Smart ដាក់ឱ្យ​ដំណើរការ​បច្ចេកវិទ្យា 4.5G ដោយ​អះអាងថា មាន​ល្បឿន​លឿន​ជាង​មុន 8ដង

ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ចល័ត Smart កាលពី​ម្សិលមិញ​បានធ្វើ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា 4.5G មុខ​គេ​បង្អស់​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​មួយ​នេះ​និយាយថា បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ធ្វើឱ្យ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​របស់ខ្លួន​មាន​ល្បឿន​លឿន​ជាង​មុន​រហូតដល់ 8 ដង​បើ​ប្រៀបធៀប​នឹង​ប្រព័ន្ធ​ចាស់។

លោក ថូ​ម៉ាស​ហ៊ុន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart បានឱ្យដឹងថា បច្ចេកវិទ្យា​ថ្មី​ដែល​ខ្លួន​ទើប​ធ្វើការ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ​មាន​ឈ្មោះថា 4.5G វា​ជា​បច្ចេកវិទ្យា​ថ្មី​ដំបូងបង្អស់​នៅ​កម្ពុជា អាច​បង្កើន​ប្រសិទ្ធភាព​បណ្តាញទូរស័ព្ទ​ដែល​នឹង​ផ្តល់ជូន​អតិថិជន Smart នូវ​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​ជាង​មុន រួមផ្សំ​ជាមួយ​បទពិសោធ និង​ការកម្សាន្ត​ផ្សេងទៀត​ដែល​ផ្តល់ជូន​ដោយ Smart នៅលើ​សេវា 4G+ និង 4.5G ។ លោក​ថា៖ «បច្ចេកវិទ្យា​ថ្មី​នេះ វា​លឿន​ជាង 4G ធម្មតា​រហូតដល់ 8 ដង ក្នុង​ល្បឿន​អតិបរមា 1Gbps»

លោក​បន្ដថា បច្ចុប្បន្ន Smart មាន​ស្ថានីយ​បណ្តាញ 2G និង 3G ចំនួន 2300 កន្លែង និង​ស្ថានីយ​បណ្តាញ 4G LTE ចំនួន 1800 កន្លែង​នៅ​ទូទាំង 25 រាជធានី-ខេត្ត។ ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ក្នុងការ​ផ្តល់​បណ្តាញ​អ៊ិន​ធើ​ណិ​ត​ចល័ត​លឿន និង​ធំ​បំផុត​នៅ​កម្ពុជា​អាច​មើលឃើញ​យ៉ាងច្បាស់​តាមរយៈ​ការបង្កើន​ការវិនិយោគ​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ពង្រីក​បណ្តាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដែល​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ចង់​សម្រេច​ឱ្យ​បានការ​គ្របដណ្តប់​ទូរស័ព្ទ​ចល័ត100% នៅ​ទីក្រុង និង70 % នៅ​ទីជនបទ​ត្រឹម​ឆ្នាំ 2020។

លោក​បន្ថែមទៀតថា នៅ​ឆ្នាំ 2017 នេះ Smart បាន​បោះទុន​វិនិយោគ​ចំនួន80លាន​ដុល្លារ​ដើម្បី​ពង្រីក និង​កែលម្អ​បណ្តាញ​ដើម្បី​ផ្តល់ជូន​សេវា​អ៊ី​ន​ធើ​ណិ​ត និង​សេវាកម្ម​បែប​ឌីជីថល​នានា​បន្ថែមទៀត។ បន្ទាប់ពី​បានក្លាយ​ជា​ប្រតិបត្តិ​ករ​ដំបូងបង្អស់​ដែល​នាំយក 4G LTE និង 4G + មក​កម្ពុជា ឥឡូវនេះ Smart បាន​នាំមក​នូវ 4.5G ដល់​កម្ពុជា​ទៀតហើយ  ឯ​5G ក៏​នឹង​គង់តែ​នាំមក​ដែរ​មិន​ខាន។

ក្រុមហ៊ុន​កំពុងតែ​សិក្សា​ពី​លទ្ធភាព​បច្ចេកវិទ្យា 5G ដែល​រួមមាន​បច្ចេកវិទ្យា Massive MIMO ដើម្បី​ធានាថា ខ្លួន​បាន​ត្រៀម​រួចរាល់​សម្រាប់​ពេលដែល​បទដ្ឋាន និង​បច្ចេកវិទ្យា​នេះ​បាន​មកដល់។ 5G នឹង​នាំមក​នូវ​ល្បឿន​ជាច្រើន Gbps សមត្ថភាព​បណ្តាញ​ធំ​ទូលាយ​ភាពយឺតយ៉ាវ​ទាប និង​សមត្ថភាព​ត​ភ្ជាប់ភ្លាមៗទៅនឹង​ឧបករណ៍​ក្នុងពេល​ដំណាលគ្នា ដែល​វា​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ 2020៕

Advertisement