Samsung ប្រកាសថា អេក្រង់ LCD នឹងត្រូវឈប់ផលិតបន្ថែមទៀតហើយ

Samsung Display ក្រុមហ៊ុន​ផលិត​បន្ទះ​អេក្រង់​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ផ្នែក​មួយ​របស់ ​Samsung Electronics បាន​សម្រេច​ចិត្តថា នឹង​បញ្ឈប់​ការ​ផលិត​បន្ទះ​អេក្រង់ LCD នៅ​ក្នុងប្រទេសកូរ៉េ និង​​ចិន​ នៅ​ត្រឹម​ដំណាច់​ឆ្នាំ2020នេះ។

ក្រុមហ៊ុន​ដដែល​ខាង​លើ បាន​ប្រកាស​ថា ​ការផ្អាក​ចង្វាក់​ផលិតកម្ម​​ អេក្រង់​ LCD នៅ​ក្នុង​ទឹក​ដី​ប្រទេស​កូរ៉េ​ខាងត្បូង​​របស់​ខ្លួន គឺដោយ​សារ​តម្រូវ​ការ​អេក្រង់ LCD នៅលើទីផ្សារ មាន​​ការ​ថយ​ចុះ តាំង​ពី​ខែ​តុលា​ ឆ្នាំ​កន្លង​ទៅម្ល៉េះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍ Samsung Display បាន​បន្ថែមថា៖ “​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ យើង​នឹង​បន្តផ្គត់ផ្គង់​ការ​កុម្ម៉ង់​អេក្រង់ LCD ជូន​ដល់​អតិថិជន ដោយ​គ្មាន​​បញ្ហា​អ្វី​ឡើយ​”

Samsung Display បាន​ផលិត​អេក្រង់ LCD សម្រាប់​ផលិតផល​ដូច​ជា iPhone, iPad និង Mac ផង​ដែរ ប៉ុន្តែ​តម្រូវ​ការ​ មាន​ការ​ធ្លាក់​ចុះ ​ដោយ​សារ Apple និង​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដទៃ​ងាក​ទៅ​ប្រើ​អេក្រង់ OLED វិញ។

អេក្រង់ OLED នេះ​ក៏​ Samsung Display ជា​អ្នក​ផ្គត់ផ្គង់​ដែរ ដោយ​អាច​ទទួល​បាន​ចំនួន​កុម្ម៉ង់​​ទិញ​ដ៏​ធំ​ពី Apple សម្រាប់ iPhone តម្លៃ​ថ្លៃ និង​ Apple Watch ហើយ LG ក៏ទទួល​បាន​មួយ​ចំណែក​ដែរ​ពី Apple។ ​

ក្រុមហ៊ុន​ BOE អាច​នឹង​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​អេក្រង់ OLED ឱ្យទៅ Apple​​ មួយ​ថ្មី​ផង​ដែរ។ នេះបើតាម​ការ​ចុះ​ផ្សាយ​កន្លង​មក​សម្រាប់​ឆ្នាំ2020 ឬ 2021៕

Advertisement