រដ្ឋាភិបាលបើកភ្លើងខៀវឱ្យសាលាឯកជនចំនួន 20បើកដំណើរការសាកល្បង

ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ម្សិល​ម៉ិ​ញ​នេះ បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​មាន​ស្តង់ដា​ខ្ពស់​ចំនួន20 បើក​ដំណើរការ​សាកល្បង​ឡើងវិញ​ក្នុងដំណាក់កាល​ដែល​កម្ពុ​ជា​អាច​គ្រប់គ្រង​បាន​នូវ​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ Covid-19។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា​គ្រឹះស្ថានសិក្សា​ដែល​អនុញ្ញាត​ទាំង20នោះ នឹងត្រូវ​រៀបចំ​តាម​គោលការណ៍សំខាន់ៗចំនួន6ចំណុច​ដូចជា៖

  1. ការរៀបចំ​បរិស្ថាន​សាលា អគារសិក្សា និង​ការរៀបចំ​ថ្នាក់រៀន (ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន ដែល​គោរព​បាន​នូវ​គម្លាត​សុវត្ថិភាព) ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ជាពិសេស​គ្រឹះស្ថានសិក្សា​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ជា​ទៀងទាត់ និង​ត្រូវ​បំពាក់​ឧបករណ៍ សម្រាប់​សម្លាប់​មេរោគ​តាម​ស្តង់ដា។
  2. គ្រូបង្រៀន សិស្ស និង​បុគ្គលិក​គ្រឹះស្ថានសិក្សា​ត្រូវធ្វើ​តេស្ត​រក​មេរោគ​Covid-19មុន​ដំណើរការ​សាលា។
  3. ក្នុងករណី​គ្រឹះស្ថានសិក្សា​ទាំងនេះ មានការ​ធ្វេសប្រហែស ឬ​ល្មើ​សនឹង​អនុស្សរណៈ​យោគយល់​គ្នា គ្រឹះស្ថានសិក្សា​ទាំងនោះ​នឹងត្រូវ​ទទួល​ការព្រមាន និង​ឈានទៅ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន។
  4. គ្រឹះស្ថានសិក្សា​ទាំងនេះ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធីសាស្ត្រ​សិក្សា​តាមបែប​ចម្រុះ គឺ ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួម​ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ព្រមទាំង​គោរព​នូវ​ពិធីសារ​សុវត្ថិភាព​សុខភាព​សិក្សា។
  5. ក្រសួង​នឹង​ចេញ​គោលការណ៍​ណែនាំ ស្តីពី លក្ខខណ្ឌ​តម្រូវ​នៃ​ការលើកកម្ពស់​សុខភាព​សិក្សា​ក្នុង​បរិបទ​កូ​វីដ ជា​មូលដ្ឋាន​គោល​សម្រាប់​ការរៀបចំ ពិធីសារ​សុវត្ថិភាព​សុខភាព សិក្សា​របស់​គ្រឹះស្ថានសិក្សា។
  6. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​វិធានការ​តម្រូវ​នានា៕
Advertisement