អ្នកវិទ្យាសាស្ត្រ អាចធ្វើឱ្យ​ទឹកស្អាត​ក្លាយជា​លោហធាតុ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការពិសោធ និង​បានប្រែក្លាយ​ទឹកស្អាត​ឱ្យទៅជា​លោហធាតុ ដោយ​ប្រើពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ហើយ​នេះ​ក៏​បង្កើតបានជា​ធាតុ​រាវ​ដែលមាន​សមត្ថភាព​បញ្ជូន​អគ្គិសនី។

ទឹក​ដែល​មិនទាន់បាន​ច្រោះ​ស្អាត​អាច​នាំ​អគ្គិសនី មានន័យថា អេ​ឡិច​ត្រុ​ង​បន្ទុក​អវិជ្ជមាន អាច​ត្រូវបាន​ចម្លង​រវាង​ម៉ូលេគុល ព្រោះ​នៅក្នុង​ទឹក​មាន​ជាតិ​អំបិល។ ប៉ុន្តែ ទឹកស្អាត​គឺមាន​តែ​ម៉ូលេគុល​ទឹក​ប៉ុណ្ណោះ ក្នុងនោះ​អេ​ឡិច​ត្រុ​ង​នានា​នៅ​សម្បក​ខាងក្រៅ​បង្អស់ (សម្បក​អេ​ឡិច​ត្រុ​ង​វ៉ាឡង់/ Valence electron) នៅតែ​តោង​ជាប់​នឹង​អាតូម និង​មិនអាច​ផ្លាស់​ទី​ដោយ​សេរី​ក្នុង​ទឹក។

អំពី​ទ្រឹស្ដី បើសិនជា​បង្កើត​សម្ពាធ​ឱ្យបាន​គ្រប់គ្រាន់​ទៅលើ​ទឹកស្អាត ម៉ូលេគុល​ទឹកនឹង​ត្រូវ​កៀប​ឱ្យ​ជាប់​គ្នា ហើយ​សម្បក​អេ​ឡិច​ត្រុ​ង​ខាងក្រៅ​បង្អស់​ដែល​ព័ទ្ធជុំវិញ​អាតូម នឹងត្រូវ​គរ​លើ​គ្នា។ ប្រការនេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​អេ​ឡិច​ត្រុ​ង​ផ្លាស់​ទី​ដោយ​សេរី រវាង​អាតូមនីមួយៗ ហើយ​ប្រែក្លាយ​ទឹក​ទៅជា​លោហធាតុ។

បញ្ហា​នៅត្រង់ថា ដើម្បី​កៀប​ទឹក​រហូតដល់​ក្លាយជា​លោហធាតុ គឺ​ទាមទារ​ឱ្យមាន​សម្ពាធ​ប្រហែល 220 លាន psi (pound per square inch) នេះ​បើតាម​អ្នកវិទ្យាសាស្ត្រ Pavel Jungwirth មកពី​បណ្ឌិតសភា​វិទ្យាសាស្ត្រ ឆែក នៅ​រដ្ឋធានី Prague។ ដោយ​មូលហេតុ​នេះហើយ ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​សង្ស័យថា ទឹក​ត្រូវ​ប្រែ​ទៅជា​លោហធាតុ ដែល​អាចមាន​វត្តមាន​នៅក្នុង​ស្នូល​របស់​បណ្ដា​ភព​ខ្នាត​យក្ស ដូចជា​ភព​ព្រហស្បតិ៍ ភព​ណិ​ប​ទូ​ន និង​ភព​អ៊ុយ​រ៉ា​នុស។

Jungwirth និង​ក្រុមការងារ បា​នរក​វិធី​ផ្សេង ដើម្បី​អាចធ្វើឱ្យ​ទឹក​ក្លាយជា​លោហធាតុ។ ពួកគេ​ប្រើប្រាស់​លោហអាល់កាឡាំង រួមមាន​ធាតុ​ផ្សំ​ដូចជា ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម ហើយ​មាន​ផ្ទុក​អេ​ឡិច​ត្រុ​ង​តែមួយ​នៅ​សម្បក​អេ​ឡិច​ត្រុ​ង​វ៉ាឡង់។

លោហអាល់កាឡាំង អាច​ផ្ទុះ នៅពេល​ប៉ះ​នឹង​ទឹក ប៉ុន្តែ ពួកគេ​គិតថា ដោយ​វិធី​ណាមួយ​នោះ ដែល​អាច​ចៀសវាង​ការផ្ទុះ​បាន ពួកគេ​អាច​ខ្ចី​អេ​ឡិច​ត្រុ​ង​ពី​លោហអាល់កាឡាំង និង​ប្រើប្រាស់​អេ​ឡិច​ត្រុ​ង​នោះ​ដើម្បី​ធ្វើឱ្យ​ទឹក​ក្លាយជា​លោហធាតុ។

ការពិសោធ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 28 កក្កដា នៅលើ​ទស្សនាវដ្ដី Nature ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វិធី​សមស្រប។ ពួកគេ​ដាក់​ស៊ីឡាំង​ដែល​ពេញ​ដោយ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម​នៅក្នុង​ប្រអប់​ទំនេរ រួច​បញ្ចេញ​តំណក់តូចៗនៃ​លោហធាតុ​រាវ​ក្នុង​សីតុណ្ហភាព​ស្មើនឹង​កំដៅ​ក្នុង​បន្ទប់ ក្រោយមក​ទុកឱ្យ​តំណក់​លោហធាតុ​នេះ​ប៉ះ​នឹង​ចំហាយ​ទឹក​ដ៏​ល្អិត។ ទឹក​ក៏បាន​កកើត​នៅលើ​បន្ទះ​មួយ​ដែលមាន​កម្រាស់ 0.1 micromet នៅ​ខាងលើ​ផ្ទៃ​នៃ​តំណក់​លោហធាតុ ហើយ​ភ្លាមនោះ អេ​ឡិច​ត្រុ​ង​ពី​លោហធាតុ​ក៏​រត់ទៅរក​ទឹក។

នៅក្នុង​រយៈពេល​ដ៏​ខ្លី ទឹក​ប្រែ​ទៅជា​ពណ៌​លឿង​បែប​លោហធាតុ​រលើបរលោង។ ដោយ​ការប្រើប្រាស់​ឧបករណ៍​វាស់​ស្ទង់ spectrometer ក្រុម​ស្រាវជ្រាវ​អាច​បញ្ជាក់បាន​ថា ទឹក​ដែលមាន​ពណ៌​លឿង​នោះ ពិតជា​លោហធាតុ៕

Advertisement