ម៉ាស​ពិសេស បញ្ចេញ​ពន្លឺ​នៅពេល​មាន​វត្តមាន​ វីរុស​កូ​វីដ-១៩

(ជប៉ុន)-ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ម៉ាស​ប្រភេទ​ថ្មី​មួយ ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​ដែល​បានមកពី​សត្វ​អូទ្រីស ដែល​អាច​រកឃើញ​វីរុស​កូ​វីដ-១៩ ដោយ​ការបញ្ចេញ​ពន្លឺ​ក្រោម​កាំរស្មី​អ៊ុ​ល​ត្រា​វី​យោ​ឡេ (UV) ដែល​នេះ​អាចជួយ​ឱ្យ​ការធ្វើ​តេស្ត​នៅផ្ទះ​ដោយ​ចំណាយ​ថវិកា​ទាប។

ប្រភេទ​ម៉ាស​មិន​ត្បាញ​ថ្មី​នេះ មាន​ស្រទាប់​ដែល​គ្របដណ្ដប់​ដោយ​អង្គ​ប​ដិ​ប្រាណ​របស់​សត្វ​អូទ្រីស និង​អាច​រកឃើញ​វីរុស​កូ​វីដ-១៩ ដោយយោង​ទៅតាម​ការស្រាវជ្រាវ​កន្លងមក ដែល​បង្ហាញថា សត្វ​នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រឆាំងនឹង​ជំងឺ។

អង្គ​ប​ដិ​ប្រាណ​នេះ​ត្រូវបាន​យក​ពី​ស៊ុត​សត្វ​អូទ្រីស​ដែល​បាន​ចាក់​វីរុស​កូ​វីដ-១៩ អកម្ម។ អង្គ​ប​ដិ​ប្រាណ​ត្រូវបាន​បញ្ជូន​ទៅកាន់​កូន​សត្វ​អូទ្រីស តាមរយៈ​ស៊ុត​ក្រហម។ អង្គ​ប​ដិ​ប្រាណ​នេះ​ក៏​កើត​នៅលើ​សត្វ​អូទ្រីស លឿន​ជាង (៦ សប្ដាហ៍) ធៀប​នឹង​នៅលើ​សត្វ​មាន់ (១២ សប្ដាហ៍)។

នៅក្នុង​ការពិសោធ​មួយ​របស់​សាស្ត្រាចារ្យ Yasuhiro Tsukamoto និង​សហការី ប្រចាំ​សាកលវិទ្យាល័យ​ក្យូ​តូ នៅ ជប៉ុន ក្រុម​អ្នកស្ម័គ្រចិត្ត​បាន​ពាក់​ម៉ាស​ក្នុង​រយៈពេល ៨ ម៉ោង មុនពេល​ស្រទាប់​ច្រោះ​ខាងក្រៅ​ត្រូវបាន​យកចេញ និង​បាញ់​គីមី​បញ្ចេញ​ពន្លឺ​ក្រោម​រស្មី UV។ ម៉ាស​ដែល​ត្រូវបាន​ពាក់​ដោយ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ បញ្ចេញ​ពន្លឺ​ត្រង់​ច្រមុះ និង​មាត់។

អង្គបដិប្រាណ​ដែល​យក​ពី​ស៊ុត​របស់​សត្វ​អូទ្រីស

ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​បានឱ្យដឹងថា អំពូល​ភ្លើង LED របស់​ទូរស័ព្ទ​ឆ្លាត​វៃ ក៏​អាច​ប្រើប្រាស់​ដើម្បី​ស្វែងរក​វីរុស​នៅលើ​ម៉ាស​ពិសេស​នេះ​ផងដែរ ដែល​នេះ​អនុញ្ញាតឱ្យ​គ្រប់គ្នា​អាចធ្វើ​តេស្ត​ដោយ​ខ្លួនឯងបាន​ទូលំទូលាយ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា អាច​អភិវឌ្ឍ​ម៉ាស​ថ្មី ដើម្បីឱ្យ​ផលិតផល​នេះ​អាច​បញ្ចេញ​ពន្លឺ​ដោយ​ឯកឯង មិនចាំបាច់​ប្រើ​អំពូល​ភ្លើង​ពិសេស។ នេះ​គឺជា​ប្រភេទ​នៃ​ការធ្វើ​តេស្ត​ដំបូង​ប្រកបដោយ​ភាព​ឆាប់រហ័ស និង​ផ្ទាល់​ជាង បើ​ធៀប​នឹង​ការធ្វើ​តេស្ត PCR។

ម៉ាស​បញ្ចេញ​ពន្លឺ​ក៏​អាច​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីដ-១៩ ដែល​មិនមាន​រោគសញ្ញា​ផងដែរ។ ការពិសោធ​របស់​សាស្ត្រាចារ្យ Tsukamoto និង​សហការី ត្រូវបាន​ធ្វើឡើង​រយៈពេល ១០ ថ្ងៃ នៅលើ​អ្នកជំងឺ​កូ​វីដ-១៩ ស្ម័គ្រចិត្ត​ចំនួន ៣២ នាក់។

នៅលើ​ម៉ាសពិសេស​នេះ​ ទីតាំង​ដែល​បញ្ចេញ​ពន្លឺ​ គឺ​មាន​ន័យ​ថា មាន​វត្តមាន​របស់​ វីរុស​កូវីដ-១៩

ក្រុម​ខាងលើ​បានដាក់​ពាក្យសុំ​ប័ណ្ណ​ប៉ាតង់​សម្រាប់​គំរូ​ម៉ាស​ពិសេស​នេះ​រួចហើយ។ ពួកគេ​ក៏បាន​រៀប​ផែន​ការធ្វើ​ពាណិជ្ជកម្ម ដោយ​ការលក់​នៅ ប្រទេស​ជប៉ុន និង​នៅក្រៅ​ប្រទេស ចាប់ពី​ឆ្នាំក្រោយ៕

Advertisement