Microsoft ចុះ​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ​ដល់ក្មេងៗនៅ​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ

ក្មេងៗនៅ​អតីត​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ នៃ​មូលនិធិ​កុមារ​កម្ពុជា CCF ប្រមាណ​ជាង 300 នាក់ បានទទួល​ការបណ្តុះបណ្តាល​ថ្មី​លើ​ជំនាញ​ប្រើប្រាស់​កុំព្យូទ័រ​លក្ខណៈ​មូលដ្ឋានគ្រឹះ ការប្រើប្រាស់​បច្ចេកវិជ្ជា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​វគ្គ​ខ្លី Hour of Code ពី​ក្រុមហ៊ុន Microsoft


លោកស្រី
Marija Ralic ប្រធាន​គ្រប់គ្រង​ក្រុមមនុស្ស​ធម៌​របស់​ក្រុមហ៊ុន Microsoft បានឱ្យដឹងថា Microsoft មាន​បេសកកម្ម​ផ្តល់​សិទ្ធិអំណាច​ដល់​មនុស្ស​គ្រប់រូប និង​គ្រប់​អង្គការ​ទាំងអស់​នៅលើ​ភពផែនដី ដើម្បី​សម្រេច​សមិទ្ធផល​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត។ បច្ចុប្បន្ននេះ​ក្រុមហ៊ុន​បានធ្វើការ​ជាមួយ​អង្គការ​ដៃគូ​មិន​រកប្រាក់​ចំណេញ ដូច​អង្គការ CCF ដើម្បី​ធ្វើឱ្យ​យុវជន​គ្រប់រូប​នៅ​ទូទាំង​ពិភពលោក​អាចមាន​លទ្ធភាព​ប្រើប្រាស់​ជំនាញ​ឌីជីថល។

លោកស្រី​បន្តថា សិស្ស​ដែល​បញ្ចប់​កម្មវិធីសិក្សា​នេះ​នឹង​ទទួលបាន​ការយល់ដឹង​អំពី​គោល​គំនិត និង​ជំនាញ​កុំព្យូទ័រ​ជា​មូលដ្ឋាន។ ក្នុងនោះ​បុគ្គលិក​របស់ Microsoft នឹងធ្វើ​ការស្ម័គ្រចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​សម្របសម្រួល និង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព​សម្រាប់​បុគ្គលិក និង​សិស្សានុសិស្ស​អង្គការ​មូលនិធិ​កម្ពុជា។ ចំពោះ​យុទ្ធនាការ Hour of Code គឺជា​វគ្គ​បណ្តុះបណ្តាលរ​យៈ​ពេល 60 នាទី​បង្ហាត់បង្រៀន​អំពី​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​រៀបចំឡើង​ដើម្បី​ស្វែងយល់​អំពី ការសរសេរ​កូដ​កុំព្យូទ័រ” និង​ដើម្បី​បង្ហាញថា អ្នកណា​ក៏​អាច​រៀន​មូលដ្ឋានគ្រឹះ និង​ពង្រីក​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​ឯកសារ​បង្រៀន​នៃ​កម្មវិធី​ហ្គេម Minecraft របស់ Microsoft និង​អង្គការ Code.org បានដែរ។

លោកស្រី Marija Ralic ថ្លែងថា៖«ឱ្យតែ​និយាយ​រឿង​ការសរសេរ​កូដ អ្នកសិក្សា​ភាគច្រើន​តែង​គិតថា វា​លំបាក និង​ស្មុគស្មាញ ប៉ុន្តែ​ថ្ងៃនេះ​យើង​ចង់បង្ហាញ​ពួកគាត់​ថា វា​មិនមែន​ដូច្នោះ​ទេ»

 កម្មវិធីសិក្សា​ផ្នែក​ចំណេះដឹង​ឌីជីថល​របស់ Microsoft មាន​ចំនួន 5 កម្មវិធី រួមមាន​មូលដ្ឋានគ្រឹះ​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​កម្មវិធី​អ៊ី​ន​ធើ​ណេ​ត និង​ផលិតភាព​សុវត្ថិភាព ឯកជន​ភាព និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដែល​សិស្ស​នឹង​ទទួលបាន​ការយល់ដឹង​អំពី​គោល​គំនិត និង​ជំនាញ​កុំព្យូទ័រ​ជា​មូលដ្ឋាន។

 លោក Scott Neeson ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា​បានឱ្យដឹងថា តាមរយៈ​ជំនួយឥតសំណង​ពី Microsoft កម្មវិធីសិក្សា​នេះ​កំពុង​ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ​ដើម្បី​ចែកចាយ​ដល់​សាលារៀន និង​អង្គការ​ផ្សេងទៀត​ប្រើប្រាស់ ជាពិសេស​កម្មវិធីសិក្សា​នេះ​មាន​តម្រូវការ​ជា​ចាំបាច់​នៅតាម​បណ្តា​ខេត្ត​នានា​ដែលមាន​អ្នកចេះ​ភាសា​អង់គ្លេស​មាន​កម្រិត​ទាប​ជាង​រាជធានី​ភ្នំពេញ។ សាលាបឋមសិក្សា នី​សិ​គ្រីប បានផ្តល់​ឱកាស​អប់រំ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់បំផុត ដល់​កុមារ​ក្រីក្រ​បំផុត​មួយចំនួន​ក្នុងចំណោម​កុមារ​ក្រីក្រ​បំផុត​ទាំងឡាយ​នៅ​កម្ពុជា។ 

សមិទ្ធផល​នេះ​សម្រេចបាន​តាមរយៈ​ការកែលម្អ​ទីតាំង​សិក្សា​ឱ្យមាន​ភាពប្រសើរឡើង និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ចុងក្រោយ​បំផុត​ដែល​ផ្តោតជាសំខាន់​លើ​ការអប់រំ STEM និង​នៅក្នុង​បរិយាកាស​ដែល​អំណោយផល​ដល់​ការយកចិត្តទុកដាក់​រៀ​ន​សូត្រ និង​ការយល់ដឹង​អំពី​ពិភពលោក។ សាលាបឋមសិក្សា នី​សិ​គ្រីប និង​សាលារៀន​នៅ​សហគមន៍​ចំនួន 5 កន្លែង​របស់​អង្គការ CCF បច្ចុប្បន្ននេះ​ផ្តល់​ការអប់រំ​កុំព្យូទ័រ ដល់​សិស្ស​ចំនួន 1,550 នាក់ តាមរយៈ​ជំនួយឥតសំណង​នៃ​គម្រោង YouthSpark ហើយ​ពេលនេះ​អង្គការ​ក៏បាន​ចុះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Microsoft មួយទៀត​ដើម្បី​ផ្ដល់នូវ​កម្មវិធីសិក្សា និង​វគ្គ​ជំនាញ​ខ្លី៕

Advertisement