(វីដេអូ)-អនាគត ទូរស័ព្ទ​ឆ្លាត​វៃ​នឹង​លែងមាន​គេ​ប្រើ​ច្រើន ព្រោះតែ​វា​ត្រូវបាន​ជំនួស​ដោយ​ឧបករណ៍​មហា​ឆ្លាត​វៃ

មួយ​ក្នុងចំណោម​ការ​ព្យាករ​អំពី​អនាគត​របស់​ឧបករណ៍​បច្ចេកវិទ្យា ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ក្រុម​អ្នកជំនាញ នោះ​គឺថា ដល់​ឆ្នាំ 2030 ទូរស័ព្ទ​នឹង​លែង​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​ដូច​បច្ចុប្បន្ន ហើយ​វា​ត្រូវបាន​ជំនួស​ដោយ​ឧបករណ៍​ទំនាក់ទំនង​ដែល​ទំនើប​ជាង​នេះ ដូចជា​វ៉ែនតា​ឆ្លាត​វៃ​ជាដើម។

Google Glass គឺជា​វ៉ែនតា​ឆ្លាត​វៃ​ដំបូង​គេ​មួយ​របស់​ពិភពលោក ដោយ​ត្រូវបាន​ផលិតឡើង​កាលពី​ឆ្នាំ 2013 ដោយ​ក្រុមហ៊ុន Google របស់ អាមេរិក។ ប៉ុន្តែ ឧបករណ៍​នេះ កាលណោះ​នៅមាន​រូបរាង​ចម្លែក និង​មិនទាន់​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងក្លា​នៅឡើយ ទើប​មិនមាន​ការគាំទ្រ​ច្រើន។

ក៏ប៉ុន្តែ បន្ទាប់ពី​មាន​ក្រុមហ៊ុន​កាន់តែច្រើន ចូលរួម​ប្រកួតប្រជែង​ក្នុងការ​អភិវឌ្ឍ និង​ផលិត​វ៉ែនតា​ឆ្លាត​វៃ AR (Augmented reality) និង VR (Virtual reality) អនាគត​នៃ​ទីផ្សារ​វ៉ែនតា​ឆ្លាត​វៃ ក៏ត្រូវ​បាន​គេ​មើលឃើញ​កាន់តែច្បាស់។

ក្នុងចំណោម​ក្រុមហ៊ុន​ដែល​កំពុង​ចាប់ផ្ដើម​ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា​វ៉ែនតា​ឆ្លាត​វៃ គេ​ឃើញថា Meta (ឈ្មោះ​ថ្មី​របស់​ក្រុមហ៊ុន Facebook) បានចាប់ផ្ដើម​តាម​ចាប់​បច្ចេកវិទ្យា​ចក្រវាល​និម្មិត ដែល​ក្រុមហ៊ុន​នេះ​ហៅថា metaverse ដោយ​ប្រើប្រាស់​វ៉ែនតា​ឆ្លាត​វៃ​ជា​គោល។ ចំណែក Apple ក៏​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​វ៉េ​នតា AR ដោយឡែក និង​អាច​ចេញលក់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ក្រៅពីនេះ​ក៏​នៅមាន​ក្រុមហ៊ុន​លំដាប់​យក្ស​ជាច្រើន​ផ្សេងទៀត បានបង្ហាញ​មហិច្ឆតា​របស់ខ្លួន ទាក់ទង​នឹង​បច្ចេកវិទ្យា​នេះដែរ មានដូចជា​ក្រុមហ៊ុន Microsoft ជាដើម។

បច្ចុប្បន្ន វ៉ែនតា​ឆ្លាត​វៃ ត្រូវ​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​មេ​រប​ស់វា មានដូចជា​ទូរស័ព្ទ​ឆ្លាត​វៃ​ជាដើម ទើប​អាច​ដំណើរការ​បានល្អ 100%។ នាពេលខាងមុខ នៅពេល​បច្ចេកវិទ្យា​បាន​រីកចម្រើន​ខ្លាំង រាល់​កម្មវិធី និង​ឧបករណ៍​ទាំងឡាយ​ដែល​នៅលើ​ទូរស័ព្ទ​ឆ្លាត​វៃ នឹង​ត្រូវបាន​ប្រមូល​ដាក់ចូល​ទៅក្នុង​វ៉ែនតា​ឆ្លាត​វៃ​មិនខានឡើយ៕

Advertisement