កម្មវិធី​ Technovation​ Cambodia​ 2020​ ចាប់​ផ្តើម​បើក​ឱ្យ​ដាក់ពាក្យ​ហើយ​

កម្មវិធី​ Technovation​ Cambodia​ ដែល​ជា​កម្មវិធី​ផ្តល់​ឱកាស​ឱ្យ​យុវតី​វ័យក្មេង​កម្ពុជា​បាន​សិក្សា​កសាង​សមត្ថភាព​ និង​ប្រកួតប្រជែង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ បាន​ចាប់ផ្តើម​បើក​ឱ្យ​បេក្ខជន​ចុះឈ្មោះ​សាជាថ្មី​ហើយ​សម្រាប់​ឆ្នាំ2020​ ខាងមុខនេះ​។

បេក្ខជន​អាច​ចុះឈ្មោះ​ឱ្យ​បាន​មុន​ថ្ងៃទី​ 10​ ខែធ្នូ​ ឆ្នាំ2019​ ខាងមុខនេះ​ដើម្បី​ទទួល​ចំណេះ​ដឹង​ថ្មី​ៗទាក់ទង​នឹង​ផ្នែក​ដ៏​មាន​សារប្រយោជន៍​ជាច្រើន​ដូចជា​សហគ្រិនភាព​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជាដើម​។ កម្មវិធី​នេះ​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​រយៈពេល​ 12សប្តាហ៍​ ទៅលើ​កុមារី​ ឬយុវនារី​ចាប់ពី​អាយុ​ 10ឆ្នាំ​ ដល់អាយុ​ក្រោម​ 19ឆ្នាំ​ លើ​ការបង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ និង​សហគ្រិនភាព​ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សង្គម​។ ក្រៅពី​នេះ​ទៀត​ យុវជន​នឹង​មានឱកាស​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​លើ​ពិភពលោក​ប្រសិនបើ​ពួកគេ​ត្រូវ​បាន​គណៈកម្មការ​នៅ​កម្ពុជា​សម្រេច​ឱ្យ​ជាប់​ជា​បេក្ខភាព​សម្រាប់​ប្រកួត​បន្ត​នៅ​អាមេរិក​។

កម្មវិធី​ Technovation​ ជា​គម្រោង​ធំ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​រដ្ឋ​ Massachusetts​ សហរដ្ឋអាមេរិក​ដើម្បី​បណ្តុះបណ្តាល​ និង​ផ្តល់​ឱកាស​ឱ្យ​កុមារី​ចន្លោះ​ពី​ 10​ ដល់​ក្រោម​ 19ឆ្នាំ​ចូលរួម​ប្រកួតប្រជែង​កម្មវិធី​ទូរស័ព្ទ​ដៃ​ជាមួយ​បេក្ខជន​ជាច្រើន​លើ​ពិភពលោក​។ កម្មវិធី​នេះ​ត្រូវ​បាន​នាំចូល​-មក​ប្រទេស​កម្ពុជា​ដំបូង​ដោយ​ទូត​ (ambassador​) របស់​កម្មវិធី​ដែល​ជា​អ្នកជំនាញ​បច្ចេកវិទ្យា​ និង​សាស្រ្តា​ចារ្យ​ផ្នែក​បច្ចេកវិទ្យា​នៅ​សាកល​វិទ្យាល័យ​នានា​នៅក្នុង​ប្រទេស​ នៅ​ឆ្នាំ​ 2013​ ហើយ​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ជានា​រី​ជាច្រើន​បាន​ចូលរួម​ និង​ទទួល​-បានការ​បណ្តុះបណ្តាល​ពី​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​។ បន្ថែម​ពីលើ​នេះ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏បាន​យកចិត្ត​ទុកដាក់​ និង​គាំទ្រ​កម្ម​វី​ធី​ Technovation​ ឱ្យ​ប្រព្រឹត្តទៅ​កាន់តែ​ប្រសើរ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​សហគ្រិនភាព​។

លោកជំទាវ​ គឹម​ សេដ្ឋា​នី​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ស្រប​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ កំពុង​មានការ​រីកចម្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ឥត​ឈប់ឈរ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​ ប្រជាជន​កម្ពុជា​រួម​ទាំង​សិស្ស​ និស្សិត​មានឱកាស​សិក្សា​ស្រាវជ្រាវ​ និង​ទាញ​យក​ផលប្រយោជន៍​ជាច្រើន​លើ​វិស័យ​បច្ចេកវិទ្យា​នេះ​ផង​ដែរ​ សម្រាប់​បម្រើការ​សិក្សា​ក៏ដូចជា​ធ្វើ​កិច្ចការ​ងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ទោះជា​យ៉ាងនេះ​ក្តី​ យើង​សង្កេតឃើញ​ថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​នៅ​មានកម្រិត​នៅឡើយ​សម្រាប់​កម្ពុជា​ ជាពិសេស​មា​មាត្រ​របស់​ស្ត្រី​ធៀប​នឹង​បុរស​ ក្នុង​ការ​ចូល​ទៅកាន់​បច្ចេកវិទ្យា​។ ការ​ផ្តួចផ្តើម​គំនិត​រៀបចំ​ប្រកួត​ថ្នាក់​ជាតិ​ស្តី​ពី​បច្ចេកវិទ្យា​ ដូចជា​ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នៃ​ Technovation​ នេះ​ពិតជា​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​មាតាបិតា​ អាណាព្យាបាល​សិស្ស​ និង​យុវនារី​វ័យក្មេង​ទាំងអស់​បាន​យល់ដឹង​បន្ថែម​ពីសា​រៈសំ​ខាន់​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT​) ក្នុង​គោលបំណង​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​ធុរកិច្ច​ ក៏ដូចជា​បង្កើន​ការ​តភ្ជាប់​ទំនាក់ទំនង​របស់​ពួកគេ​ក្នុង​វិស័យ​នេះ​។

លោកជំទាវ​ គឹម​ សេដ្ឋា​នី​ មានប្រសាសន៍​ថា​៖ «ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ សូម​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ការបង្កើត​កម្មវិធី​ Technovation​ នេះ​ឡើង​សម្រាប់​យុវជន​ យុវនារី​កម្ពុជា​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួកគេ​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​ដើម្បី​កាត់បន្ថយ​គម្លាត​យេនឌ័រ​លើ​គ្រប់​ជំនាញ​ជាពិសេស​ជំនាញ​ ICT​ ជាដើម​»។

លោកជំទាវ​បាន​បង្ហាញ​ក្តី​រីករាយ​នៅពេល​ឃើញ​យុវតី​ជាច្រើន​បាន​សិក្សា​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ ការបង្កើត​កម្ម​វី​ធី​ទូរស័ព្ទ​ដៃ​ និង​ផែនការអាជីវកម្ម​របស់​ខ្លួន​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ Technovation​ អន្តរជាតិ​។ លោកជំទាវ​ យល់ថា​កាប​ង្កើត​ស្នាដៃ​របស់​សិស្ស​ស្រី​នៅក្នុង​កម្ម​វី​ធី​នេះ​ជា​សម្មិទ្ធ​ផល​ និង​ជា​ជំហាន​ចាប់ផ្តើម​មួយ​នៃ​កំណើន​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​ស្ត្រី​ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​សម្រាប់​អាជីវកម្ម​បែប​ទំនើប​៕

Advertisement