រ៉ុក្កែត​ដំបូង​លើ​ពិភព​លោក​ដែល​ប្រើ​ប្រាស់​​​ឥន្ធនៈ​ចម្រាញ់​​ពី​ធ្យូង​ថ្ម

រ៉ុក្កែត Tianlong-2 របស់ក្រុមហ៊ុនចិន Space Pioneer ត្រូវបានបាញ់បង្ហោះជោគជ័យជាលើកដំបូងកាលពីថ្ងៃទី 02 ខែមេសា 2023

រ៉ុក្កែត​ Tianlong-2 របស់​ក្រុម​ហ៊ុន​​ចិន​ Space Pioneer ត្រូវ​បាន​បាញ់​បង្ហោះ​​ជោគ​ជ័យ​ជា​លើក​ដំបូង​កាល​ពី​ខែ​មេសា​​ 2023 ដោយ​ប្រើ​ប្រាស់​​ឥន្ធនៈ​ជា​ប្រេង​សាំង​ kerosene ដែល​មាន​ប្រភព​ពី​ធ្យូង​ថ្ម​។

ឥន្ធនៈ​ថ្មី​របស់​ Space Pioneer ​ដំណើរ​ការ​ល្អ​ដូច​ទៅ​នឹង​ប្រេង​សាំង​យន្តហោះ​​ kerosene ធ្វើ​ពី​រ៉ែ​ប្រេង​។ អ្នក​ជំនាញ​ផ្នែក​អវកាស​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា វា​ផ្គត់​ផ្គង់​ថាមពល​សុវត្ថិភាព និង​ប្រសិទ្ធភាព​ដល់​វិស័យ​អវកាសចរណ៍​។ នេះ​បើ​តាម SCMP ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 25​ ឧសភា​។

ម៉ាស៊ីន​រ៉ុក្កែត​ទាម​ទារ​ឱ្យ​មាន​ឥន្ធនៈ​គុណភាព​ខ្ពស់ ហើយ​​ប្រេង​សាំង kerosene សម្រាប់​រ៉ុក្កែត​បច្ចុប្បន្ន អាច​ត្រូវ​បាន​ចម្រាញ់​តែ​ពី​ប្រេង​រ៉ែ​ដែល​មាន​គុណភាព​ខ្ពស់​តាម​រយៈ​ការ​ចម្រាញ់​ដ៏​ស្មុគ​ស្មាញ​។ ប្រភព​ឥន្ធនៈ​នេះ​តែង​តែ​បង្ក​ការ​លំបាក​ច្រើន​ នៅ​ពេល​ប្រទេស​ចិន​មាន​ប្រេង​ប្រភេទ​នេះ​ក្នុង​បរិមាណ​មាន​កំណត់​ ហើយ​​ប្រេង​រ៉ែ​ តែង​តែ​មាន​គុណភាព​មិន​ល្អ​។

ការ​បាញ់​បង្ហោះ​រ៉ុក្កែត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ kerosene ចម្រាញ់​ពី​ធ្យូង​ថ្ម ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សមិទ្ធផល​លេច​ធ្លោ​នៅ​ក្នុង​វិស័យ​អវកាស​។

ប្រេងសាំង kerosene សម្រាប់​យន្តហោះ​​ ដែល​មាន​ប្រភព​ពី​ធ្យូង​ថ្ម​ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ការ​សហការ​គ្នា​រវាង​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ចិត្ត​ រួម​មាន វិទ្យាស្ថាន​ស្រាវជ្រាវ​លេខ 165 របស់ CASC (ក្រុម​ហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​អវកាស​ចិន​), ក្រុម​ហ៊ុន​គីមី​ធ្យូង​រាវ​​នៃ​សាជីវកម្ម​បច្ចេក​ទេស​ថាមពល​ចិន​ និង​សាជីវកម្ម​ធ្យូង Ningxia​។

រ៉ុក្កែត Tianlong-2 របស់ក្រុមហ៊ុនចិន Space Pioneer ត្រូវបានបាញ់បង្ហោះជោគជ័យជាលើកដំបូងកាលពីថ្ងៃទី 02 ខែមេសា 2023

កាល​ពីថ្ងៃ​ទី 02 មេសា ឆ្នាំ 2023 ក្រោយ​ការ​ធ្វើ​តេស្ត​លើ​ម៉ាស៊ីន​​ជាង 300 លើក​ រ៉ុក្កែត​ Tianlong-2 ក៏​ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យ​ជាមួយ​នឹង​ឥន្ធនៈ​ថ្មី​។ ម៉ាស៊ីន​ប្រើ​ឥន្ធនៈ​រាវ​ YF-102 នៅ​លើ​រ៉ុក្កែត​ Tianlong-2 ដែល​អភិវឌ្ឍ​ដោយ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​​ និង​វិទ្យា​សាស្ត្រ​អវកាស​លេខ​ 6 គឺជា​ម៉ាស៊ីន​ស្ដង់​ដា​សម្រាប់​បណ្ដា​យាន​ជំនាន់​ថ្មី​របស់ប្រទេស​ចិន​។ បណ្ដា​រ៉ុក្កែត​ Long March 5, 6 និង 7 គឺសុទ្ធ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ប្រភេទ​នេះ​។ នេះ​មាន​ន័យ​ថា ពួក​វា​ក៏​អាច​ប្រើ​ប្រាស់​ប្រេង​សាំង​ kerosene ដែល​ចម្រាញ់​ពី​ធ្យូង​ថ្ម​៕

Advertisement