អៀង លីនដា៖ យុវជន​ឆ្នើម ​គឺជាអ្នកដែលមាន​គំនិត​ផ្តួចផ្តើមសម្រាប់អ្វីដែល​ថ្មី

សង្គម​ និង​យុវជន​ប្រៀប​បាន​ទៅនឹង​បេះដូង ​និង​សរសៃ​ឈាម​ដែល​តភ្ជាប់​គ្នា​ឥត​ដាច់​ក្នុងការ​ទ្រទ្រង់​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​ជាតិ​ឱ្យមាន​ភាព​ល្អ​ប្រសើរ​ឡើង។ ភាពជា​យុវជន​ឆ្នើម​មាន​សារៈ​សំខាន់​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​សង្គម​ ព្រោះ​គុណភាព​នៃ​ធនធាន​មនុស្ស គឺ​ប្រៀបបាន​ទៅ​នឹង​ទ្រព្យ​សម្បត្តិ​មហាសាល​ដែល​អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចេះរីងស្ងួត។ កាលណា​ប្រ​ទេស​​ជាតិ​មួយ​មាន​ភាព​សម្បូរ​បែប​ទៅ​លើ​យុវជន​ឆ្នើម​នោះ​ពិតជា​ធ្វើ​ឱ្យ​សង្គម​ជាតិ​មាន​កម្លាំង​ស្នូល​ប្រកប​ទៅ​ដោយ​គុណភាព​ខ្ពស់​ក្នុង​ការ​ផលិត​នូវ​សមិទ្ធផល​គំនិត​យ៉ាង​សម្បូរ​បែប​ក្នុងការ​ជំរុញ​ដល់​សង្គម​ឱ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។

កញ្ញា អៀង លីនដា គ្រូបង្វឹកនៃ​កម្មវិធី The Perspectives Cambodia និងជាម្ចាស់​ពាន​រង្វាន់​អ្នក​បន្ត​វេន​រដូវ​កាល​ទី3 នៃ​វិទ្យាស្ថាន​សាធាណរដ្ឋ​អន្តរជាតិ(IRI) បាន​បង្ហាញ​ថា ភាពជា​យុវជន​ឆ្នើម​ត្រូវតែ​ជា​មនុស្ស​ដែល​រឹងមាំ​ហើយ​ហ៊ាន​ធ្វើការ​សម្រេច​ចិត្ត​សម្រាប់​ជា​គំរូ​ដល់​អ្នក​ដទៃ។ លក្ខណៈ​ពិសេស​មួយទៀត​សម្រាប់​យុវជន​ឆ្នើម ​គឺមាន​គំនិត​ផ្តួចផ្តើម​សម្រាប់​អ្វីដែល​ថ្មី ហើយ​មាន​ប្រយោជន៍​សម្រាប់​​អភិវឌ្ឍ​ដូចជា​ការលើក​ទឹកចិត្ត​ឱ្យ​ស្ត្រី​ចូលរួម​នៅក្នុង​វិស័យ​ដឹកនាំ​ ឬ​ផ្លាស់ប្តូរ​ការ​គិត​អវិជ្ជមានសម្រាប់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ជាដើម។ សម្រាប់​យុវជន​ជា​ពិសេស​ស្ត្រី​កម្ពុជា​ត្រូវ​តែ​ហ៊ាន​ធ្វើ​អ្វីដែល​ខ្លួន​គិតថា​អាច​ធ្វើ​បាន​បើ​ទោះ​បី​ជា​មាន​បុគ្គល​ខ្លះ​គិតថា​​មិន​អាច​ធ្វើបាន​ក៏​ដោយ​អ្វីដែល​សំខាន់​គឺ​ចាប់ផ្តើម​សម្រេច​វា​ឱ្យបាន​ដោយ​ភាពជឿជាក់​លើ​ខ្លួនឯង។

កញ្ញា​ លីនដា បាន​បង្ហាញ​ថា៖ «ខ្ញុំ​ធ្លាប់​ត្រូវ​គេ​រិះគន់ថា​ជា​ក្មេងស្រី​ដែល​មាន​មាឌ​ល្អិតហើយទាបគ្មាន​ក្រុមហ៊ុន​​ណា​គេ​ជ្រើសរើស​ឱ្យ​ធ្វើ​ការ​នោះទេ​កុំថា​ឡើយ​ស្រមៃ​ចង់​ក្លាយជា​មេដឹកនាំ តែខ្ញុំនៅតែ​ជម្នះ​គំនិតទាំងអស់នោះដោយការខិតខំប្រឹងប្រែង ហើយបង្ហាញពីលទ្ធផលវិជ្ជមានជាក់ស្តែង​ទៅកាន់មនុស្សគ្រប់គ្នា»។

ម្ចាស់ពានរង្វាន់ និងជាអ្នកជំនាញ​និយាយសាធារណៈខាងលើ បានលើកឡើងផងដែរថាការដែលកញ្ញា ចូលរួមក្នុងសកម្មភាពសង្គម និងគ្រប់គ្រងគម្រោងមួយចំនួន​គឺដើម្បីបង្ហាញឱ្យឃើញពី​ភាពវិជ្ជមានមួយសម្រាប់ស្ត្រីកម្ពុជា ថាទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ការមានទំនុកចិត្តលើខ្លួនឯង ហើយចាប់ផ្តើមធ្វើនូវអ្វីដែលថ្មីប្រកបដោយភាពត្រឹមត្រូវនឹងអាចធ្វើឱ្យយើងទទួលបានជោគជ័យទាំងក្នុងការសិក្សា និងការងារ៕

 

Advertisement