កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​ ចូលរួម​ចំណែក​ឱ្យ​កម្ពុជា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​

កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​ បាន​ក្លាយជា​កម្មវិធី​ប្រកប​ដោយសក្តានុពល​មួយ​នៅ​កម្ពុជា​ក្នុង​ការ​ទ្រទ្រង់​ដល់​កម្មវិធី​អភិវឌ្ឍន៍​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDG​) របស់​អង្គការសហប្រជាជាតិ​ ដោយ​ជំរុញ​ឱ្យ​សិស្ស​នៅ​បឋមសិក្សា​ចូលរៀន​កាន់តែ​ច្រើន​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​ ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ដែល​មិន​ត្រឹម​តែ​ជា​សំណាញ់​សុវត្ថិភាព​សម្រាប់​កុមារ​ក្រីក្រ​ងាយ​រងគ្រោះ​ប៉ុណ្ណោះទេ​ តែ​កម្មវិធី​នេះ​ក៏​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ផង​ដែរ​ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរ​-ភាព​ 2030​។ ឆ្នាំ2019​ នេះ​ ជា​ឆ្នាំទី20​ ហើយ​ ដែល​កម្ពុជា​បាន​អនុវត្ត​គម្រោង​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​នេះ​ ដោយ​គម្រោង​ដំបូង​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ1999​។ កម្មវិធី​នេះ​អនុវត្ត​ទៅ​បាន​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ស្បៀងអាហារ​ពិភពលោក​ (WFP​) ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក​ (USDA​) ប្រទេស​ជប៉ុន​ និង​ដែ​គូ​អភិវឌ្ឍន៍​ជាច្រើន​ផ្សេងទៀត​។

ឯកឧត្តម​បញ្ជាក់​ថា​ ថ្វី​ដ្បិតតែ​វា​មិន​មែន​ជា​កម្មវិធី​ធំ​ តែ​កាលពី​ 20ឆ្នាំមុន​ កម្មវិធី​នេះ​បាន​ធ្វើ​ឱ្យ​កុមារ​ 4ម៉ឺន​នាក់​ញ៉ាំ​ឆ្អែត​ និង​សម្រេច​លទ្ធផល​កាន់តែ​ប្រសើរ​។

ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ «កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​តាម​សាលារៀន​ បាន​ពង្រីក​ខ្លួន​កាន់តែ​ធំឡើង​នៅ​ឆ្នាំ2004​ ហើយ​រហូត​មកដល់​ឆ្នាំ2014​ យើង​ផ្តល់​ជូន​នូវ​កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​ដោយ​ប្រើ​កសិផល​តាម​ផ្ទះ​»។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​បន្ថែម​ទៀត​ថា​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ កុមារ​ប្រមាណ​ 6លាន​នាក់​នៅ​តាម​សាលារៀន​ប្រមាណ​ 60​% បាន​ទទួល​ប្រយោជន៍​ពី​កម្មវិធី​នេះ​។ ឯកឧត្តម​ជឿជាក់​ថា​ តាមរយៈ​កម្មវិធី​ផ្តល់​អាហា​-រូ​បត្ថម្ភ​តាម​សាលារៀន​នេះ​ បាន​ចូលរួម​ចំណែក​ផង​ដែរ​ក្នុង​ការ​ធ្វើ​ឱ្យ​អត្រា​ក្រិស​ក្រិន​ និង​ស្គមស្គាំង​លើ​កុមារ​អាយុ​ក្រោម​ 5ឆ្នាំ​បាន​ថយ​ចុះពី​ 40​% កាលពី10ឆ្នាំមុន​ មក​នៅ​ត្រឹមតែ​ 20​%ប៉ុណ្ណោះ​។ លើស​ពីនេះ​ទៅទៀត​ អត្រា​សិស្ស​ចុះឈ្មោះ​ចូលរៀន​ បាន​កើនឡើង​ ស្រប​ពេល​ដែល​អា​ត្រា​សិស្ស​បោះបង់ចោល​ការសិក្សា​ មានការ​ថយ​ចុះ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ កម្មវិធី​នេះ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​គោលនយោបាយ​ជាតិ​ ដោយតាម​រយៈ​ថវិកា​របស់​រាជរដ្ឋាភិបាល​ បាន​ឧបត្ថម្ភ​ដល់​ខេត្ត​ចំនួន​ 6 ដែល​មាន​សិស្ស​ប្រមាណ​ 5ម៉ឺន​នាក់​ និង​បាន​ផ្តល់​អាហារូបករណ៍​ផង​ដែរ​ដល់​សិស្ស​ 122,000នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​កម្រិត​បឋមសិក្សា​ និង​សិស្ស​ប្រមាណ​ 7ម៉ឺន​នាក់​ក្នុង​កម្រិតមធ្យម​សិក្សា​។ ឯកឧត្តម​បាន​បន្ត​ថា​ កម្មវិធី​នេះ​បាន​ជួយ​ឱ្យ​សិស្ស​ដែល​មាន​បញ្ហា​ខ្វះខាត​ ទទួល​បាន​អាហារូបត្ថម្ភ​ ស្រប​ពេល​ដែល​កម្មវិធី​ផ្តល់​អាហារ​ដោយ​ប្រើ​កសិផល​តាម​ផ្ទះ​ ក៏បាន​ជួយ​ដល់​កសិករ​ផង​ដែរ​ក្នុង​ការពង្រីក​ទីផ្សារ​កសិកម្ម​។

