ជីវិត​នៅ​មហាវិទ្យាល័យ មិន​គួរឱ្យ​បារម្ភ​ដូច​សិស្ស​វិទ្យាល័យ​គិត​ឡើយ

ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ សិស្ស​ជាច្រើន​បាន​ចំណាយពេល​វេលា​របស់​ពួកគេ​ដើម្បី​កម្សាន្ត ដើម្បី​សម្រាក និង​ដើម្បី​យក​កម្លាំង​ប្រយុទ្ធ​បន្តទៀត។

សិស្ស​នៅ​រាជធានី​ភ្នំពេញ​មិនសូវ​បារម្ភ​ពេក​នោះ​ទេពី​ដំណើរ​បន្តបន្ទាប់​ទៅទៀត​នៅ​មហាវិទ្យាល័យ តែ​សិស្ស​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​កំពុង​បារម្ភ​ពី​ការផ្លាស់ប្តូរ​យ៉ាង​ធំ​មួយ​ក្នុង​ដំណើរ​ជីវិត។ ការផ្លាស់​ទីលំនៅ​មក​សិក្សា​នៅ​ទីក្រុង​ជា​ដំណាក់កាល​មួយ​ដែល​សិស្ស​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​មានការ​ភ័យខ្លាច ហើយ​បារម្ភ​ខ្លាំង​ពី​ឧបសគ្គ​ដែល​នឹង​ជួប​ដូចជា​ការចំណាយ បារម្ភ​ពី​ស្ថានភាព​នៃ​ការរស់នៅ ការមិន​ស្គាល់​ទីតាំង កត្តា​សុវត្ថិភាព រួមទាំង​បញ្ហា​ជាច្រើន​ផ្សេងទៀត ដោយ​អ្នកខ្លះ​ថែមទាំង​បោះបង់​ក្តី​ស្រមៃ​ដើម្បី​រៀន​បន្ត​មុនពេល​ប្រយុទ្ធ​ថែម​ទៀតផង។

តាមពិតទៅ ការសិក្សា​នៅ​ទីក្រុង មិនអាក្រក់​ដូច​អ្វីដែល​សិស្ស​វិទ្យាល័យ និង​អាណាព្យាបាល​មួយចំនួន​គិត​នោះទេ លោក លក្ខ វិបុល បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​កម្ពុជា បាន​លើកឡើងថា នៅពេលដែល​លោក​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ លោក​មានការ​បារម្ភ​ខ្លាំង​ពី​ជីវិត​នៅ​ទីក្រុង។ លោក​បាន​គិតគូរ​ច្រើន​ពី​ទីកន្លែង​ស្នាក់នៅ ពី​ការចំណាយ និង​បារម្ភ​ពី​ការប្រថុយប្រថាន​មួយ​ដែល​ខ្លួន​ហាក់​នៅ​ឆ្ងាយ​ពី​ផ្លែផ្កា​នៃ​ការអប់រំ ព្រោះ​ជីវិត​នៅ​ឆ្នាំ​ទី1 ឬ​ជីវិត​នៃ​ការចាប់ផ្តើម​ថ្នាក់​មហាវិទ្យាល័យ រឿង​ដែល​ខ្វល់​មុនគេ​នោះ​គឺ មិន​ទុកចិត្ត​ខ្លួនឯង​ថា​អា​ចរក​ការងារ​ល្អ​បានធ្វើ​ឬ​មិនបាន។

លោក វិបុល បាន​និយាយថា៖ «មុនពេល​ចូលរៀន​មហាវិទ្យាល័យ កាន់តែ​គិត កាន់តែ​ខ្វល់ ហើយ​ម្តងម្កាល​ក៏​ចង់​បោះបង់​ក្តី​ស្រមៃ​នោះ​ព្រោះ​មិនទាន់មាន​ទំនុកចិត្ត​ថា​អាច​ដណ្តើម​ការងារ​ល្អ តែ​នៅពេលដែល​ចាប់ផ្តើម​ឈាន​ជើង​ចូល​មហាវិទ្យាល័យ ស្ថានភាព​ទាំងអស់​គឺ​ខុសគ្នា​ដាច់​ពី​ការ​ស្មាន​ទុក»

