របប​អាហារ​សម្រាប់​កុមារ​អាច​កំណត់​វាសនា​អនាគត​សង្គម​បាន​

របប​អាហារ​សម្រាប់​កុមារ​ ជាផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ មិន​ថា​តែ​ក្នុង​ប្រទេស​ដែល​អភិវឌ្ឍន៍​ហើយ​ ឬប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​នោះ​ទេ​។ ការ​គិតគូរ​ពី​របប​អាហារ​សម្រាប់​ទ្រទ្រង់​សុខភាព​កុមារ​ គឺជា​ចំណុច​ចម្បង​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ ព្រោះ​ប្រសិនបើ​កុមារ​មាន​រាងកាយ​ និង​សុខភាព​ទន់ខ្សោយ​ អនាគត​ធនធានមនុស្ស​នៅក្នុង​សង្គម​ ឬក្នុង​ប្រទេស​មួយ​នោះ​ នឹង​ជួប​បញ្ហា​ជាមិនខាន​។

តាម​ការ​បញ្ជាក់​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ បានឱ្យ​ដឹង​ថា​ សិស្សសាលា​នៅ​ប្រទេស​ជប៉ុន​ ត្រូវ​បាន​គេ​គិតគូរ​យ៉ាង​ល្អិតល្អន់​ និង​បាន​ក្លាយ​ទៅជា​គម្រោង​ដ៏​មាន​សារៈសំខាន់​ក្នុង​ប្រព័ន្ធ​អប់រំ​។ គម្រោង​គ្រប់គ្រង​របប​អាហារ​ និង​សារធាតុ​ចិញ្ចឹម​ (nutrient​) នេះ​ត្រូវ​បាន​ធ្វើឡើង​អស់​រយៈពេល​ជាង​ 10ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​ជប៉ុន​ ដោយសារតែ​ប្រទេស​នេះ​យល់ថា​ ការ​យកចិត្ត​ទុកដាក់​ពី​សុខភាព​របស់​សិស្ស​ ជាផ្នែក​សំខាន់​សម្រាប់​ការ​កសាង​អនាគត​ធនធានមនុស្ស​នៅក្នុង​ប្រទេស​។ ប្រសិន​បើ​កុមារ​មាន​សុខភាព​ល្អ​ មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ នោះ​ស្មារតី​ និង​ការសិក្សា​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ទៅតាម​នោះ​ដែរ​។ ហេតុនេះ​ហើយ​ទើប​គេ​សង្កេតឃើញ​ថា​ ប្រជាជន​ជប៉ុន​ ជាច្រើន​បាន​ទទួលជោគជ័យ​ក្នុង​ការសិក្សា​ និង​បានសម្រេច​នូវ​នវានុវត្តន៍​ជាច្រើន​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​សង្គម​។

ស្ថាប័ន​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ប្រទេស​ជប៉ុន​ សិស្សានុសិស្ស​ត្រូវ​បាន​គេ​លើកទឹកចិត្ត​ឱ្យ​ចូលរួម​រៀបចំ​អាហារ​ថ្ងៃត្រង់​ បម្រើសេវា​កម្ម​ និង​សម្អាត​ក្រោយពេល​ញ៉ាំ​អាហារ​រួច​នៅក្នុង​សាលា​របស់​ពួកគេ​ ទាំងអស់​នេះ​គឺ​ដើម្បី​ឱ្យ​សិស្ស​យល់ដឹង​កាន់តែ​ច្រើន​ពី​ការ​ធ្វើ​អនាម័យ​ និង​ការ​គិតគូរ​ខ្ពស់​អំពី​សុខភាព​នៃ​ការរស់នៅ​។ បន្ថែម​ពីលើ​នេះ​ សិស្ស​ទាំងអស់​ក៏​ត្រូវ​បាន​គិតគូរ​ និង​យកចិត្ត​ទុកដាក់​ដោយ​ការ​អភិវឌ្ឍ​មុខម្ហូប​ណា​ដែល​ល្អ​សម្រាប់​សុខភាព​ ហើយ​ចេញមុខ​ម្ហូប​នេះ​សម្រាប់​អនុវត្ត​នៅ​គ្រប់​សាលា​ទាំងអស់​ទូទាំង​ប្រទេស​។ អ្វី​ដែល​ចម្លែក​សម្រាប់​ប្រទេស​ជប៉ុន​ និង​ខុសពី​បណ្តា​ប្រទេស​ក្នុង​តំបន់​នានា​នោះ​ គឺ​ដោយសារតែ​ភាព​ស្អាត​ និង​ការទទួលខុសត្រូវ​បាន​ល្អ​។ ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​របស់​សិស្ស​ គឺ​ធ្វើ​នៅក្នុង​ថ្នាក់រៀន​ផ្ទាល់​តែម្តង​ មិន​មែន​ញ៉ាំ​អាហារ​ក្នុង​អាហារដ្ឋាន​នោះ​ទេ​ ព្រោះ​ប្រទេស​ជប៉ុន​គិតថា​ ការ​ញ៉ាំ​អាហារ​ក៏​រាប់ថាជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការអប់រំ​ផង​ដែរ​។

