ឈប់ឱ្យលុយកុមារសុំទានតាមផ្លូវ ជាការរួមចំណែករំដោះក្មេងចេញពី​ការកេងប្រវញ្ច

នៅតាមទីសាធារណៈ និងនៅតាមដងផ្លូវធំៗដែលមានអ្នកដំណើរឆ្លងកាត់ច្រើនក្នុងទីប្រជុំជន អ្នកដំណើរគ្រប់គ្នានឹងបានឃើញក្មេងតូចៗដែលខ្លះមានកាន់ទារកផងនោះ បានដើរមករកអ្នកក្នុងទឹកមុខគួរឱ្យអាណិតដើម្បីសុំលុយ នោះគឺក្មេងសុំទាននៅតាមផ្លូវ។ អ្នកគ្រប់គ្នាប្រហែលជាប្រើអារម្មណ៍ផ្សេងៗគ្នាដើម្បីមើលទៅពួកគាត់ ដោយអ្នកខ្លះមើលទៅក្មេងសុំទានតាមផ្លូវថាជាក្មេងដ៏គួរឱ្យអាណិត ជាក្មេងអភ័ព្វ ឬជាក្មេងដែលគួរឱ្យសង្វេគជាទីបំផុត ខណៈអ្នកខ្លះទៀតបានមើលលើសពីរូបភាពក្មេងនេះទៅទៀត គឺពួកគាត់បានមើលឃើញពីអ្នកដែលនៅពីក្រោយខ្នងរបស់ក្មេងសុំទាន។

មិនបាច់ទៅមើលនៅទីណាឆ្ងាយនោះទេ គ្រាន់តែអ្នកគ្រប់គ្នាក្រឡេកមើលទៅជុំវិញបរិវេណនៃក្មេងៗដែលដើរសុំលុយតាមផ្លូវ អ្នកនឹងឃើញមានមនុស្សចាស់មួយក្រុម ដែលខ្លះកំពុងតែក្រងផ្កា (ឱ្យក្មេងដើរលក់) ខ្លះកំពុងជជែកគ្នា ខ្លះកំពុងសម្លឹងមើលសកម្មភាពក្មេងៗដែលសុំទាន និងខ្លះទៀតកំពុងផឹកស៊ីយ៉ាងសប្បាយ។

មនុស្សចាស់ទាំងអស់នោះ គឺជាអាណាព្យាបាលរបស់ក្មេងៗដែលដើរជាមួយគ្នាដើម្បីបង្កើតអារម្មណ៍ក្តុកក្តួល និងគួរឱ្យអាណិតទៅកាន់សាធារណជនទូទៅដែលភាគច្រើនជាអ្នកចូលចិត្តផ្តល់ទាន និងមានក្តីសណ្តោសដល់មនុស្ស រហូតទាញថវិកាពីហោប៉ៅហើយហុចឱ្យក្មេងទាំងអស់នោះទាំងក្នុងចិត្តរំពឹងគិតថា អាចធ្វើឱ្យក្មេងៗរួចផុតពីក្តីវេទនាបានមួយគ្រាដែរ។

ពាក្យខ្មែរពោលថា «ធ្វើល្អបានល្អ» ហើយមនុស្សចាស់របស់ខ្មែរ ក៏តែងតែប្រៀនប្រដៅក្មេងៗឱ្យចេះធ្វើទានដល់មនុស្សទូទៅដែលកំពុងខ្វះខាត តែកាលៈទេសៈនៃការផ្តល់ទានខ្លះ បែរទៅជាធ្វើបាបអ្នកដែលទទួលយកនូវអំណោយទាំងអស់នោះទៅវិញ។ បើគ្រាន់តែមើលនឹងភ្នែក យើងនឹងឃើញថាការធ្វើទានរបស់ប្រជាជនខ្មែរ នឹងបានទៅក្មេងៗដែលគួរឱ្យអាណិតនៅលើដងផ្លូវ តែបើយករូបភាពនេះទៅពិចារណាដោយឆ្លងកាត់ខួរក្បាលវិញម្តង យើងនឹងឃើញថាមនុស្សចាស់ដែលកំពុងអង្គុយសោយសុខជិតក្មេងសុំទានទៅវិញទេ ដែលជាអ្នកទទួលបាននូវលុយកាក់ដែលកើតចេញពីញើសឈាមរបស់អ្នកផ្តល់ទាន។

ប្រធាននាយកដ្ឋានសុខមាលភាពសង្គម លោក ឈួរ សុបញ្ញា បានលើកឡើងថា៖ «ការធ្វើទានទៅកាន់មនុស្សដែលកំពុងខ្វះខាតពិតជាល្អ តែប្រសិនបើការធ្វើទាននោះ បែរជាបង្កើនទម្ងន់អាក្រក់អ្នកដែលទទួលយកទាននោះ វាកំពុងធ្វើបាបក្មេងទៅវិញទេ»។

