDrive រំពឹងថា នឹង​អាច​ដាក់លក់ SD-០៣ ចាប់ពី​ឆ្នាំ ២០២៥៕

 

Advertisement