ក្រសួងអប់រំ ស្នើឱ្យគ្រប់ភាគីសម្រួលការស្នាក់នៅសម្រាប់សិស្សប្រឡងបាក់ឌុបដែលខ្វះលទ្ធភាព

ការប្រឡងបាក់ឌុបជារឿងសំខាន់បំផុតសម្រាប់ជីវិតសិស្សវិទ្យាល័យ ហើយនៅពេលដែលប្រឡងបាក់ឌុបម្តងៗ សិស្សទាំងអស់ត្រូវចំណាយថវិកាច្រើនដើម្បីរៀបចំខ្លួនប្រឡង ការស្នាក់នៅ ចំណីអាហារ រួមទាំងសម្ភារៈមួយចំនួនទៀតដែលត្រូវការសម្រាប់ការប្រឡង។

ជាទូទៅ សិស្សដែលមានជីវភាពធូរធាមិនសូវជាមានបញ្ហាប៉ុន្មានទេជាមួយនឹងរឿងចំណាយទាំងអស់នេះ តែសម្រាប់សិស្សក្រីក្រ ហើយផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡងវិញ វាជាបន្ទុកយ៉ាងធ្ងន់មួយសម្រាប់ពួកគាត់ ហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតជូនទៅអភិបាលរាជធានី-ខេត្ត នានានៅកម្ពុជាដើម្បីជួយសម្រួលដល់បញ្ហាទាំងអស់នេះ។

នៅក្នុងលិខិតលេខ 4856 អយក.មចទ ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីជាការចូលរួមចំណែកសម្រាលបន្ទុកដល់បេក្ខជន ដែលមកពីគ្រួសារមានជីវភាពលំបាក ព្រមទាំងចូលរួមជួយជ្រោមជ្រែងជាកម្លាំងស្មារតីផង ក្រសួងអប់រំ ស្នើសុំកិច្ចគាំទ្រ និងកិច្ចសហការពីអភិបាលនៃគណៈអភិបាលរាជធានីខេត្តសូមឱ្យសម្របសម្រួលដល់បេក្ខជនក្នុងអំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិលើបញ្ហាមួយចំនួនដែលក្នុងនោះក៏មានការស្នាក់នៅ និងការសម្រួលចរាចរណ៍ផងដែរ។

សម្រាប់ការស្នាក់នៅ ក្រសួងអប់រំ ស្នើរសុំឱ្យអភិបាលខេត្តនានាជួយធ្វើយ៉ាងណាទប់ស្កាត់សណ្ឋាគារ និងផ្ទះសំណាក់កុំឱ្យដំឡើងថ្លៃ ឬអាចសម្រួលរៀបចំឱ្យសិស្សស្នាក់នៅក្នុងវត្ត និងសាលារៀនដែលនៅជិតមណ្ឌលប្រឡង។ ហើយចំពោះចរាចរណ៍វិញ គឺស្នើរសុំឱ្យធ្វើមានកម្លាំងសម្រួលដែលធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះដើម្បីឱ្យសិស្សបានចូលប្រឡងទាន់ពេលវេលាកំណត់៕

Advertisement