នៅក្នុង​សាលារៀន​នៅ​ប្រទេស​ជប៉ុន​ សិស្ស​ទាំងអស់​សុទ្ធតែ​ញ៉ាំ​អា​ហារ​ដូច​ៗគ្នា​ ព្រោះ​មុខម្ហូប​ដែល​គេ​ចេញ​ឱ្យ​នោះ​ គឺ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ និង​ល្អ​សម្រាប់​គ្រប់គ្នា​។ អាហារ​ទាំងអស់​នោះ​ គឺ​ត្រូវ​បាន​ថ្លឹងថ្លែង​ឱ្យ​មាន​តុល្យភាព​រវាង​សាច់​ ត្រី​ និង​សារធាតុ​ចិញ្ចឹម​ពី​បន្លែ​ មិន​ឱ្យ​ផ្នែក​ណាមួយ​លើស​ ឬខ្វះ​ឡើយ​។ ហេតុនេះ​ហើយ​ ទើប​ជប៉ុន​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា​ ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ OECD​ ដែល​មាន​អ្នក​លើស​ទម្ងន់​តិច​ជាងគេ​បំផុត​។ យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​ UNICEF​ បានឱ្យ​ដឹង​ថា​ ដោយសារតែ​របប​អាហារ​ល្អ​ សិស្ស​ក៏​មានស្មារតី​ល្អ​ និង​អភិវឌ្ឍ​បាន​លឿន​ផង​ដែរ​។ អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​ប្រជាជន​ ឬសិស្ស​ជប៉ុន​នោះ​ គឺ​មនុស្ស​ម្នា​ក់ៗ​មាន​ទំហំ​រូបរាង​(មាឌ​)ប្រហាក់​ប្រហែលគ្នា​ និង​យកចិត្ត​ទុកដាក់​ចំពោះ​សុខ​ភាព​ដូច​ៗគ្នា​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ក៏​កំពុង​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​របប​អាហារ​ផង​ដែរ​ក្នុង​ស្ថាប័ន​អប់រំ​ ជាពិសេស​បណ្ដា​ប្រទេស​នៅក្នុង​ទ្វីបអឺរ៉ុប​ និង​អាមេរិក​។ អាហារ​ប្រពៃណី​មួយចំនួន​ និង​អាហារ​លឿន​ៗ (fast​ food​) រួម​ទាំង​ភេសជ្ជៈ​ និង​បង្អែម​បាន​ក្លាយជា​ចំណូលចិត្ត​ ឬធ្វើ​ឱ្យ​កុមារ​ញៀន​នឹង​ការ​ញ៉ាំ​អាហារ​ទាំងអស់​នោះ​។ វា​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើ​ឱ្យ​ក្មេង​នៅក្នុង​តំបន់​មួយចំនួន​មាន​អាការ​ធាត់​ជ្រុល​ បាត់បង់​សម្បទា​ក្នុង​ការ​លេង​កីឡា​ និង​មិន​អាច​អភិវឌ្ឍ​ការ​គិត​បាន​ល្អ​ បើ​ទោះបីជា​ប្រទេស​ទាំងអស់​នោះ​ជា​ប្រទេស​ដែល​មាន​វិស័យ​សុខាភិបាល​ជឿនលឿន​ក៏ដោយ​។

បន្ថែម​ពីលើ​នេះ​ ពួកគេ​ក៏​ចាប់ផ្តើម​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ឡើងលើ​កុមា​រតូចៗ​នៅក្នុង​សាលា​ដោយ​ការ​បញ្ចូល​ពី​ការអប់រំ​ផ្នែក​អាហារ​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​។ នៅ​តាម​តំបន់​ខ្លះ​គេ​ជឿជាក់​ថា​ ការ​អភិវឌ្ឍ​លឿន​ផ្នែក​វិទ្យាសាស្ត្រ​នឹង​ធ្វើ​ឱ្យ​មនុស្ស​ធ្វើ​ពលកម្ម​កាន់តែ​តិច​ទៅ​ ស្រប​ពេល​ដែល​របប​អាហារ​កាន់តែ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ឡើង​សម្រាប់​មនុស្ស​។

បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នី​មួយ​ៗត្រូវ​ចំណាយ​ច្រើន​លើ​ការ​ចេញថ្លៃ​ព្យាបាល​ និង​ខាត​បង់​ផលិតភាព​ការងារ​នៅពេល​ពួកគេ​មាន​បញ្ហា​សុខភាព​ ដែល​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ទៅលើ​ផ្នែក​ផ្សេង​ៗទៀត​នៅក្នុង​សង្គម​។ ហេតុនេះ​ហើយ​ទើប​ការ​អប់រំ​ពី​បញ្ហា​សុខភាព​ និង​អាហារ​នៅ​តាម​សាលារៀន​ជា​យន្តការ​ដ៏​សំខាន់​មួយ​ដែល​គ្រប់​ប្រទេស​ទាំងអស់​កំពុង​យកចិត្ត​ទុកដាក់​៕

Advertisement