(វីដេអូ)-នាវា​ទេសចរណ៍​ខ្នាត​យក្ស ដែល​អាច​ហោះ​ក្នុង​ល្បឿន ១១០ គីឡូម៉ែត្រ/ម៉ោង

(អ៊ីតាលី)-នាវា​ទេសចរណ៍​ខ្នាត​យក្ស Air Yacht ដែលមាន​បណ្ដោយ ១៥០ ម៉ែត្រ រួមមាន បា​ឡុងធំៗចំនួន ២ និង​បន្ទប់​ស្នូល​នៅ​កណ្ដាល ត​ភ្ជាប់​គ្នា​ដោយ​ស្ពាន​ថ្មើរជើង។

ក្រុមហ៊ុន​អ៊ីតាលី Lazzarini បាន​បង្ហើប​ឱ្យដឹង​អំពី​គម្រោង​អភិវឌ្ឍ​យាន​ថ្មី​ដែលមាន​ឈ្មោះថា Air Yacht មាន​សមត្ថភាព​ធ្វើដំណើរ​ទាំង​នៅលើ​ទឹក និង​នៅលើ​អាកាស។ Ari Yacht នឹង​ត្រូវបាន​អភិវឌ្ឍ​សម្រាប់​បុគ្គល​ដែល​ចូលចិត្ត​នាវា​លំដាប់​ខ្ពស់ និង​ការអភិវឌ្ឍ​អាកាសចរណ៍។

Air Yacht នឹង​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​ប្រើប្រាស់​សរសៃ​កាបូន ជាមួយនឹង​បណ្ដោយ​ប្រមាណ ១៥០ ម៉ែត្រ និង​ទទឹង ៨០ ម៉ែត្រ។ បា​ឡុង​ទាំង ២ របស់ Air Yacht ផ្ទុក​ឧស្ម័ន អេ​ល្យូ​ម ៤០០,០០០ ម៉ែត្រគូប និង​មាន​ម៉ូ​ទ័​រ​ចំនួន ៨ គ្រឿង ដែល​ប្រើប្រាស់​អាគុយ​ប្រភេទ​ស្រាល និង​ផ្ទាំង​សូ​ឡា។ យាន​នេះ​អាច​ហោះ​ក្នុង​ល្បឿន ១១០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រយៈពេល ៤៨ ម៉ោង។

ក្នុង Air Yacht មាន​បន្ទប់​គេង ម៉ាស៊ីន​បោកគក់ អនុញ្ញាតឱ្យ​ភ្ញៀវ​អាច​ស្ថិតនៅលើ​យាន​ច្រើន​ថ្ងៃ។ យាន​នេះ​ក៏មាន​បង្អួច និង​ទី​សម្រាប់​គយគន់​ទេសភាព​នៃ​រលក​ទឹក​ពេល​ចល័ត​លើ​សមុទ្រ ឬ​ស្រូបយក​ខ្យល់អាកាស​នៅពេល​ហោះ​លើ​កម្ពស់ ១,៥០០ ម៉ែត្រ។

បា​ឡុង​រាង​ទ្រវែង​ទាំង ២ ត​ភ្ជាប់​នឹង​បន្ទប់​ស្នូល​នៅ​ចំ​កណ្ដាល​ដោយ​ស្ពាន​ថ្មើរជើង​ចំនួន ។ ទូ​ស្នូល​ដែលជា​ទីតាំង​រួម មាន អាង​ហែល​ទឹក លម្ហ​សម្រាប់​សកម្មភាព​សាធារណៈ សាល​សម្រាប់​ភ្ញៀវ​ជួបជុំគ្នា​ដើម្បី​បន្ធូរ​អារម្មណ៍​និង​ទទួលទាន​អាហារ។ នៅលើ​ដំបូល​របស់​វា​ក៏មាន​ទីលាន​សម្រាប់​ឧ​ត្ថ​ម្ភា​គ​ចក្រ​ចុះចត​ផងដែរ។

Air Yacht បន្ទាបខ្លួន​ដោយ​ប្រើប្រាស់​ម៉ូ​ទ័​រ និង​អាច​ចត​ដោយ​ប្រព័ន្ធ​ចូល​ចត និង​ប្រព័ន្ធ​បន្ថយ​សម្ពាធ​អេ​ល្យូ​ម។ វា​ក៏​អាចធ្វើ​ដំណើរ​លើ​ផ្ទៃ​ទឹក​ក្នុង​ល្បឿន ៩ គីឡូម៉ែត្រ/ម៉ោង ប្រកបដោយ​ភាពរលូន៕

Advertisement