កុំមើលរំលងកុមារ ព្រោះពួកគេអាចជាធនធានយ៉ាងប្រសើរនៅថ្ងៃខាងមុខ

កុមារជាអ្នកបន្តវេននៅលើគ្រប់វិស័យ ហើយអនាគតរបស់កុមារតូចអាចឆ្លុះបញ្ចាំងពីអនាគតរបស់សង្គមទាំងមូល។ ផ្តើមចេញពីការអភិវឌ្ឍសមត្ថភាពរបស់កុមារ យើងអាចនឹងទទួលបានយុវជនដែលពោរពេញទៅដោយភាពច្នៃប្រឌិតនាប៉ុន្មានឆ្នាំបន្ទាប់ ស្របពេលដែលគ្រប់ប្រទេសទាំងអស់លើពិភពលោកចាប់ផ្តើមងាកចំណាប់អារម្មណ៍លើការអភិវឌ្ឍធនធានមនុស្ស។

តាមការបង្ហាញរបស់អង្គការ UNICEF នៅកម្ពុជា បានលើកឡើងថា កុមារគ្រប់រូបចាប់កំណើតលើលោកនេះ មានការស្រមើស្រមៃ និងសក្តានុពលដែលគ្មានដែនកំណត់។ សូមកុំចាត់ទុកកុមារថា គាត់ត្រឹមតែជាមនុស្សតូច ព្រោះតាមពិតទៅពួកគាត់ គឺអាចជាអ្នកវិទ្យាសាស្រ្តវ័យក្មេង។ ការលើកឡើងបែបនេះគឺផ្អែកលើការស្រាវជ្រាវពី គុណសម្បត្តិរបស់កុមារតូចដែលមានលក្ខណៈប្លែកពីមនុស្សធំ និងរឿងអស្ចារ្យជាច្រើនទៀតដែលមនុស្សធំធ្វើមិនដូច។

រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន ធ្លាប់បានលើកឡើងផងដែរថា ការបង្កើនសមត្ថភាពរបស់កុមារតូចមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាណាព្យាបាល ហើយវាកាន់តែសំខាន់ទៅទៀតសម្រាប់សង្គមទាំងមូល ហេតុនេះហើយទើបក្រសួងអប់រំ បានសហការជាមួយដៃគូនានាដើម្បីផ្តល់ការបណ្តុះបណ្តាលកុមារតាំងពីនៅបឋមសិក្សា។
ក្រសួងក៏បានបញ្ចូលនូវការបណ្តុះបណ្តាលផ្នែកជំនាញទន់បន្ថែមទៀតផងដែរដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជាមានគុណភាពឆ្លើយតបជាមួយនឹងតម្រូវការសង្គមតាំងពីនៅក្មេងៗ ហើយអ្វីទាំងអស់នោះគឺបង្ហាញឱ្យឃើញពីជំហានវិជ្ជមានមួយ ដែលគ្រប់គ្នាសង្ឃឹមថាកម្ពុជាអាចនឹងទទួលបានធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីអភិវឌ្ឍសង្គមទាំងមូលនាថ្ងៃអនាគត៕

Advertisement