លោកបានបន្តថា ប្រសិនបើមនុស្សគ្រប់គ្នានៅកម្ពុជា គិតដល់រូបភាពអាក្រក់នៃការរំលោភបំពានលើកុមារទាំងអស់នោះ អ្នកនឹងឈប់ធ្វើឱ្យលុយជាទានទៅក្មេងសុំទាននៅតាមផ្លូវបន្តទៅទៀតហើយ។ អ្នកគ្រប់គ្នាអាចគិតទៅមើលថា ការផ្តល់ទានដូចក្នុងស្ថានភាពបច្ចុប្បន្ននេះ បានជះផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?

ជាការពិតណាស់ អ្វីក៏ដោយ ក្នុងលោកនេះសុទ្ធតែមានផលល្អ និងមិនល្អរបស់វា គ្រាន់តែរឿងខ្លះមានផលវិជ្ជមាន ច្រើនជាងផលអវិជ្ជមាន ហើយរឿងខ្លះមានផលអវិជ្ជមានច្រើនជាងផលវិជ្ជមាន។ បើគិតពីការផ្តល់ទានដល់ក្មេងសុំទានតាមផ្លូវ យើងឃើញថាគុណសម្បត្តិ គឺគ្រាន់តែធ្វើឱ្យយើងរំសាយចិត្តអាណិតបានមួយគ្រាខ្លី ឬធ្វើឱ្យយើងទទួលបាននូវបុណ្យកុសលតាមរយៈចិត្តជ្រះថ្លា តែបើគិតពីផលអវិជ្ជមានវិញ យើងនឹងឃើញថាការផ្តល់ទាននេះ ហាក់ដូចជាកំពុងធ្វើបាបដល់ក្មេងទៅវិញទេ។

តើគិតត្រង់ចំណុចណា ទើបឃើញថាអ្នកកំពុងធ្វើបាបក្មេង សូមពិចារណាទាំងអស់គ្នា។ អ្នកទាំងអស់គ្នាប្រហែលជាគិតថាការធ្វើទាននេះជារឿងល្អ តែបើផលប៉ះពាល់នៃក្មេងៗដែលសុំទានអ្នកនឹងភ្ញាក់ខ្លួនឯង។

ជាធម្មតា ក្មេងណាក៏ដូចក្មេងណាដែរ សុទ្ធតែត្រូវការភាពកក់ក្តៅ ត្រូវការចំណេះដឹង ត្រូវការការយកចិត្តទុកដាក់ និងត្រូវការកិត្តិយសនឹងគេដែរ តែក្មេងសុំទាន គ្មានសិទ្ធិសូម្បីតែទទួលលក្ខខណ្ឌខ្លះនៃចំណុចទាំងអស់នោះទេ។ ការឱ្យទានរបស់អ្នកទាំងអស់គ្នា គឺហាក់បីដូចជាកំពុងរុញច្រានក្មេងៗឱ្យកាន់តែឆ្ងាយពីការអប់រំ កាន់តែរុញមនុស្សច្រើនឡើងឱ្យបាត់បង់កិត្តិយសទាំងវ័យក្មេង ហើយក៏កាន់តែរុញឱ្យមនុស្សធំៗមួយចំនួនកាន់តែសប្បាយនឹងការកេងប្រវ័ញ្ចក្មេងៗ។

គ្រាន់តែ អ្នកមិនឱ្យទានទៅកាន់ក្មេងៗសុំទានតាមផ្លូវ អ្នកទាំងអស់គ្នាហាក់បានជួយសង្គ្រោះក្មេងៗជាច្រើនដែលកំពុងរង់ចាំឱកាសទាំងអស់នេះ។

ពួកគាត់រង់ចាំឱកាសរួចផុតពីគុកដែលឥតជញ្ជាំងនៃមនុស្សធំដែលគ្រោងដាក់គាត់ពេញមួយជីវិត តាមរយៈការប្រើពួកគាត់ជាឧបករណ៍រកលុយ។ នៅពេលដែលអ្នកឈប់ឱ្យលុយ ក្មេងៗអាចនឹងស្ថិតក្នុងស្ថានភាពអាក្រក់ជាងមុនបើមនុស្សចាស់ប្រើល្បិចកាន់តែពិសពុលដើម្បីប្រើក្មេងឱ្យរកលុយ តែក៏អាចធ្វើឱ្យក្មេងក្លាយជាមនុស្សដែលត្រូវបានគេដោះលែងឱ្យចូលសាលាព្រោះអាជីពសុំទានបែបអនាធិបតេយ្យនេះនឹងត្រូវបាត់បង់៕

Advertisement