អត្រា​បោះបង់​ការសិក្សា​របស់​សិ​ស្ស​កម្ពុជា​នៅមាន​ចំនួន​ខ្ពស់​នៅឡើយ

សិស្ស​បោះបង់​ការសិក្សា​ជា​ចំណុច​អាទិភាព​មួយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​យកចិត្តទុកដាក់ ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក្រសួង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ចំនួន​សិស្ស​ដែល​បោះបង់ចោល​ការសិក្សា ដើម្បី​បង្កើន​ចំនួន​ធនធានមនុស្ស​ឱ្យ​កាន់តែ​កើនឡើង​ក្នុងសង្គម។

ការខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ​បានផ្តល់​លទ្ធផល​ជា​វិជ្ជមាន​ជាច្រើន​តាមរយៈ​ការថយចុះ​នូវ​អត្រា​បោះបង់​ការសិក្សា​នៅ​ថ្នាក់បឋមសិក្សា តែ​ចំនួន​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ នៅមាន​ចំនួន​ច្រើន​នៅឡើយ។

យោងតាម​សុច​នាករ និង​ទិន្នន័យ​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ឆ្នាំ​សិក្សា 2015-2016 ដែល​ដកស្រង់​ដោយ​អង្គការ UNICEF បានបង្ហាញ​ឱ្យឃើញថា ចំនួន​សិស្ស​ដែល​បោះបង់ចោល​ការសិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ​មាន​ចំនួន 17% និង​សិស្ស​វិទ្យាល័យ​មាន​ចំនួន​អ្នក​បោះបង់​ការសិក្សា​ប្រមាណ 19%។ ទិន្នន័យ​នេះ​ជា​ចំនួន​ធំ​មួយ​នៅឡើយ​ប្រសិនបើ​គិតពី​ចំនួន​សិស្ស​សរុប​នៅ​កម្ពុជា​ដែលមាន​ចំនួន​រាប់ម៉ឺន​នាក់។

ការបោះបង់​ការសិក្សា​ត្រូវបាន​ក្រសួង​អប់រំ និង​ដៃគូ​នានា​មើលឃើញថា មកពី​កត្តា​ជាច្រើន​ដូចជា បញ្ហា​ថវិកា បញ្ហា​នៃ​ការធ្វើដំណើរ និង​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។ នៅពេលដែល​សិស្ស​បាន​ចូលរៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ វ័យ​របស់​ពួកគេ​គឺជា​វ័យ​ដែល​ត្រូវ​បម្រើ​ការងារ​នានា​ដើម្បី​ស្វែងរក​ចំណូល​សម្រាប់​ធ្វើការ ហេតុនេះ​ការបោះបង់ចោល​ការសិក្សា​សម្រាប់​សិស្ស​នៅ​ជនបទ​គឺ​នៅតែ​ជា​ចំណុច​ប្រឈម​មួយ​ដែល​ត្រូវ​ដោះស្រាយ៕

Advertisement