ប្រព័ន្ធ​ទំនើបមួយ ដែល​បង្កើត​ដោយ Apple និង Google នឹង​យក​ទៅ​ជួយ​អាមេរិក​ ក្នុង​ការ​បង្ការ​មេរោគ COVID-19

ប្រព័ន្ធមួយដែល​មាន​​​ឈ្មោះ​ថា​ Contact Tracing ត្រូវ​បាន​ Apple និង Google រួម​គ្នា​បង្កើត​ឡើង ​សម្រាប់​តាមដាន​ការ​រាតត្បាត​នៃ​មេរោគ​កូវីដ​-19 ដែល​នឹងអនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន ​តាម​រយៈ​ Bluetooth រយៈ​ចម្ងាយ​ជិត​ និង​តាម​រយៈ​កម្មវិធី​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​​ស្ថាប័ន​សុខាភិបាល។

មុខ​ងារ​នៃ​បច្ចេកវិទ្យា​នេះ ត្រួសៗ​ ដែល​ត្រូវ​បាន​គេ​ដឹង​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ទាំង​2 ​គឺ វា​​ប្រើ​ប្រាស់​នូវ​ Bluetooth ចម្ងាយ​ជិត ​ដើម្បី​តាមដាន​ និង​ចែក​រំលែក​ទិន្នន័យ​ រវាង​ស្មាតហ្វូន​ដែល​ស្ថិត​នៅ​ជិតៗ​គ្នា នៅ​ពេលណា ​ដែល​​ដឹង​ថា​ ​ខ្លួន​មាន​មេរោគ​កូវីដ​-19 អ្នក​ប្រើ​ប្រាស់​អាច​រាយការណ៍​បានតាម​រយៈ​កម្មវិធី ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​បាន​ដឹង​ថា ​ពួក​គេ​ធ្លាប់​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​អ្នក​ជំងឺ​នោះ​ ឬ​អត់?។

ក្រុមហ៊ុន​ទាំង2 ​នឹង​រួម​គ្នា​បញ្ចេញ​នូវ API ​ ដែល​នឹង​អនុញ្ញាត​​ឱ្យ​​ឧបករណ៍ iOS និង Android អាច​ធ្វើ​​ការ​ទំនាក់ទំនង​នឹង​គ្នា​ដោយ​ផ្ទាល់​ តាមរយៈ​ Bluetooth នៅ​​ពាក់​កណ្ដាល​​ខែ​ឧសភា​ខាង​មុខ ។

​នៅ​ត្រឹម​ដំណាក់​កាល​នេះ អ្នក​ប្រើ​ប្រាស់​ត្រូវ​ធ្វើ​ការ​ទាញ​យក​កម្មវិធី ​ដើម្បី​ចូល​រួម​ក្នុង​ Contact Tracing នេះ​ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ខែ​ក្រោយ​ បន្ទាប់​ពី API សម្រេច​រួច​រាល់ ក្រុមហ៊ុន​ទាំង​2 ​នឹង​ធ្វើ​ការ​បង្កើត​មុខងារ Tracing នេះ​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ទាញ​យក​ឡើយ។​

រំឭក​ផង​ដែរ​ថា Apple និង Google នៅ​កំពុង​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​សុខភាព និង​ម្ចាស់​ភាគហ៊ុន​ដទៃ​ទៀត​អំពី​ការ​ដំណើរ​ការ​ប្រព័ន្ធ​​នេះ ព្រោះ​ថា ​វា​ជា​ប្រព័ន្ធ​ថ្មី​មួយ​ដែល​មាន​ភាព​ស្មុគស្មាញ​បំផុត៕

Advertisement