យន្តហោះ​លក្ខណៈ​បុគ្គល បំពាក់​ស្លាប​កង្ហារ​ 33 គ្រឿង អាច​ហោះ​ឡើង​ត្រង់​ដូច​ឧទ្ធម្ភាគ​ចក្រ នឹង​ដាក់​លក់​ចាប់​ពី​ឆ្នាំ​ 2022

យន្តហោះ​ដែល​អាច​ហោះហើរ​ឡើង​ត្រង់នេះ មាន​កន្លែង​អង្គុយ​ចំនួន 1 និង​មាន​ល្បឿន 160 គម/ម៉ោង ហើយ​អាច​ហោះ​បាន​រយៈ​ចម្ងាយ 160 គីឡូម៉ែត្រ  ក្រោយ​ការបញ្ចូល​ថាមពល​ពេញ។

ក្រុមហ៊ុន ជប៉ុន Tetra Aviation បាន​តាំង​បង្ហាញ​ផលិតផល​ពាណិជ្ជកម្ម​ដំបូង​របស់ខ្លួន នៅឯ​ព្រឹត្តិការណ៍​​តាំង​ពិព័រណ៍ AirVenture របស់​សមាគម​យន្តហោះ​សាកល្បង (EAA) ដែល​ធ្វើឡើង​នៅ Oshkosh រដ្ឋ Wisconsin សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី 26 កក្កដា ដល់​ថ្ងៃទី 01 សីហា។ នោះ​គឺ​ម៉ូ​ដែល​យន្តហោះ​ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់ ដំណើរការ​ដោយ​អគ្គិសនី មាន​ឈ្មោះថា Mk5។ ក្រុមហ៊ុន​នេះ​សង្ឃឹមថា នឹង​អាច​ប្រគល់​ទំនិញ​ដល់​អតិថិជន ចាប់ពី​ឆ្នាំ 2022 តទៅ។

Mk5 គឺជា​យន្តហោះ​មាន​កៅអី​ចំនួន 1 គ្រឿង, កង្ហារ​យោង​ចំនួន 32 គ្រឿង និង​កង្ហារ​រុញ 1 គ្រឿង។ គ្រោងឆ្អឹង​របស់​យន្តហោះ​នេះ ភាគច្រើន​ធ្វើ​អំពី​អាលុយមីញ៉ូម រីឯ​សម្បក​ខាងក្រៅ​ធ្វើ​អំពី ប៉ូ​លី​មែរ (polymer) ដែល​ពង្រឹង​ដោយ​សរសៃ​កាបូន​ស្រាល និង​សរសៃ​អា​រ៉ា​ម (aramid)។

យន្តហោះ​គំរូ Mk5 បាន​ហោះហើរ​សាកល្បង​នៅ Oshkosh រួចហើយ។ កំណែ​គំរូ​នេះ ប្រើប្រាស់​អាគុយ 13.5 kWh ហើយ​ដងខ្លួន​របស់​វា មាន​ទទឹង 8.62 ម៉ែត្រ បណ្ដោយ 615 ម៉ែត្រ និង​កម្ពស់ 2.51 ម៉ែត្រ។ ទម្ងន់​ទទេ​របស់​វា​គឺ 488 គីឡូក្រាម ខណៈ​ទម្ងន់​ហោះហើរ​ជា​អតិបរមា​គឺ 567 គីឡូក្រាម ពោលគឺ​វា​អាច​ដឹក​មនុស្ស​ដែលមាន​ទម្ងន់ 79 គីឡូក្រាម ឬ​ស្រាល​ជាង​នេះ។

សម្រាប់​កំណែ​ពាណិជ្ជកម្ម​របស់ Mk5 ត្រូវបាន​ក្រុមហ៊ុន​អះអាងថា នឹងមាន​សមត្ថភាព​ខ្ពស់ជាង​នេះ ដោយ​វា​អាច​ដឹក​មនុស្ស​ដែលមាន​ទម្ងន់​យ៉ាងតិច 91 គីឡូក្រាម ហោះ​ក្នុង​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បាន​ក្នុង​រយៈ​ចម្ងាយ 160 គី​ឡី​ម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​អាគុយ​ពេញ។ អំពី​សុវត្ថិភាព​វិញ Tetra នឹង​ប្រើប្រាស់​ប្រព័ន្ធ​បញ្ជាការ​ហោះហើរ​បម្រុង​យ៉ាងតិច​ចំនួន 3 ដែលមាន​មានលទ្ធភាព​បែងចែក​អគ្គិសនី​ទៅឱ្យ​ស្លាប​កង្ហារ​យោង​ចំនួន 32 គ្រឿង សម្រាប់​បង្ការ​លើ​បញ្ហា​គាំងម៉ាស៊ីន ឬ​ប្រព័ន្ធ​បញ្ជាការ​ហោះហើរ​ណាមួយ​លែង​ដំណើរការ។ ក្នុងករណី​ចាំបាច់​បន្ទាន់ អ្នកបើកបរ​អាច​រំដោះ​ខ្លួន​ដោយ​សុវត្ថិភាព តាមរយៈ​ឆត្រយោង។

តាម​ផែនការ Tetra នឹងដាក់​លក់ Mk5 ក្រោមរូបភាព​យន្តហោះ​ដែល​អាច​ដំឡើង​ដោយ​អតិថិជន។ ម្ចាស់​យន្តហោះ អាច​បើក​បរបាន បើសិន​មាន​ប័ណ្ណបើកបរ​យន្តហោះ​លក្ខណៈ​បុគ្គល​នៅ សហរដ្ឋអាមេរិក។ យ៉ាងនេះ​ក្ដី តម្លៃ​របស់ Mk5 មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ៕

Advertisement