អេក្រង់កុំព្យូទ័ររាងឡូយអ៊ីចឹង និងសមត្ថភាពប៉ុណ្ណឹង ត្រូវចិត្តអត់?!

សម្រាប់ការងារជាអ្នករចនា ដែលយើងនិយមហៅថាអ្នកឌីហ្សាញនោះ ក្រៅពីមានកុំព្យូទ័រដែលមានសមត្ថភាពដំណើរការរលូនហើយ នៅមានចំណុចមួយទៀតដែលអ្នកត្រូវគិតដល់ នោះគឺសមត្ថភាពបង្ហាញរូបភាពរបស់ម៉ូនីទ័រកុំព្យូទ័រ។ ដោយសារចំណុចនេះ វាធ្វើឱ្យអ្នកអាចបែងចែក និងកំណត់ពណ៌ឱ្យត្រូវនឹងអ្វីដែលអ្នកចង់បាន ព្រោះថាម៉ូនីទ័រកុំព្យូទ័រខ្លះ មិនអាចបង្ហាញពណ៌ត្រូវ 100% តាមការចង់បានរបស់យើងឡើយ។

ក្រុមហ៊ុន LG បានបញ្ចេញនូវប្រភេទអេក្រង់កុំព្យូទ័រ LG 34UC97 ដែលមានសមត្ថភាពយ៉ាងពិសេស ខុសប្លែកគេ ជាមួយនឹងរូបរាងកោង អាចបង្ហាញរូបភាពលើកម្រិត 21:9 Ultrawide បង្កើតឡើងជាពិសេសសម្រាប់អ្នករចនា អ្នកថតរូប អ្នកផលិតកម្មវិធីទូរទស្សន៍ ជាមួយនឹងគុណភាពរូបភាពច្បាស់ និងមុខងារសម្បូរបែប។ ម៉ូនីទ័រនេះ ត្រូវបានបង្កើតឡើងឱ្យមានសមត្ថភាពលើសពីម៉ូនីទ័រធម្មតាដែលអ្នកធ្លាប់ប្រើ ជាមួយនឹងអេក្រង់កោងបង្ហាញរូបភាពច្បាស់កម្រិត QHD ពេញភ្នែក សម្លឹងយូរមិនធ្វើឱ្យក្ដៅភ្នែក រួមនឹងមុខងារ Multitasking អាចបែកចែកអេក្រង់តាមតម្រូវការ។

អេក្រង់នេះត្រូវបានរចនាឡើងសម្រាប់ភាពទាន់សម័យ ចាប់ផ្ដើមពីជើងទម្ររហូតដល់ផ្នែកទាំងមូលរបស់វា។ ជាមួយនឹងទំហំខ្លួន 830.5 x 106.4 x 370.3 មីល្លីម៉ែត្រ និងមានទម្ងន់ 8.2 គីឡូ ផ្ដល់នូវជំហររឹងមាំបែបស្រស់ស្អាត។ ដោយឡែកអេក្រង់របស់វាវិញ LG បានបំពាក់នូវប្រភេទកញ្ចក់កោង IPS អាចបង្ហាញរូបភាពកម្រិត QHD 3440 x1440 ភិកសែល ខ្នាត 21:9 Ultrawide អាចឱ្យអ្នកមើលឃើញរូបភាពកាន់តែធំ និងសម្រួលបានយ៉ាងច្រើនក្នុងកិច្ចការងារ។

លើសពីភាពកោង និងទំហំអេក្រង់វែងជាងមុន LG 34UC97 បានផ្ដល់នូវលក្ខណៈពិសេសមួយ ដោយអ្នកអាចធ្វើការបែងចែកអេក្រង់បាន 4 សណ្ឋានខុសៗគ្នា ខណៈវាអាចធ្វើការតភ្ជាប់ទៅនឹងកុំព្យូទ័រ 2 ផ្សេងគ្នា មិនថាប្រភេទ Windows ឬ Mac OS។ មិនតែប៉ុណ្ណោះ វាក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាពណ៌ sRGB ដូច 99% នៃពណ៌ដែលរំពឹងចង់បានសម្រាប់អ្នកធ្វើ Artwork ឬរូបថត ដោយមានភាពលម្អៀងតិចបំផុត។ បន្ថែមពីលើភាពច្បាស់ សម្រាប់ការទស្សនាវីដេអូ និងលេងហ្គេម វាបានដាក់ចេញនូវបច្ចេកវិទ្យាសំឡេង MaxxAudio និង Speaker កម្លាំង 7W ធ្វើឱ្យវាកាន់តែកាន់រំជើបរំជួលដូចស្ថិតក្នុងរោងកុនដូច្នោះដែរ។ ក្នុងនោះសម្រាប់រន្ធតភ្ជាប់នៅផ្នែកខាងក្រោយដូចជា រន្ធ HDMI, USB 3.0 និងរន្ធសម្រាប់ កុំព្យូទ័រ Mac តាមរន្ធ Thunderbolt 2 ហើយតម្លៃវិញ គឺប្រមាណជា 999 ដុល្លារ សម្រាប់ទីផ្សារកម្ពុជា៕

លក្ខណៈសម្បត្តិ
អេក្រង់៖ 34 អ៊ីញ ប្រភេទ IPS
កម្រិតពណ៌៖ SRGB 99% ដូចធម្មជាតិ
Aspect Ratio ៖ 21:9
Resolution៖ 3440 x 1440 ភិកសែល
Brightness ៖ 300 cd/m2
រន្ធតភ្ជាប់៖ 2 HDMI, 2 ThunderBolt
ទំហំ៖ 830.5 x 106.4 x 370.3 មីល្លីម៉ែត្រ
ទម្ងន់៖ 8.2 គីឡូក្រាម

Advertisement