ហេតុអ្វីប្រទេសអភិវឌ្ឍន៍ចំណាយលុយកាន់តែច្រើនលើការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ (University Research)?

ការសិក្សាស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ (University Research) ជាផ្នែកយ៉ាងសំខាន់មួយដែលចូលរួមចំណែកយ៉ាងខ្លាំងដល់ប្រទេសអភិវឌ្ឍន៍ធំៗដូចជាអាមេរិក ចិន និងប្រទេសនៅអឺរ៉ុបជាច្រើនផ្សេងទៀត។

ហេតុនេះហើយទើបប្រទេសទាំងអស់នោះបានបញ្ចូលនូវកញ្ចប់ថវិកាជាតិជាច្រើនទៅក្នុងគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍ។

តាមការបញ្ជាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា មានប្រទេសកាន់តែច្រើនឡើងៗនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមបង្កើនថវិកាជាតិ សម្រាប់ស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ (University Research) ដោយប្រទេសខ្លះបញ្ចេញខ្ទង់ចំណាយច្រើនភាគរយជាងសហរដ្ឋអាមេរិកថែមទៀតផងនាពេលថ្មីៗនេះ។

សហរដ្ឋអាមេរិកដែលធ្លាប់ជាប្រទេសចំណាយច្រើនជាងគេនៅក្នុងការស្រាវជ្រាវបានធ្លាក់ដល់លំដាប់ថ្នាក់ទី28 កាលពីឆ្នាំ2017ថ្មីៗនេះ ខណៈប្រទេសអភិវឌ្ឍជឿនលឿនមួយចំនួនដូចជា ប្រទេសស្វីស ដាណឺម៉ាក និងណ័រវេសជាដើម ស្ថិតនៅលើចំនុចកំពូលនៃតារាង។

បើតាមប្រវត្តិនៃការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ (University Research) បានឱ្យដឹងថាការស្រាវជ្រាវប្រភេទនេះធ្លាប់បានជួយឱ្យសហរដ្ឋអាមេរិកដើរតួនាទីសំខាន់ក្នុងពិភពលោក ផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចចាប់តាំងពីសង្គ្រាមលោកលើកទី2បានបញ្ចប់មក។

ដោយហេតុនេះហើយទើបអាមរិកបានចំណាយថវិកាប្រមាណ 0.2% នៃប្រាក់ចំណូលប្រចាំឆ្នាំសរុប (GDP) សម្រាប់ឆ្នាំ 2017 ដើម្បីបញ្ចូលទៅក្នុងមូលនិធិស្រាវជ្រាវក្នុងសាកលវិទ្យាល័យរបស់ខ្លួន។

បើយោងតាមមូលនិធិព័ត៌មាន បច្ចេកវិទ្យា និងនវានុវត្តន៍ (Information Technology and Innovation Foundation) បានឱ្យដឹងថាប្រទេសដែលបានចំណាយថវិកាជាតិច្រើនជាងគេ លើគម្រោងស្រាវជ្រាវក្នុងសាកលវិទ្យាល័យលើពិភពលោកគឺប្រទេសដាណឺម៉ាក។

ប្រទេសនេះចំណាយថវិកាប្រមាណ 0.76% នៃ GDP តាមពីក្រោយដោយប្រទេសដាណឺម៉ាកដែលចំណាយ 0.72% និងប្រទេសណ័រវ៉េសដែលចំណាយថវិកាប្រមាណ 0.64% នៃ GDP ក្នុងឆ្នាំ 2017។

ចំណែកឯប្រទេសអភិវឌ្ឍជាច្រើនផ្សេងទៀតក៏បានចំណាយថវិកាច្រើនផងដែរលើគម្រោងស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ ដូចជាប្រទេសស៊ុយអែត ប្រទេសអូទ្រីសប្រទេសហ្វាំងឡង់ ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរីជាដើម។

