ទង្វើ​អ្វីខ្លះ​ដែល​កំណត់ឱ្យ​សិស្ស​ប្រឡង​បាក់​ឌុប​ធ្លាក់ ហើយ​ផ្អាក​មិនឱ្យ​ប្រឡង​មួយឆ្នាំ?

ការប្រឡង​បាក់​ឌុប3ឆ្នាំ​ចុង​ក្រោយនេះ​មាន​លក្ខណៈ​ខុសប្លែក​ពី​ការប្រឡងមុនៗ ព្រោះ​ក្រសួង​បាន​សហការ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ធានា​ការប្រឡង​នេះ​ឱ្យមាន​លក្ខណៈ​សុក្រឹត។ បេក្ខជន​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន ព្រោះ​ទង្វើ​មួយចំនួន​ដែល​សិស្ស​ទាំងអស់​ស្មាន​មិន​ដល់ អាចធ្វើឱ្យ​ពួកគេ​ធ្លាក់ ហើយ​ត្រូវ​ផ្អាក​មិនឱ្យ​ប្រឡង​មួយឆ្នាំ​ថែមទៀត។

ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​ពី​សកម្មភាព​មួយចំនួន​ដែល​អាចធ្វើឱ្យ​បេក្ខជន​ប្រឡង​បាក់​ឌុប​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ និង​ផ្អាក​មិនឱ្យ​ប្រឡង​មួយឆ្នាំ ដែល​ក្នុងនោះ​មាន​សកម្មភាព​ដូចជា៖

  • បេក្ខជន​ដែល​ធ្វើជា​មេខ្លោង​ប្រមូល​លុយ ឬ​ណែ​នាំឱ្យ​បេក្ខជន​ដទៃ​ប្រមូល​លុយ ឬ​យកលុយ​ឱ្យ​អនុរក្ស។
  • បេក្ខជន​ដែល​យក​សន្លឹក​កិច្ចការ​អ្នកដទៃ​មក​ធ្វើជា​សន្លឹក​កិច្ចការ​របស់ខ្លួន។
  • បេក្ខជន​ដែល​ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ។
  • បេក្ខជន​ដែល​ដណ្តើមយក​សន្លឹក​កិច្ចការ​អ្នកដទៃ​មក​ចម្លង។
  • បេក្ខជន​ដែល​បង្កជម្លោះ​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ដោយ​គំរាមកំហែង​លើ​បេក្ខជន​ដទៃ។
  • បេក្ខជន​ដែល​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង ឬ​ចេញ​ទៅយក​សំណៅ​ឯកសារ ឬ​ចម្លើយ​ពាក់ព័ន្ធ​នឹង​ប្រធាន​វិញ្ញាសា​ចូលក្នុង​បន្ទប់​ប្រឡង​វិញ ក្នុង​ពេលធ្វើ​វិញ្ញាសា។
  • បេក្ខជន​ដែល​សរសេរ​លើ​សន្លឹក​កិច្ចការ​អ្នកដទៃ។
  • បេក្ខជន​ដែល​ឱ្យ​អ្នកដទៃ​សរសេរ​លើ​សន្លឹក​កិច្ចការ​របស់ខ្លួន។
  • បេក្ខជន​ដែល​ឱ្យ​សន្លឹក​កិច្ចការ ឬ​សំណៅ​ក្រដាស​ព្រាង​របស់ខ្លួន​ទៅ​អ្នកដទៃ​ចម្លង។
  • បេក្ខជន​ដែល​ផ្លាស់កន្លែង​អង្គុយ (លុប​លេខ​តុ​ពី​កន្លែង​ដែល​បានកំណត់ ទៅ​សរសេរ​លេខ​តុ​របស់ខ្លួន​នៅ​កន្លែង​ផ្សេង)។
  • បេក្ខជន​ដែល​ហែក​សន្លឹក​កិច្ចការ ឬ​មិន​ព្រម​ប្រគល់​សន្លឹក​កិច្ច​ការជូន​អនុរក្ស។
  • បេក្ខជន​ដែល​ដើរ​ចុះឡើង​ចេញពី​កន្លែង​អង្គុយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស។

ទាំងអស់នេះ​ជា​ទង្វើ​អាក្រក់​ដែល​ធ្លាប់​បានធ្វើ​ដោយ​សិស្ស​ដែល​ប្រឡង​នៅ​សម័យ​ប្រឡង​កាលពីឆ្នាំមុនៗ ហេតុនេះ​សូម​សិស្ស​ដែល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​មេត្តា​ប្រយ័ត្ន​ដើម្បី​ចៀសវាង​ត្រូវ​ធ្លាក់ និង​ផ្អាក​មិនឱ្យ​ប្រឡង​មួយឆ្នាំ​បន្ទាប់៕

Advertisement