ស្រប​ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​គោលនយោបាយ​ដោយ​ផ្តោត​លើ​ មនុស្ស​ ផ្លូវ​ ភ្លើង​ និង​ទឹក​។ ហេតុនេះ​ធនធានមនុស្ស​ជា​ចំណុច​សំខាន់​ជាងគេ​ដែល​ត្រូវ​អភិវឌ្ឍ​ទាំង​ក្នុងរយៈពេល​ខ្លី​ និង​រយៈពេល​វែង​។ កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​សម្រាប់​កុមា​រតូចៗ​ ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​កម្ពុជា​។

គោលបំណង​ដែល​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​អប់រំ​ ដែល​បាន​ផ្តល់​កម្មវិធី​ស្បៀងអាហារ​តាម​សាលារៀន​នេះ​ឡើង​ គឺ​ក្នុង​គោលបំណង​ផ្តល់​សំណាញ់​សុវត្ថិភាព​សម្រាប់​កុមារ​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​ចំពោះ​សន្តិសុខ​ស្បៀងអាហារ​។ នៅពេល​យើង​ផ្តល់​អាហារ​នៅ​តាម​សាលារៀន​សម្រាប់​គាត់​ កុមា​រតូចៗ​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូល​សិក្សា​ ព្រោះ​ប្រសិនបើ​គាត់​កំពុង​ខ្វះ​អាហារូបត្ថម្ភ​ នោះ​គាត់​នឹង​ទទួល​បាន​អាហារ​ ដោយ​គ្រាន់តែ​ទៅ​សាលារៀន​។

ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​មានប្រសាសន៍​ថា​៖ «កម្ម​វី​ធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​នេះ​ គឺ​ផ្តល់​ជូន​ជា​អាហារ​ពេលព្រឹក​ និង​ពេលថ្ងៃត្រង់​ ឬផ្តល់​ជា​អាហារូបករណ៍​ ជា​សាច់ប្រាក់​ដល់​សិស្ស​ក្រីក្រ​នៅ​តាម​សហគមន៍​»។

ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​បដិភាគ​ថវិកា​ជាមួយនឹង​អង្គការ​ស្បៀងអាហារ​ពិភពលោក​ (WPF​) រហូតមកដល់​បច្ចុប្បន្ន​នេះ​ យើង​ប្រើប្រាស់​ថវិកាជាតិ​ដើម្បី​ជួយ​កាត់បន្ថយ​ការស្រេកឃ្លាន​របស់​កុមារ​នៅ​តាម​សហគមន៍​ និង​ជួយ​ពួកគេ​ឱ្យ​បាន​មក​រៀនសូត្រ​។ ឯកឧត្តម​បន្ត​ថា​ កម្មវិធី​នេះ​បាន​ធ្វើ​ឱ្យ​បញ្ហា​អវត្តមាន​របស់​សិស្ស​នៅ​កម្រិត​បឋមសិក្សា​មានការ​ថយ​ចុះ​ ហើយ​អត្រា​នៃ​ការបោះបង់​ចោលការ​សិក្សា​ក្នុង​កម្រិត​បឋមសិក្សា​ក៏​មានការ​ថយ​ចុះ​ដូចគ្នា​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បៀងអាហារ​នេះ​ ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដែល​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ កំពុង​វិនិយោគ​លើ​ផ្នែក​នេះ​ ហើយ​កម្ពុជា​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​លុបបំបាត់​កុមារ​ក្រិន​ ឱ្យ​អស់​នៅ​ឆ្នាំ​ 2025​ និង​លុបបំបាត់​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ទាំងស្រុង​នៅ​ឆ្នាំ​ 2030​៕

Advertisement