ជឿគេថា អង់តែនសេវា 5G ជាអ្នករាតត្បាតកូវីដ-19 ពលរដ្ឋអង់គ្លេសដុតឆេះអស់ 3

តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានល្បីៗ​បាន​ឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​ក៏មាន​បង្គោល​អង់តែន 5G ចំនួន​៣ ដែរ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​​ក្នុង​រយៈពេល​ 1​សប្ដាហ៍​កន្លង​ទៅ ដោយ​សារតែជំនឿ​មិន​ពិតនៅ​លើប្រព័ន្ធ​អនឡាញ​ ដែល​បានចោទថា ​បង្គោល​អង់តែន​នេះ​ បានបង្ក​ការ​រាតត្បាត​​ជំងឺ​កូវីដ​-19។​

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍ Vodafone UK បាន​បញ្ជាក់​ថា ​មាន​បង្គោល​អង់តែន​ចំនួន 4 បាន​ក្លាយ​ជា​មុខ​សញ្ញា​​ក្នុង​រយៈពេល 24ម៉ោង​ទៅ​មុខ​ទៀត។

ពាក្យ​ចចាមអារ៉ាម និង​ការ​យល់​ឃើញ​ទាក់ទង​នឹង​ការ​បញ្ចេញ​សេវា​ 5G និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-19​ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​​ទូលំទូលាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម។
ក្រុម​ជា​ច្រើន​ដែល​មាន​វត្តមាន​លើ Facebook និង Nextdoor មាន​សមាជិក​ក្រុម​ជា​ច្រើន​បាន​បន្ត​ចែក​រំលែក​​ការ​អះអាង​មិន​ពិត​ថា​ 5G គឺ​បង្ក​ផល​ប៉ះពាល់។

មាន​ការ​យល់​ឃើញ​មួយ​បានអះអាង​ថា ​ជំងឺ​កូវីដ​-19 ​មាន​ប្រភព​ចេញ​ពី​ទីក្រុង Wuhan ​ក៏​ព្រោះ​តែ​​ទីក្រុង​នៃ​ប្រទេស​ចិនមួយ​នេះ ​បាន​បញ្ចេញ​សេវា​ 5G កាល​ពី​ថ្មីៗ​កន្លង​ទៅ។ វា​អាច​រាតត្បាត​ដល់​ទីក្រុង​ដទៃ​ទៀត ​ដែល​មាន​ប្រើ​ប្រាស់​សេវា 5G ដូច​គ្នា។

ការ​យល់​ឃើញ​គ្មាន​ភាព​​​ច្បាស់​លាស់​នេះ បាន​រំឭក​ថា​ជំងឺ​​ឆ្លង​​អាច​រាតត្បាត​​កាន់​តែ​ខ្លាំង​​ទៅ​កាន់​ទីក្រុង​​ណា​ដែល​មាន​ប្រជាជន​ច្រើន ​និង​មាន​ប្រើ​សេវា 5G។

មក​ទល់​ពេល​នេះ គ្មាន​​ភ័ស្តុតាង​ខាងវិទ្យាសាស្ត្រ​ណា​មួយ បង្ហាញ​ថា ​ជំងឺ​រាតត្បាត​កូវីដ​-19 មាន​ទាក់ទង​នឹង 5G នោះ​ទេ ហើយ​ក៏​មិន​មាន​ភ័ស្តុតាង​បង្ហាញ​ថា​ 5G មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​នោះ​ដែរ៕​​​​

Advertisement