លឹម លីឆាយ៖ កុំខ្លាចនឹងប្រឈមជាមួយបញ្ហាជីវិត តែត្រូវគិតឱ្យខ្លាំងលើគោលដៅ

យុវនារី​ម្នាក់​ដែល​កើតចេញពី​ត្រកូល​កសិករ​នៅ​ខេត្តកំពង់ចាម កញ្ញា លឹម លី​ឆាយបានធ្វើការ​ផ្លាស់ប្តូរ​ដំណើរ​ជីវិត​របស់ខ្លួន​ដ៏​គួរឱ្យភ្ញាក់ផ្អើលតាមរយៈ​​ការធ្វើដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​ជាច្រើនដើម្បី​ស្វែងយល់​ពី​បញ្ហា​នៃ​ការរស់នៅ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍។ យុវតី​ស្រដី​ផ្អែមនិង​ក្លាហាន​ខាងលើ​បាន​ឆ្លងកាត់​បញ្ហា​ព្យុះភ្លៀង​ជាច្រើន​ក្នុង​ជីវិត​សិក្សា ដោយ​ត្រូវ​ជម្នះ​បញ្ហា​ជីវភាព​ និង​យោបល់​អវិជ្ជមាន​របស់​អ្នកជិតខាង​ដែល​មិនសូវ​ឱ្យ​តម្លៃ​លើ​ជីវិត​កូនស្រី​នៅក្នុង​ការសិក្សា។

កញ្ញា លឹម លីឆាយ ជានិស្សិតអាហារូបករណ៍ដែលបានបញ្ចប់​ការសិក្សាមុខវិជ្ជានយោបាយ ទស្សនវិជ្ជា និង​សេដ្ឋកិច្ច(PPE: Politic, Philosophy and Economic) នៅ​សាកលវិទ្យាល័យ​អាស៊ី​សម្រាប់​ស្ត្រី (Asian University of Women) នៅ​ប្រទេស​បង់​ក្លា​ដែ​ស។

កញ្ញា លីឆាយ​ បាន​និយាយថា៖ «ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ សូមកុំខ្លាចនឹងប្រឈមជាមួយបញ្ហាក្នុងជីវិតតែត្រូវគិតឱ្យខ្លាំងលើគោលដៅ នោះទើបយើងមានកម្លាំងជំរុញ​ដើម្បីប្រឈមជាមួយនឹងរឿងពិបាកនានា»។

បើតាម​កញ្ញា លីឆាយ យុវជនកម្ពុជា ជាពិសេស​និស្សិតជាស្ត្រីដែលភាគច្រើនជាមនុស្សដែលត្រូវប្រឈមច្រើនជាមួយនឹង​ឧបសគ្គនានាក្នុងសង្គម ប្រពៃណី និង​ស្ថានភាពជាក់ស្តែងក្នុងការសិក្សាគួពង្រឹងភាពរឹងមាំរបស់ខ្លួនហើយរកឱ្យឃើញនូវអ្វីដែលខ្លួនស្រឡាញ់ដើម្បី​បង្កើតជាគោលដៅឱ្យបានច្បាស់លាស់។ ការរស់នៅក្នុងសង្គម គឺត្រូវការភាពរឹងមាំ ហើយមានគោលជំហរផ្ទាល់ខ្លួនដើម្បីធ្វើជាគំរូល្អដល់ស្ត្រីដទៃទៀត និងដើម្បីបង្ហាញ​ឱ្យច្បាស់ទៅមនុស្សមួយចំនួនដែលធ្លាប់មានគំនិតអវិជ្ជមានលើយើង។ ក្រោយពេលមានគោលដៅច្បាស់លាស់ហើយ យើងនឹងមានផ្លូវសម្រាប់ដើរ​ជាក់លាក់ហើយរូបភាពនៃក្តីស្រមៃទាំងអស់នោះ​នឹងបង្កើត​សុភមង្គលក្នុងគំនិត​ដែលវាជា​រូបភាព​ជំរុញឱ្យមនុស្សមានការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់។

ដើម្បីបង្ហាញពីភាពរឹងមាំពិតប្រាកដយុវតីដែលប្រកាន់គំនិតយ៉ាងច្បាស់លាស់ខាងលើ បាន​ព្យាយាមចេញទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ផ្សេងៗដើម្បី​ស្វែងយល់ និង​ចែករំលែក​ពី​ការតស៊ូ​ដើម្បី​ទទួលបាន​ការអប់រំ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​អន្តរជាតិ។ កញ្ញា លីឆាយ បាន​ចេញទៅ​សិក្សា​ទៅ​ដកស្រង់យក​បទពិសោធ​ និង​សិក្សា​នៅ​ទីក្រុង​ហុងកុង​លើ​ជំនាញ​សេដ្ឋកិច្ច​នយោបាយចេញទៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​សិក្សា​ពី​បញ្ហា​សង្គម​ពាក់ព័ន្ធ​នឹង​គ្រោះទឹកជំនន់ និង​រញ្ជួយ​ដី និង​ចេញទៅ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​កម្មសិក្សា ស្តីពី​ភាពជា​អ្នកដឹកនាំ(Leadership and International Cooperation)។ បទពិសោធ​ដែល​ទទួលបាន​ពី​ប្រទេស​អភិវឌ្ឍ​ន៍ទាំងអស់នោះ ត្រូវបាន​កញ្ញា លឹម លី​ឆាយយកមកចែក​រំលែក​ជាមួយ​យុវជន​នៅក្នុង​ប្រទេស​ដែល​នៅជិតៗសាកលវិទ្យាល័យ​របស់​គាត់ និង​ប្រទេស​កម្ពុជា​ដែលជា​ស្រុកកំណើត​របស់គាត់​ផងដែរ។

កញ្ញា លឹម លី​ឆាយ នឹង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​របស់គាត់ និង​ចេញទៅ​ធ្វើការ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​សិនមុននឹង​ត្រឡប់មក​ធ្វើការ​ងារ​ដែល​គាត់​ពេញចិត្ត​នៅ​កម្ពុជា​វិញ៕

Advertisement