មនុស្ស​យន្ត​របស់ អាមេរិក អាច​ហក់ ​លោត​ដូច​អត្ត​ព​លិ​ក parkour (វីដេអូ)

រ៉ូ​បូត​ជើង​ពីរ កម្ពស់ 150 ស.ម និង​ទម្ងន់ 86 គីឡូក្រាម ឈ្មោះ Atlas មាន​សមត្ថភាព​អាចធ្វើ​សកម្មភាពពិបាកៗដែល​មនុស្ស​ជាច្រើន​មិនអាច​ធ្វើបាន ដូចជា​ការ​លោត រត់ ដើរ​លើ​កំណាត់ឈើ និង​លោត​ដាំ​ក្បាល​ត្រលប់​ក្រោយ​ជាដើម។

ក្រុមហ៊ុន​អភិវឌ្ឍ​រ៉ូ​បូត Boston Dynamics (អាមេរិក) កាលពី​ថ្ងៃទី 17 សីហា បាន​បញ្ចេញ​វីដេអូ​មួយ​បង្ហាញ​អំពី រ៉ូ​បូត Atlas សម្ដែង​កីឡា parkour ប្រកបដោយ​ភាព​ស្ទាត់ជំនាញ។ ពួកវា​ផ្លាស់​ទី​ឆ្លងកាត់​ឧបសគ្គ​បាន​យ៉ាង​ល្អ ក្នុងនោះ​ក៏មាន​កាយវិការ​ស្របគ្នា ដូច​ជាការ​បង្វិលខ្លួន និង​លោត​ដាំ​ក្បាល​ត្រលប់​ក្រោយ​ផងដែរ។

លទ្ធផល​នៃ​ការអភិវឌ្ឍ​ខាងលើនេះ ជួយ​ឱ្យ​រ៉ូ​បូត អាច​ដើរ ឬ​រត់​នៅលើ​សណ្ឋាន​ដី​គ្រប់​ប្រភេទ និង​ធ្វើការ​គ្រប់យ៉ាង​នាពេល​អនាគត។ នេះ​បើតាម Scott Kuindersma ប្រធាន​ក្រុម​អភិវឌ្ឍ Atlas ប្រចាំ​ក្រុមហ៊ុន Boston Dynamics។

លោក Scott Kuindersma និយាយថា៖ «ការងារ​ដែល​យើង​កំពុង​ធ្វើ តាមពិត​គ្រាន់តែ​ជាការ​កសាង​មូលដ្ឋានគ្រឹះ​ប៉ុណ្ណោះ»។

Atlas គឺជា​រ៉ូ​បូត​ដែលមាន​រូបរាង​ស្រដៀង​មនុស្ស មាន​កម្ពស់​ប្រហែល 150 សង់​ទី​មែត្រ និង​ទម្ងន់ 86 គីឡូក្រាម។ វា​ត្រូវបាន​បំពាក់​អាគុយ​ស្ងួត, កាមេរ៉ា RGB, អង្គ​ញាណ​វាស់​ជម្រៅ រួម​នឹង​កុំព្យូទ័រ​ចំនួន​បី​គ្រឿង។

ក្រុមហ៊ុន​ខាងលើ​ក៏បាន​បញ្ចេញ​វីដេអូ​ក្រៅ​ឆាក​បង្ហាញថា រ៉ូ​បូត មិនមែន​ចេះតែ​អាច​សម្ដែង​ដោយ​ជោគជ័យ​ក្នុង​គ្រា​ដំបូង​នោះទេ។ «ពួក​រ៉ូ​បូត ធ្លាប់បាន​ដួល​ជាច្រើនលើក ហើយ​ពេលខ្លះ​ធ្វើឱ្យ​យើង​ធុញ និង​អស់សង្ឃឹម​ផងដែរ» លោក Benjamin Stephens ប្រធាន​ផ្នែក​ប្រព័ន្ធ​បញ្ជា​របស់ Atlas រៀបរាប់។

Atlas ដួល​បះជើង​ ក្នុង​ពេល​ហាត់​ parkour

លោក Benjamin Stephens ឱ្យដឹងថា ប្រការនេះ​គឺ​ដូច​ទៅនឹង​វីដេអូ​ស្ដីពី​កីឡា​ជិះ​ស្គី ឬ parkour ក្នុងនោះ អត្ត​ព​លិ​កបាន​ហាត់​រាប់សិប ឬ​រាប់រយ​លើក ទើប​អាចធ្វើ​បានល្អ ហើយ «យើង​ក៏​កំពុង​ធ្វើ​ដូច្នេះ​ជាមួយនឹង Atlas»។

ក្រុម​អ្នកវិទ្យាសាស្ត្រ ប្រចាំ Boston Dynamics បានចាប់ផ្ដើម​ឱ្យ​រ៉ូ​បូត​ពីរ​គ្រឿង ធ្វើ​សកម្មភាព​ដូច​អត្ត​ព​លិ​ក parkour ក្នុងពេល​តែមួយ តាំងពី​ពីរ​សប្ដាហ៍​មុន ហើយ​នេះ​គឺជា​លើកដំបូង​ដែល​ថត​សកម្មភាព​ពួកវា​ហាត់​រួមគ្នា នេះ​បើតាម Benjamin Stephens៕

Advertisement