ប្រព័ន្ធបណ្ដាញសេវា 5G នឹងដាក់ឱ្យដំណើរការចុងឆ្នាំនេះនៅកម្ពុជា

ខណៈដែលប្រព័ន្ធបណ្ដាញសេវា 4G ទើបត្រូវបានក្រុមហ៊ុនទូរស័ព្ទធំៗមួយចំនួនដាក់ឱ្យដំណើរការបានជាងមួយឆ្នាំនៅតាមតំបន់សំខាន់ៗទូទាំងប្រទេសរួចមកនោះ ប្រព័ន្ធបណ្ដាញសេវា 5G ថ្មីត្រូវបានក្រុមហ៊ុនក្នុងស្រុកមួយប្រកាសថា នឹងដាក់ឱ្យដំណើរការសាកល្បងជាលើកដំបូងនៅចុងឆ្នាំ 2017 នេះ។

ថ្លែងឱ្យដឹងកាលពីព្រឹកថ្ងៃទី27 ខែកក្កដា ឆ្នាំ2017 លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាតបានឱ្យដឹងថា ក្រុមហ៊ុននឹងត្រៀមនាំយកនូវបណ្ដាញសេវា 5G សម្រាប់បើកដំណើរការសាកល្បងនៅដើមខែធ្នូខាងមុខនេះ។ ការសាកល្បងនេះ សែលកាតនឹងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួនទៀត ហើយបើគម្រោងនេះទទួលបានជោគជ័យ ក្រុមហ៊ុននឹងធ្វើការពង្រីកបន្ដទៅតាមបណ្ដាខេត្តធំៗទូទាំងប្រទេសតែម្តង។

លោកបន្តថា សែលកាត បានក្លាយជាបណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតក្នុងការធ្វើតេស្តល្បឿនអ៊ីនធើណិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ2017 ដោយល្បឿនអ៊ីនធើណិតជាមធ្យម 13.81 Mbps (ល្បឿនអាប់ឡូតជាមធ្យម 11.91Mbps និងល្បឿនដោនឡូត 14.77 Mbps)។

សមិទ្ធផលនេះគឺដោយសារការប្រឹងប្រែងក្នុងការកែលម្អគុណភាពសេវារបស់ក្រុមហ៊ុនដោយបានបង្កើនចំនួនទីតាំងអង់តែន 4G ពី200អង់តែនក្នុងឆ្នាំ2016 កើនរហូតដល់ 2000 អង់តែននាពេលបច្ចុប្បន្ន និងគ្រោងបង្កើនរហូតដល់ 3000 អង់តែនក្នុងដំណាច់ឆ្នាំនេះ។

ប្រព័ន្ធសេវាថ្មីនេះ ក្រុមហ៊ុនបានសហការជាមួយនឹងក្រុមហ៊ុន Nokia ក្នុងការបំពាក់បច្ចេកវិទ្យា IP Edge Routers ដែលជាផលិតផល 7750 Service Router (SR) ដែលជួយឱ្យសែលកាតត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា 5G និង Internet of Things (IOT) ហើយនិងការបំពាក់Nokia 9500 Microwave Packet Radio ជំនួសឱ្យ Microwave Transport Network ចាស់ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់អ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា៕

Advertisement