គម្រោង​អភិវឌ្ឍ​កម្មវិធី (APP) ​តាម​ដាន​​ប្រសិទ្ធ​ភាព​​នៃ​​ការ​សាង​សង់​​ផ្លូវ​​របស់​​ក្រសួង​​សាធារណការ​ ត្រូវ​បាន​​ជំរុញ​​បន្ថែម

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ពិនិត្យ​លទ្ធភាព​អភិវឌ្ឍ​កម្មវិធី (App) សម្រាប់​តាមដាន និង​គ្រប់គ្រង​ទិន្នន័យ នៃ​ការអនុវត្តន៍​គម្រោង​ស្ថាបនា និង​វាយតម្លៃ​លើ​ការអនុវត្តន៍​គម្រោង​នៅតាម​ការដ្ឋាន​សាងសង់។ល។

កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​រៀបចំ​អភិវឌ្ឍ​កម្មវិធី (App) ខាងលើនេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នៅ​ទីស្តីការក្រសួង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ស៊ុន ចាន់ថុល​ដែលជា​រដ្ឋមន្ត្រី ដោយមាន​ការ ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ក្រុមការងារ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង និង​មន្ត្រី​ជំនាញ​មកពី​អង្គភាព​ក្រោម​ឱវាទ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកវិទ្យា​ព័ត៌មាន របស់​ក្រសួង ពិនិត្យ កែសម្រួល និង​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បីឱ្យ​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​កម្មវិធី​នេះ​អាច​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក។

កម្មវិធី​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ពិនិត្យ​លទ្ធភាព​អភិវឌ្ឍ​នេះ មាន​ឈ្មោះថា «គម្រោង PR Care»។ កម្មវិធី​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការតាមដាន គ្រប់គ្រង​ទិន្នន័យ​នៃ​ការអនុវត្តន៍​គម្រោង​ស្ថាបនា វាយតម្លៃ​មធ្យោបាយ​នៃ​ការអនុវត្តន៍​គម្រោង​នៅតាម​ការដ្ឋាន​នានា ក្នុងនោះ​រួមទាំង​ទិន្នន័យ​ស្ដីពី​ធនធានមនុស្ស សម្ភារៈ​គ្រឿងចក្រ និង​របាយការណ៍​វឌ្ឍនភាព​ការងារ ចាប់តាំងពី​ពេល​បើក​ការដ្ឋាន​សាងសង់ រហូត​ដល់ពេល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់៕

Advertisement