បុគ្គលិក​ជាន់ខ្ពស់​ខាងលើ​បាន​លើកឡើងថា ជីវិត​នៅ​មហាវិទ្យាល័យ​ជា​ជីវិត​ដែល​ពោរពេញ​ទៅដោយ​ភាពស្វាហាប់ ព្រោះ​វា​ជា​ពេលដែល​ខ្លួនឯង​មាន​សេរីភាព​ពេញទី​ដើម្បី​សម្រេច​វាសនា​ខ្លួនឯង តាមរយៈ​ការខិតខំ​ប្រឹងប្រែង ហើយ​ចាប់យក​ការងារ ឬ​ការចាប់ផ្តើម​ដ៏​ល្អ​មួយ​ក្នុង​អាជីព។ យុវជន​មិនគួរ​អស់សង្ឃឹម​មុន​ឈាន​ជើង​ចូល​មហាវិទ្យាល័យ​នោះទេ សូមកុំ​បោះបង់​ក្តី​ស្រមៃ​របស់ខ្លួន ព្រោះ​លោក​ផ្ទាល់​ក៏​មិនមែនជា​សិស្ស​ពូកែ​ផុត​លេខ​ដែរ ឱ្យតែ​មានការ​ខិតខំ​ប្រឹង​ប្រែង​ពិតប្រាកដ ស្ថាប័ន​ការងារសំខាន់ៗ រួមទាំង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​ផង​នឹង​ផ្តល់ឱកាស​ការងារ​ឱ្យ ព្រោះ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា​គឺ​កើត​ឡើងជា​រៀងរាល់ឆ្នាំ។

ស្រដៀង​គ្នា​នេះដែរ វិស្វករ​មួយរូប​ដែល​ចេញពី​ខេត្តកំពង់ធំ លោក លី សុភា​រិ​ទ្ធ បាន​លើកឡើងថា មុន​ចូល​មហាវិទ្យាល័យ អ្នកណា​ក៏​បារម្ភ​ដែរ ជាពិសេស​កូន​អ្នក​ដែល​រៀន​នៅ​ខេត្ត តែ​ពេល​ចាប់ផ្តើម​ជីវិត​ជា​និស្សិត​ពិតប្រាកដ យើង​នឹង​ជួប​ជីវិត​ដែល​រីករាយ​ជាង​ការគិត​របស់​យើង​ឆ្ងាយ​ណាស់ បើ​យើង​ពិតជា​ស្រឡាញ់​ការសិក្សា ហើយ​មិន​បណ្តោយ​ខ្លួន​ឱ្យ​បត់បែន​ទៅតាម​ការអូសទាញ​រប​ស់​សង្គម។ លោក​បានលើកឡើង​ផងដែរ​ថា មាន​មនុស្ស​មួយចំនួន​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ដោយ​លើកឡើងថា ភ្នំពេញ​បែបនេះ ឬ​បែប​នោះ គួរឱ្យខ្លាច តែ​តាមពិតទៅ​វា​មិន​ដូច​អ្វីដែល​យើង​គិត ហើយ​បារម្ភ​នោះទេ។ អ្នក​និយាយ​ទាំងអស់នោះ គ្រាន់តែ​និយាយ​បែប​ឮ​គេ​ថា ហើយ​មិន​ព្រម​វិនិយោគ​ខ្លួនឯង​ជាមួយនឹង​ការអប់រំ ឬ​មិន​ព្រម​ជម្នះ​ស្ថានភាព​លំបាក​ដើម្បី​ទទួលយក​ចំណេះដឹង​ពិតប្រាកដ។ ការសិក្សា​នៅ​មហាវិទ្យាល័យ ទោះបី​ពូកែ​ខ្លាំង​ក៏ដោយ មធ្យម​ក៏ដោយ ឱ្យតែ​ចេះ​ចាប់យក​ឱកាស និង​មាន​ទឹកចិត្ត​ប្រឹងប្រែង​ពិតប្រាកដ យើង​ប្រាកដជា​មានឱកាស​ការ​ងារ តែ​មុននឹង​សម្រេចចិត្ត​សូម​សិក្សា​ពី​ខ្លួនឯង​ផង ចៀសវាង​រៀន​តាម​គ្នា ហើយ​ខកចិត្ត​នៅពេលដែល​ទីផ្សារការងារ​ចង្អៀត ហើយ​មិនអាច​ប្រកួត​ឈ្នះ​គេ៕ 

Advertisement