iOS 14.5 នឹងធ្វើ​ឱ្យ Facebook បាត់បង់​ចំណូល​ខ្ទង់ពាន់​លាន​ដុល្លារ

ប្រសិនបើ ៨០% នៃ​អ្នក​ប្រើ Facebook លើ iPhone អាប់​ឌែ​ត​ឡើងទៅ iOS 14.5 របស់ Apple នោះ​ក្រុមហ៊ុន Facebookអាច​នឹង​បាត់បង់​ចំណូល​ខ្ទង់ 2ប៊ី​លាន​ដុល្លារ(នៅ​ត្រីមាស2 ឆ្នាំ2021 ខាងមុខនេះ)។ ទឹកប្រាក់​ខាងលើនេះ បានមកពី​លទ្ធផល​នៃ​ការ​គណនា​ចំណូល​សរុប​ហ្វេ​ស​ប៊ុ​ក កាលពី​ត្រីមាស​ទី4 ឆ្នាំមុន។ នេះ​បើ​យោងតាម​ការ​គណនា​ពី​ក្រុម​អ្នកជំនាញ​ផ្នែក​ទិន្នន័យ​អឺរ៉ុប។

ថ្មីៗនេះ iOS14.5 បានប្រកាស​ចេញ​ផ្លូវការ កាលពី​ថ្ងៃទី27 មេសា​កន្លងទៅ ដែល​នេះ​គឺជា​ចំណុចរសើប​មួយ​របស់ Facebook ដោយសារតែ​ហ្វេ​ស​ប៊ុ​ក​ជា​ក្រុមហ៊ុន​ផ្តល់ជូន​នូវ​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន​ឡាញ​ដ៏​ធំជាងគេ។ ទិន្នន័យ​ដែល​ពួកគេ​យកទៅ​ប្រើប្រាស់​ត្រូវបាន Apple បកអាក្រាត​ថា បានមកពី​ការ​លួច​យក ឬ​តាមដាន​ទម្លាប់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក។

Apple មាន​គោលការណ៍​តាំងពីដើម​មក គឺ​គោរព​សិទ្ធិ​អ្នក​ប្រើ ដូចដែល​ពាក្យស្លោក​ប្រចាំត្រកូល​របស់គេ​ថា  «Privacy, That’s iPhone» ។ ដូច្នេះ Apple សង្ឃឹមថា អ្នក​ប្រើ​នឹង​អាប់​ឌែ​ត ទៅ iOS 14.5 នឹង​ចុច​យកពាក្យ​ថា No ព្រោះ​កាលណា​អ្នក​ប្រើ​អាប់​ឌែ​ត​ឡើងទៅ iOS 14.5 ហើយ​នោះ ពួកគេ​នឹងមាន​ជម្រើស2 គឺ​ចង់ «‍‍បិទ ឬ បើក» មុខងារ App Tracking Transparency ដែល​ក្នុងនោះ Apple ក៏មាន​បង្កប់​ការបិទ​មុខងារ​សម្ងាត់ 1ទៀត​ដែរ គឺ access a device ID ឬ​ពាក្យ​ពេញ Identifier for Advertisers-IDFA ដែល​កន្លងមក​ហ្វេ​ស​ប៊ុ​ក​សម្ងំ​ទាញយក​អស់​ជាច្រើន​ឆ្នាំ​ហើយ។

សូម​រំឭក​ផងដែរ​ថា អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​កលើ iPhone ច្រើនជាង ៩០% ឯណោះ ដែល​គិតតែ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​មួយគត់។ សរុបទៅ ចង់ ឬ​មិន​ចង់ ចំណូល Facebook នៅ​ឆ្នាំ2021 នេះ ច្បាស់​ជា​ធ្លាក់ចុះ​ជាមិនខាន ដូច្នេះ តើ Facebook ចេញមុខ​ដោះស្រាយ​យ៉ាងណា សូម​រង់ចាំ​តាមដាន​ភាគ​បន្ត…៕

Advertisement