ក្រសួងអប់រំបើកភ្លើងខៀវឱ្យសាលាឯកជនរៀបចំប្រឡងមធ្យមសិក្សាបឋមភូមិ និងទូតិយភូមិដោយខ្លួនឯង

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា​ក្រសួង​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​អាច​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​អាច​ប្រឡង​បញ្ចប់​ឆ្នាំ​នៅតាម​គ្រឹះស្ថានសិក្សា​ចំនួន2ថ្ងៃ។

ក្រសួង​បញ្ជាក់ថា សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាលា​ឯកជន​ទាំងអស់នោះ​ត្រូវមាន​ការទទួលស្គាល់​ពី​ក្រសួង តែ​គ្រឹះស្ថានសិក្សា​ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួនឯង។ ក្រសួង​នឹង​ចុះ​អធិការកិច្ច​តាម​ការចាំបាច់ ដើម្បី​ធានា​ពី​គុណភាព​សញ្ញាបត្រ។

ដោយសារតែ​លក្ខណៈ​បច្ចេកទេស គ្រឹះស្ថានសិក្សា​ឯកជន​មិនអាច​រៀបចំ​ការប្រឡង Online បាន ក្រសួង​អប់រំ​បានដាក់​ចេញ​គោលការណ៍​មួយចំនួន​សម្រាប់​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​អនុវត្ត​នៅពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​នៅ​គ្រឹះស្ថានរៀងៗខ្លួន​ចំនួន2ថ្ងៃ​ដូចខាងក្រោម៖

1.ក្រសួង​នឹង​កែលម្អ​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ប្រឡង ដោយ​រក្សា​កាលបរិច្ឆេទ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ដដែល ដោយ​គ្រឹះស្ថានសិក្សា​ឯកជន​ជា​អ្នកចេញ​សញ្ញាបត្រ ដោយ​ក្រសួង​នឹង​ទទួលស្គាល់ និង​ធ្វើ​ដោយ​អធិការកិច្ច​ប្រសិនបើ​ចាំបាច់។

2.គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់​ពាក្យស្នើសុំ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មក​ក្រសួង​អប់រំ ដើម្បី​ពិនិត្យ និង​ទទួលស្គាល់។

3. គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​រៀបចំ​បន្ទប់​ប្រឡង​ចំណុះ 10 ទៅ15នាក់ ក្នុង​មួយ​បន្ទប់ និង​ត្រូវ​ធានា​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO៕

Advertisement