កប៉ាល់​ដឹក​ឧស្ម័ន​រាវ​ធំជាងគេ​បង្អស់​លើ​លោក ត្រូវបាន​ប្រគល់​ដល់​អ​តិ​ថិ​ជន

កប៉ាល់ Harzand មាន​បណ្ដោយ 230 ម៉ែត្រ អាច​ផ្ទុក​ឧស្ម័ន​រាវ​បាន 93,000 ម៉ែត្រគូប ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន​មួយ​របស់​សិង្ហ​បុរី​កាលពី​ថ្ងៃ​ពុធ​កន្លង។

កប៉ាល់​ដឹក​ឧស្ម័ន​រាវ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែល​អាច​ដឹក​ឧស្ម័ន​រាវ​បាន​រហូតដល់ 93,000 ម៉ែត្រគូប ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន Singapore Petredec នៅ​សៀង​ហៃ ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី 26 មេសា 2023 នេះ​បើតាម CCTV ។

កប៉ាល់ Harzand ដែលមាន​បណ្ដោយ 230 ម៉ែត្រ ទទឹង 36.6 ម៉ែត្រ ត្រូវបាន​អភិវឌ្ឍ និង​ផលិត​ដោយ​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Jiangnan Shipyard នៅ​ប្រទេស​ចិន។

កប៉ាល់​នេះ​អាច​បើកបរ​ក្នុង​ល្បឿន 30.5 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើ​ឧស្ម័ន​ធម្មជាតិ​រាវ និង​ប្រេងឥន្ធនៈ​ធម្មតា។ Harzard អាចធ្វើ​ដំណើរ​បាន​ចម្ងាយ 42,600 គីឡូម៉ែត្រ មុននឹង​អស់​ប្រេងឥន្ធនៈ។

«ដើម្បី​សាងសង់​កប៉ាល់​នេះ យើង​បាន​ប្រើប្រាស់​ដែកថែប​សម្រាប់​សីតុណ្ហភាព​ទាប ចំនួន​ជាង 10,000 តោន ដែល​ស្មើនឹង 1/3 នៃ​កប៉ាល់​ទាំងមូល» លោក Hu Keyi ប្រធាន​ក្រុមប្រឹក្សា​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​របស់​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Jiangnan ឱ្យដឹង​ដូច្នេះ។

យោងតាម​លោក Hu ការប្រើប្រាស់​ដែកថែប​ប្រភេទ​នេះ​ជួយ​កាត់បន្ថយ​ការចំណាយ​សម្រាប់​ការផលិត និង​ងាយស្រួល​ក្នង​ការរក​ទិញ ព្រោះ​វា​ត្រូវបាន​ផលិត​ក្នុងស្រុក។

កប៉ាល់ Harzand មាន​បណ្ដោយ 230 ម៉ែត្រ ទទឹង 36.6 ម៉ែត្រ អាច​ដឹក​ឧស្ម័ន​រាវ​បាន​ 93,000 ម៉ែត្រគូប

លោក Wei Xiaoyong ប្រធាន​ផ្នែក​ផលិតកម្ម​បញ្ជាក់ថា ដើម្បី​អាចឱ្យ​កប៉ាល់ Harzand ដំណើរការបាន​ភ្លាម​បន្ទាប់ពី​បានប្រគល់ ក្រុមហ៊ុន​ផលិត​បានធ្វើ​ការសាកល្បង​ដំណើរការ​គ្រប់យ៉ាង​នៅលើ​កប៉ាល់ ក៏ដូចជា​ការបើកបរ​លើ​សមុទ្រ​នៅក្នុងពេល​តែមួយ។

បច្ចុប្បន្ន ក្រុមហ៊ុន​សាងសង់​កប៉ាល់ Jiangnan កាន់កាប់​ចំណែក​ទីផ្សារ​សកល​ជិត 25% នៅក្នុង​វិស័យ​សាងសង់​កប៉ាល់​ដឹក​ឧស្ម័ន​រាវ​ខ្នាត​ធំ៕

 

Advertisement