(វីដេអូ)-ម៉ូតូ​អគ្គិសនី​ប្រភេទ​ជ័រកៅស៊ូ អាច​សប់​ខ្យល់​បំប៉ោង និង​បត់​ដាក់​ក្នុង​វ៉ាលិស

(ជប៉ុន)-ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ បាន​បង្កើត​គំរូ​ម៉ូតូ​ប្រភេទ​ជ័រកៅស៊ូ បូម​ខ្យល់ និង​ប្រើ​ថាមពល​អគ្គិសនី សម្រាប់​ការធ្វើដំណើរ​ផ្លូវ​ជិត អាច​រត់​បាន ៩០ នាទី បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។

គំរូ​ម៉ូតូ​ដែលមាន​ឈ្មោះថា Poimo នេះ អាច​បត់​ដាក់​ចូលក្នុង​វ៉ាលិស និង​អាច​សប់​ខ្យល់​បំប៉ោង​ដើម្បី​ប្រើប្រាស់។ ម៉ូតូ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ជិត​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​តូ​ក្យូ របស់ ជប៉ុន។

Hiroki Sato អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ថ្លែងថា៖ «ដំបូង​ឡើយ ខ្ញុំ​បានគិត​ដល់​ការអភិវឌ្ឍ​ឧបករណ៍​មួយ​ដែល​អាច​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ក្នុងដំណាក់កាល​ចុងក្រោយ ឬ​គម្លាត​ពី​ចំណត​រថភ្លើង ទៅកាន់​កន្លែងធ្វើការ ក្នុង​គ្រា​ពិបាក​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ។

រយៈពេល​នៃ​ការ​សប់​ខ្យល់​បំប៉ោង​ម៉ូតូ​ដែលមាន​ទម្ងន់ ១០ គីឡូក្រាម នេះ គឺ​ត្រឹមតែ ២ នាទី​ប៉ុណ្ណោះ។ ម៉ូតូ​នេះ​អាច​រត់​ក្នុង​រយៈពេល ៩០ នាទី បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​ពេញ។ រូបរាង​របស់​វា​ក៏​អាច​ត្រូវបាន​កែប្រែ​ទៅជា​ទម្រង់ផ្សេង។

លោក Hiroki Sato បន្តថា លោក​សង្ឃឹមថា នឹង​បង្កើត​មធ្យោបាយ​ធ្វើដំណើរ​មួយ​ដែល​អាច​ប្ដូរ​រូបរាង​ទៅតាម​បំណងប្រាថ្នា មានដូចជា រូបរាង​ដែល​សមស្រប​នឹង​កម្ពស់​របស់​អ្នកប្រើប្រាស់​ជាដើម ដើម្បី​អាច​ផ្គត់ផ្គង់​ដល់​មនុស្ស​គ្រប់គ្នា៕

Advertisement