មូលហេតុសំខាន់ៗដែលធ្វើឱ្យប្រទេសទាំងអស់នោះចំនាយថវិកាច្រើនក្នុងការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យគឺ ដោយសារតែការស្រាវជ្រាវទាំងអស់នេះជាកូនសោរគន្លឹះសម្រាប់ការតម្រង់ទិសដៅគោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗរបស់ប្រទេស។

វាជាច្រកយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មាន និងសិក្សាលម្អិតពីលក្ខខណ្ឌជាក់ស្តែងនៅក្នុងប្រទេស ដែលអនុញ្ញាតឱ្យគេអាចដឹងពីតម្រូវការនានាដែលត្រូវបំពេញបន្ថែម និងវិស័យសក្តានុពលដែលគួរតែជំរុញឱ្យមានការអភិវឌ្ឍ។

បន្ថែមពីលើនេះ ទន្នន័យទាំងអស់នេះក៏អាចនឹងធ្វើឱ្យប្រទេសនីមួយៗ ងាយស្រួលក្នុងការរៀបចំខ្លួន ដើម្បីអភិវឌ្ឍលក្ខណៈសម្បត្តិសម្រាប់ប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗនានាលើពិភពលោក ជាពិសេសលើផ្នែកសេដ្ឋកិច្ច និងនវានវត្តន៍។

ទិន្នន័យបង្ហាញពីការចំណាយលើការស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យ

របាយការណ៍ដែលទទួលបានពីអ្នកជំនាញនៃសាកលវិទ្យាល័យនីមួយៗ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់វិស័យឯកជនផងដែរដើម្បីពួកគេងាយស្រួលបត់បែន និងរៀបចំយុទ្ធសាស្ត្រឱ្យត្រូវតាមស្ថានភាពជាក់ស្តែងនៅក្នុងប្រទេស។

លើសពីនេះទៅទៀត ភាគីនានាទាំងរដ្ឋ និងឯកជន ក៏អាចទទួលបានព័ត៌មានច្បាស់លាស់ពីការព្យាករណ៍ ឬពីការព្រមាននានាដែលអ្នកស្រាវជ្រាវទទួលបានចំពោះវិបត្តិដែលអាចកើតមាននៅពេលអនាគតថែមទៀតផង ដែលធ្វើឱ្យទូទាំងប្រទេសអាចត្រៀមខ្លួនបានល្អដើម្បីដោះស្រាយវិបត្តិដែលអាចនឹងកើតមានឡើង។

សម្រាប់គ្រឹះស្ថានអប់រំផ្ទាល់ក៏អាចទទួលបានព័ត៌មានកាន់តែសំខាន់ សម្រាប់ការឆ្លើយតបជាមួយនឹងតម្រូវាការរបស់សង្គម។ ជាទូទៅ គ្រឹះស្ថានអប់រំជាផ្នែកសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍ ព្រោះគ្រឹះស្ថានអប់រំជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស។

ហេតុនេះដើម្បីផលិតធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ ទាន់តម្រូវការរបស់សង្គម និងពិភពលោក លុះត្រាតែគ្រឹះស្ថានអប់រំដឹងច្បាស់ពីចរន្តនៃភាពប្រែប្រួលនាថ្ងៃអនាគតបន្ថែមពីលើតម្រូវការជាក់ស្តែង។

នៅពេលកម្មវិធីសិក្សាត្រូវបានរចនាឡើងដោយមានព័ត៌មានច្បាស់លាស់ នោះធនធានមនុស្សនៃប្រទេសនោះនឹងក្លាយជាមនុស្សខ្លាំងបើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសគឺក្នុងពេលដែលបច្ចេកវិទ្យាកាន់តែដើរតួនាទីសំខាន់លើពិភពលោក។

ហេតុនេះហើយទើបប្រទេសអភិវឌ្ឍធំៗទាំងអស់នោះ តែងតែអាចបត់បែនបានគ្រប់កាលៈទេសៈ និងងើបឡើងវិញពីវិបត្តិបានយ៉ាងងាយ ព្រោះគេមានធនធានមនុស្សប្រកបដោយសមត្ថភាព និងព័ត៌មានជាក់លាក់៕

Advertisement