គន្លង​តារាវិថី​ផែនដី​កំពុង​ប្រែ​ជា​​ «ខ្វះសុវត្ថិភាព»​ ដោយ​សារ​សំរាម​

សុវត្ថិភាព​នៃ​គន្លង​គោចរ​របស់​ផែនដី​កំពុង​ប្រែទៅ​ជា​អន់ថយ​ដោយ​សារ​តែ​មាន​ផ្កាយ​រណប​ច្រើន​ពេក​កំពុង​ធ្វើ​សកម្មភាព​ ប្រៀប​បាន​ទៅ​នឹង​ផ្លូវ​ល្បឿន​នៅ​ពេល​មាន​ចរាចរណ៍​មមាញឹក ហើយ​រថយន្ត​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ដំណើរ​ក្នុងល្បឿន​លឿន​។

កាល​ពី 10 ឆ្នាំ​មុន​ នៅ​លើ​គន្លង​គោចរជុំវិញ​​ផែនដី មាន​ផ្កាយ​រណប​ប្រហែល 1,000 គ្រឿង​ប៉ុណ្ណោះ​ ប៉ុន្តែ 10 ឆ្នាំ​បន្ទាប់​ទៀត​​ តួលេខ​នេះ​អាច​ឡើង​ដល់​រាប់​សែន​គ្រឿង​។ កាល​ពី​ច្រើន​ឆ្នាំ​កន្លង ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា គន្លង​តារាវិថិ​ផែនដី​កំពុង​ប្រែ​ទៅ​ជា​មមាញឹក​។ ដូច្នេះ​តើ​មនុស្ស​លោក​អាច​បាញ់​បង្ហោះ​ផ្កាយ​រណប​ប៉ុន្មាន​គ្រឿង​ មុន​ពេលគន្លង​គោចរ​ជុំវិញ​ផែនដី​បាត់​បង់​សុវត្ថិភាព​?

«ស្ថានភាព​នឹង​ដូច​ទៅ​នឹង​ផ្លូវ​ល្បឿន​លឿន​ក្នុង​ម៉ោង​មមញឹក​ ក្រោម​ព្យុះ​ព្រឹល ហើយ​គ្រប់​គ្នា​សុទ្ធ​តែ​បើក​បរ​រថយន្ត​ក្នុង​ល្បៀន​លឿន​ជ្រុល​។ ប៉ុន្តែ​ចំណុច​ខុស​គ្នា​គឺ​ថា នឹង​មាន​ផ្លូវ​ល្បឿន​លឿន​ច្រើន​ដែល​ឆ្លង​កាត់​គ្នា​ដោយ​មិន​មាន​ភ្លើង​ចរាចរណ៍​» Jonathan McDowell អ្នក​វិទ្យា​សាស្ត្រ​ប្រចាំ​មជ្ឈមណ្ឌល​រូប​វិទ្យា​តារា​សាស្ត្រ​ Harvard-Smithsonian និយាយ​ពី​ស្ថានភាព​នៃ​​គន្លង​គោចរផែនដី​ បើ​សិន​គម្រោង​ប្រព័ន្ធ​ផ្កាយ​រណប​របស់​ SpaceX, OneWeb និង Amazon ក្លាយ​​ជា​ការ​ពិត​។

យោង​តាម SpaceX ផ្កាយ​រណប​ Starlink នីមួយ​ៗ​ក្នុង​ចំណោម 4,000 គ្រឿង​ដែល​ SpaceX បាន​បាញ់​បង្ហោះ រហូត​មក​ដល់​ពេល​នេះ​ ​បាន​ធ្វើ​ការ​បញ្ចៀស​ការប៉ះគ្នា​ដោយ​ស្វ័យ​ប្រវត្ត ជា​មធ្យម 12 លើក​រួច​ទៅ​ហើយ​។

ក៏ប៉ុន្តែ ចំនួន​ Starlink បច្ចុប្បន្ន មិន​ទាន់​ស្មើ​នឹង 10% នៅ​ឡើយ បើ​ធៀប​នឹង​ចំនួន​ដែល SpaceX គ្រោង​នឹង​ដាក់​ពង្រាយ​លើ​គន្លង​គោចរ​ផែនដី​។ ក្នុង​ 10 ឆ្នាំ​ទៅ​មុខ ចំនួនផ្កាយ​រណប​ Starlink នៅ​លើ​គន្លង​តារាវិថី​របស់​ផែនដី​អាច​កើន​ដល់​ 42,000 គ្រឿង​។ ក្រៅ​ពី​នេះ គន្លង​គោចរ​ផែន​ដី​ក៏​នឹង​មាន​ផ្កាយ​រណប 4,000 គ្រឿង​របស់ OneWeb, 3.200 គ្រឿងរបស់​ Amazon និង 13,000 គ្រឿង​ក្នុង​ប្រព័ន្ធ​ Guowang របស់​ចិន​បន្ថែម​ទៀត​។ នេះ​មិន​ទាន់​និយាយ​ដល់​ផ្កាយ​រណប​នានា​របស់​បណ្ដា​ប្រទេស​លើ​ពិភព​លោក​។

ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប (ESA) បាន​ឱ្យដឹង​ថា តំបន់​អវកាស​ក្បែរ​ផែនដីមាន​សំរាម​អវកាស​ប្រហែល 36,000 ដុំដែល​មាន​ទំហំ​ធំជាង​ 10 សង់ទីម៉ែត្រ​, ប្រហែលមួយ​លាន​ដុំ​មាន​ទំហំ​ចាប់​ពី 1 ដល់ 10 សង់ទីម៉ែត្រ និង​ 130 លាន​ដុំ​តូច​ជាងមួយ​សង់ទីម៉ែត្រ​។ ជាង​នេះ​ទៀត សំរាម​អវកាស​តូច​ៗ​នឹង​បន្ត​កើន​ឡើង​នៅ​ពេល​សំរាម​ធំ​ហោះ​បុក​គ្នា​ក្នុង​ល្បឿន​លឿន​។

កម្រិត​នៃ​គ្រោះ​ថ្នាក់​ដោយ​សារ​សំរាមអវកាស​​គឺ​អាស្រ័យ​លើ​កម្ពស់​របស់​ពួក​វា​។ លោក McDowell និយាយ​ថា «ពី 5 ទៅ​ 10 ឆ្នាំ​ទៀត​ មនុស្ស​យើង​នឹង​មាន​ផ្កាយរណប​ប្រហែល​ពី 20,000 ទៅ 100,000 គ្រឿង។ ខ្ញុំ​សង្ស័យ​ថា គ្រប់​យ៉ាង​នឹង​អាច​ត្រូវ​បាន​ដំណើរ​ការ​ដោយ​មិន​មាន​សុវត្ថិភាព​»៕

Advertisement