គំនិត​ចៅ​ចាក់ស្មុគ​អាចជួយ​មនុស្ស​ឱ្យ​អភិវឌ្ឍ​បាន បើសិន​ចេះ​ប្រើ​វា

មនុស្សម្នាក់ៗមាន​វិធី​គិតផ្សេងៗគ្នា ហើយ​វិធី​ប្រើប្រាស់​គំនិត​ទាំងអស់នោះ​ជា​ប្រភព​ដំបូង​បំផុត​ដែល​អាចធ្វើឱ្យ​មនុ​ស្សណា​ម្នាក់​ទទួលលទ្ធផល​ល្អ ឬ​មិនល្អ។

លោក សោម សុធា  ប្រធាន​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន Forval (Cambodia) Co., Ltd បាន​លើកឡើងថា វិធី​គិត​បែប​គំនិត​ចាក់ស្មុគ​ជា​គំនិត​មួយ​ដែល​អាចធ្វើឱ្យ​មនុស្ស​អភិវឌ្ឍ​បាន។ គំនិត​នេះ​ជា​ប្រភព​ដែល​អាចធ្វើឱ្យ​មនុស្ស​រំភើប រីករាយ ហើយ​មាន​ក្តីសង្ឃឹម​ពីព្រោះថា យើង​បានឃើញ​នូវ​អ្វីដែល​យើង​ចង់បាន និង​កើត​នៅក្នុង​ជីវិត​របស់​យើង។ លោក​ជឿជាក់ថា គំនិត​ទាំងអស់នេះ​អាច​ក្លាយជា​ការពិត​បាន ប្រសិនបើ​យើង​មាន​ឆន្ទៈ និង​ចំណង់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​នូវ​អ្វីដែល​ធ្លាប់តែ​ស្រមៃ​ចង់បាន​នោះ។

លោក សោម សុធា បាន​និយាយថា៖ «ការគិត​ស្រមើស្រមៃ​ពី​រូបភាពតូចៗ អាច​ជំរុញ​ឱ្យ​សកម្មភាពធំៗដើរ​បាន ហើយ​ដើម្បី​អនុវត្ត​វា​ឱ្យបាន​ជោគជ័យ ខ្ញុំ​បាន​អនុវត្ត​ដោយ​ប្រើ​របស់សំខាន់ៗចំនួន3យ៉ាង​គឺ ការវិនិយោគ​លើ ពេលវេលា ធនធាន និង​ខួរក្បាល»។

លោក សុធា បានលើកឡើង​ផងដែរ​ថា ការវិនិយោគ​ពេលវេលា គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​មនុស្ស​ទូ​ទៅ បើទោះបីជា​ការគ្រប់គ្រង​ពេលវេលា​ផ្ទាល់ខ្លួន ពេលខ្លះ​បាន​ជះ​ផល​អវិជ្ជមានខ្លះៗក៏ដោយ។ ពេលខ្លះ​ការកម្រិត​ពេលវេលា​ឱ្យមាន​ប្រយោជន៍​អាច​បាត់បង់​មិត្ត​ភ័ក្តិ​អស់​ខ្លះ អាច​បាត់​ពេលវេលា​ឯកជន​នៃ​ភាពជា​យុវវ័យ​អស់​ខ្លះ និង​អាចធ្វើឱ្យ​យើង​មាន​អារម្មណ៍មិនល្អ​ខ្លះ តែបើ​យើង​ទ្រាំ​វា​ឱ្យបាន​យើង​នឹង​ទទួលបាន​នូវ​លទ្ធផល​ប្លែក ហើយ​វិជ្ជមាន ដែល​អាចធ្វើឱ្យ​យើង​ភ្ញាក់ផ្អើល​បាន។

ក្រៅពីនេះ ធនធាន​ក៏​ជា​របស់​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​ចេះ​គ្រប់គ្រង​ឱ្យបាន​ល្អ​ដែរ ប្រសិនបើ​ចង់​ក្លាយជា​មនុស្ស​ដែល​គិត និង​មាន​ក្តី​ស្រមៃ​ខ្លាំង។ ការ​ស្រមៃ​ខ្ពស់ ឬ​ការ​មាន​អារម្មណ៍​ចង់បាន​របស់​អ្វីមួយ​ខ្លាំងក្លា​អាចធ្វើឱ្យ​មនុស្ស​ហ៊ាន​លះបង់​ខ្ពស់ ហើយ​រិត​ត្បិត​ចំណូល​មួយចំនួន​ដើម្បី​ទទួលបាន​នូវ​របស់​ទាំងអស់​នោះមក។ ទន្ទឹមនឹងនេះ ការប្រើប្រាស់​ខួរក្បាល​ឱុ្យ​អស់​លទ្ធភាព​ដោយ​ការប្រើប្រាស់​ក្តី​ស្រមៃ​មក​លួង​ចិត្ត ហើយ​ខិតខំ​ច្នៃ​គំនិត​ដើម្បី​បង្កើត​ការអនុវត្ត​ប្រកបដោយ​ភាព​វិជ្ជមាន៕

Advertisement