ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ UNICEF ផ្សព្វផ្សាយរឿងនិទានសម្រាប់កុមារ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹង UNICEF បានចេញផ្សាយនូវរឿងនិទានថ្មីមួយ​ដែលមានឈ្មោះថា «តីតី និទានរឿង» ដើម្បីលើកកម្ពស់​អក្ខរកម្ម និងលើកទឹកចិត្ត​កុមារឱ្យអាន។

កម្មវិធីនិទានរឿងថ្មីនេះ នឹងផ្តល់នូវក្តីសង្ឃឹម​ និងក្តីរីករាយដល់កុមារ និងក្រុមគ្រួសារ​ក្នុងដំណាក់កាល​នៃការរីករាលដាលនៃជំងឺ Covid-19 ដែលកុមារត្រូវសិក្សាតាមផ្ទះ។

កម្មវិធីនេះជាខ្សែវីដេអូ​ថត​ទុកជាមុន​មាន​ចំនួន 12វគ្គ ត្រូវបាន​ផលិតឡើង​ដើម្បី​អប់រំ និងផ្តល់​ការកំសាន្តដល់កុមារ និងគ្រួសារ។ នៅវគ្គនីមួយៗ​ក៏មានបញ្ចូលនូវ​កម្មវិធីសំណួរ-ចម្លើយជាមួយ​អ្នករៀបចំកម្មវិធី​របស់ unicef ដែល​ទស្សនិកជនអាចសួរសំណួរទាក់ទង នឹងការការពារខ្លួន​ និងវិធានការបង្ការពីជំងឺ Covid-19។ កម្មវិធីនេះនឹងមានផ្សព្វផ្សាយ​នៅទូរទស្សន៍ ទទក2 ទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ​ជាតិគាំពារ​ និងអភិវឌ្ឍ​ន៍កុមារតូច​ និងយូនីសេហ្វ។

រឿងនិទានត្រូវបានអានដោយតួអង្គកំប្លុកកំប្លែងពីររូប និងដកស្រង់ចេញពីសៀវភៅ​ដែលបោះពុម្ព​ដោយអង្គការស៊ីប៉ា ដែលជាអង្គការជាដៃគូយ៉ាងជិតស្និទ្ធជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា និង​UNICEF ដែលបាននិងកំពុងផលិតនូវសៀវភៅអប់រំល្អៗសម្រាប់កុមារកម្ពុជា ដើម្បី​លើកកម្ពស់​សមត្ថភាពអំណាន និងចំណេះដឹងរបស់ពួកគេ៕

Advertisement