ពិព័រណ៌អប់រំផ្តល់គុណតម្លៃជាសកលសម្រាប់កុមារកម្ពុជា

ការអប់រំ ជាគ្រឹះសំខាន់សម្រាប់វិស័យធនធានមនុស្សនៅកម្ពុជា ហើយវាក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរដែលអាណាព្យាបាលគ្រប់រូបត្រូវយកចិត្តទុកដាក់ ព្រោះមានតែការអប់រំទេ ទើបអាចធ្វើឱ្យអនាគតរបស់កូនៗពួកគាត់មានភាពល្អប្រសើរ។

អ្នកគ្រប់គ្រងទូទៅរបស់ធនាគារហ្វីលីព លោក ហាន់ ប៉េង តាន់ បានមានប្រសាសន៍ថាធនាគារហ្វីលីពបានសម្រេចចិត្តរៀបចំ “ពិព័រណ៍ស្ដីពីការអប់រំ” ក្នុងចុងសប្ដាហ៍នៅកោះពេជ្រេនាពេលនេះ ដោយសារតែពួកយើងជឿជាក់យ៉ាងមុតមាំថា ការអប់រំគឺជាមូលដ្ឋានគ្រឹះសំខាន់សំរាប់ប្រជាពលរដ្ឋគ្រប់រូប។ តាមរយៈការអប់រំមានគុណភាពល្អ ធ្វើអោយប្រជាពលរដ្ឋទទួលបានការងារល្អ ប្រាក់បៀវត្សខ្ពស់ និងមានបរិបទការរស់នៅខ្ពស់ ព្រមទាំងចូលរួមចំណែកក្នុងការស្ថាបនាសង្គមអោយមានភាពល្អប្រសើរ និងការរីកចំរើនរបស់ប្រទេសជាតិ។

លោក ហាន់ ប៉េង តាន់ បានមានប្រសាសន៍ថា៖ «គោលបំណងរបស់យើងក្នុងការបង្កើត ពិព័រណ៌ស្តីអំពីការអប់រំ នេះឡើង ដើម្បីជួយដល់មាតាបិតា និងអណាព្យាបាលរបស់កុមារ ឲ្យដឹងអំពីតំរូវការរបស់ក្មេង និង ការណែនាំអប់រំ ដល់កុមារ ដើម្បី់ក្លាយជាអ្នកទទួលបានជោគជ័យ»។

លោកបានបន្តថា យើងក៍មានគោលបំណងផងដែរ ចំពោះការអប់រំដល់កុមារ ក្រុមយុវជន និង មនុស្សពេញវ័យយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុដោយនិយាយពីការយុទ្ធសាស្រ្តគ្រប់គ្រងហិញ្ញវត្ថុ បង្កើតទម្លាប់ការសន្សំ និងដឹងពីសារៈសំខាន់គោលដៅផែនការសំរាប់ជីវិត។ ធនាគារហ្វីលីព សូមជំរាបជូនដល់ មាតាបិតា អាណាព្យាបាល អំពីសារៈសំខាន់នៃការសន្សំតាំងពីអាយុវ័យក្មេង ដើម្បីអោយមានសេរីភាពផ្នែកហរិញ្ញវត្ថុ នាពេលអនាគត។

ក្នុងនោះឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបង្កើតកម្មវិធីនេះគឺ ឆ្លើយតបជាមួយនឹងគោលការណ៍របស់ក្រសួងអប់រំ ដែលព្យាយាមជំរុញឱ្យកុមារមានចំណេះដឹងខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់ ដែលក្នុងនោះការគ្រប់គ្រងហិរញ្ញវត្ថុក៏មានសារៈសំខាន់មួយផងដែរដែលក្រសួងខិតខំបណ្តុះបណ្តាល។

គួរបញ្ជាក់ថា កម្មវិធីនេះ នឹងប្រព្រឹត្តឡើង រយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី25 ខែមិថុនា ឆ្នាំ2017 ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង7យប់ នៅសាលតាំងពិព័រណ៍កោះពេជ្រ អគារ អាយ (I) ។ ពិព័រណ៍ស្តីពីការអប់រំនេះ បានរៀបចំសិក្ខាសាលាសំខាន់ៗជាច្រើនវគ្គរយៈពេលពីរថ្ងៃដ៏មានអត្ថប្រយោជន៍ដែលមានប្រធានបទដូចជា 1.យុទ្ធសាស្រ្តជួយឱ្យកូនលោកអ្នកចេះកំណត់ភាពជោគជ័យ 2.សារៈសំខាន់នៃការយល់ដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ 3.ធ្វើខ្លួនឱ្យទទួលបានជោគជ័យក្នុងអំឡុងពេលសិក្សា 4.ការៀបចំគម្រោងហិរញ្ញវត្ថុសំរាប់បុគ្គល និងអាជីវកម្ម៕

Advertisement