Hacker មួយក្រុម ព្យាយាមលួចចូលប្រព័ន្ធរបស់អង្គការសុខភាពពិភពលោក

លោក Flavio Aggio ដែលជាប្រធានផ្នែកសុវត្ថិភាពព័ត៌មានវិទ្យានៃអង្គការសុខភាពពិភពលោក ឬWHO បាននិយាយថា អត្តសញ្ញាណនៃ Hacker មិនទាន់កំណត់បាននោះទេ ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេមិនទទួលបានជោគជ័យឡើយ។ នេះបើតាមការចុះផ្សាយរបស់ Reuters។

លោកបានប្រាប់ថា ការប៉ុនប៉ង Hack ស្ថាប័នរបស់លោក និងដៃគូរបស់ស្ថាប័ន គឺមានការកើនឡើង ស្របពេលដែលពួកយើងកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ-19 ដែលបានសម្លាប់មនុស្សអស់ជាច្រើនម៉ឺននាក់នៅទូទាំងពិភពលោក។

ការប៉ុនប៉ងវាយប្រហារលើ WHO ត្រូវបាន Reuters ដឹងជាមុន តាមរយៈអ្នកជំនាញផ្នែកសុវត្ថិភាពលើអ៊ីនធើណិត គឺលោក Alexander Urbelis ដែលរូបលោកបានធ្វើការតាមដានសកម្មភាពលើអ៊ីនធើណិត ដែលគួរឱ្យសង្ស័យ។ លោក Urbelis និយាយថា លោកចាប់បានសកម្មភាពនៅអំឡុងថ្ងៃទី13 ខែមីនា ពេលដែល Hacker មួយក្រុមដែលលោកបានតាមដានកន្លងមក បានដំណើរការវេបសាយមានបង្កប់មេរោគមួយ ដែលបង្កើតឡើងយកលំនាំតាមប្រព័ន្ធអ៊ីមែលផ្ទៃក្នុងរបស់ WHO។

អ្នកជំនាញរូបនេះ និយាយថា មិនដឹងថានរណាជាអ្នកនៅពីក្រោយសកម្មភាពនេះទេ ប៉ុន្តែប្រភព 2ទៀតបានប្រាប់ Reuters ថា ពួកគេសង្ស័យលើក្រុម Hacker ដែលមានឈ្មោះថា DarkHotel ដែលពួកគេចាប់ផ្ដើមធ្វើសកម្មភាពយ៉ាងហោចណាស់ ក៏ចាប់តាំងពីឆ្នាំ2007 មកម្ល៉េះ។

លោក Urbelis និយាយថា លោកបានចាប់តាមដានវេបសាយរាប់ពាន់ដែលបង្កើតឡើងជារៀងរាល់ថ្ងៃក្នុងទ្រង់ទ្រាយទាក់ទងនឹងកូវីដ-19 ដែលភាគច្រើន គឺជាវេបសាយដែលមានបង្កប់មេរោគ៕

Advertisement