ចង់​ចាកចេញ​ពី​ភាព​ក្រីក្រ​ លុះត្រាតែ​ប្រជាជន​បង្កើន​ផលិតភាព​ការងារ​

កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​មួយ​ក្នុង​តំបន់​អាស៊ាន​លើ​ការ​វិនិយោគ​ ព្រោះ​ប្រទេស​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​តំបន់​អាស៊ាន​ និង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​យុវជន​ តែក​ត្តា​ប្រឈម​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​ គឺ​បញ្ហា​ផលិតភាព​ការងារ​។ ថ្វី​ដ្បិត​តែ​យើង​សម្បូរទៅដោយ​យុវជន​ដែល​ជា​ប្រជាជន​សកម្ម​ច្រើន​មែន​ តែ​កម្រិត​នៃ​ផលិតភាព​ការងារ​នៅ​មានកម្រិត​តិចតួច​នៅឡើយ​ ហើយ​ធនធានមនុស្ស​ជំនាញ​ក៏​មិនទាន់​មាន​ច្រើន​ សម្រាប់​ចូលរួម​ក្នុង​ចង្វាក់​ផលិតកម្ម​នានា​នៅឡើយ​ដែរ​។

ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ កម្ពុជា​បាន​ដាក់​គោលដៅ​ចាកចេញ​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ទៅជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ2050​ តែ​អ្វី​ដែល​ជា​កត្តា​ប្រឈម​ គឺ​បើ​មើល​ពីក​ត្តា​ផលិតភាព​ការងារ​នៅ​កម្ពុជា​ គឺ​នៅ​មានកម្រិត​នៅឡើយ​។ បញ្ហា​នេះ​អាច​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ និង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ឱ្យ​បាន​ចំនួន​ 7%ថេរ​ ព្រោះ​កាលណា​តម្លៃ​ពលកម្ម​កាន់តែ​កើនឡើង​ តែ​ផលិតភាព​ការងារ​មិន​កើនឡើង​ នោះ​យើង​នឹង​បាត់បង់​ឧត្តមភាព​នៃ​ការប្រកួត​ប្រជែង​ ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អាច​ពិចារណា​លើ​តំបន់​ដទៃ​ជំនួស​វិញ​។ ជាឧទាហរណ៍​ជាក់ស្តែង​ ប្រសិនបើ​យើង​ធ្វើ​នៅក្នុង​រោងចក្រ​ យើង​ផលិត​បាន​ 35ផលិតផល​ក្នុង​ 1ថ្ងៃ​ ប្រទេសជិតខាង​គេ​ផលិត​បាន​ដល់ទៅ​ 70​ ហើយ​នៅ​ពេល​កសិករ​យើង​ធ្វើស្រែ​បាន​ទិន្នផល​ត្រឹមតែ​ 2 ឬ 3តោន​ក្នុង​ 1ឆ្នាំ​ តែ​ប្រទេសជិតខាង​ គេ​ផលិត​បាន​ដល់ទៅ​5 ឬ10តោន​ នោះ​យើង​នឹង​ជួប​បញ្ហា​ ព្រោះ​អ្នក​វិនិយោគ​គេ​ចង់​បណ្តាក់​ទុន​រកស៊ី​ដើម្បី​ទទួល​បានផល​ចំណេញ​។ហើយ​ប្រសិនបើ​គេ​ចាយ​ច្រើន​ ហើយ​បានផល​តិច​នោះ​ គេ​អាច​នឹង​ពិចារណា​លើ​ជម្រើស​ផ្សេង​។

ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖“កត្តា​ផលិតភាព​ការងារ​នេះ​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សង្គម​ ព្រោះ​កាលណា​បុគ្គលិក​យើង​ធ្វើ​បាន​ត្រឹមតែ​ 5 ខណៈ​ដែលគេ​ធ្វើ​បាន​ដល់ទៅ20​ តើ​យើង​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​ដោយ​វិធី​ណា​?” ឯកឧត្តម​ បាន​បន្ថែម​ទៀត​ថា​ ពីមុន​កម្ពុជា​យើង​ទើបនឹង​ចេញពី​សង្គ្រាម​ ជា​ប្រទេស​ក្រីក្រ​ ហើយ​មិន​ងាយ​ទេ​ ទើប​ខិតខំ​ប្រឹងប្រែង​ឈានជើង​មកដល់​ពេល​នេះ​។ ការដែល​អាច​ឈានជើង​មក​ដូច​បច្ចុប្បន្ន​នេះ​ គឺ​ដោយសារតែ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​មានការ​អប់រំ​នៅ​គ្រប់​ទីកន្លែង​ និង​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​មានការ​ងារ​ធ្វើ​ ហើយ​ចំណូល​មានការ​កើនឡើង​ដែល​អាច​កាត់បន្ថយ​ភាព​ក្រីក្រ​ តែ​យើង​នៅតែ​មានក​ត្តា​ប្រឈម​ដោយសារតែ​ប្រជាជន​យើង​មួយចំនួន​មិនទាន់​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សក្តា​នុ​ពល​ ឬមិន​ទាន់​មាន​ផលិតភាព​ខ្ពស់​ដើម្បី​ចាកចេញ​ពី​ភាព​ក្រីក្រ​។

ឯកឧត្តម​ថា​ កត្តា​ផលិតភាព​នេះ​ហើយដែល​ជា​កត្តា​ធ្វើ​ឱ្យ​យើង​នៅតែ​ក្រ​ ដើម្បី​សម្រេច​គោលដៅ​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​ លុះត្រាតែ​យើង​ធ្វើ​ឱ្យ​មាន​កំណើន​ផលិតភាព​។ សម្រាប់​បុគ្គលិក​នៅ​ប្រទេស​យើង​នៅ​ពេល​ដែលគេ​និយាយ​ពី​បញ្ហា​ផលិតភាព​ គាត់​យល់ថា​ គេ​កំពុង​បង្ខំ​ឱ្យ​គាត់​ធ្វើការងារ​កាន់តែ​ច្រើន​ ឬកាន់តែ​ធ្ងន់ធ្ងរ​។ ការ​គិត​បែបនេះ​ គឺជា​ការយល់​ច្រឡំ​ ព្រោះ​ផលិតភាព​ការងារ​មិន​ផ្តោត​លើ​ការ​ធ្វើការងារ​ច្រើន​ម៉ោងជាង​មុន​ ឬលំបាក​ជាង​មុន​នោះ​ទេ​ (Hard​ Work​) តែ​ផ្តោត​សំខាន់​លើ​ការ​ធ្វើការងារ​ដោយ​ភាព​ឆ្លាតវៃ​ជាង​មុន​ (Smart​ Work​)។ ដូច្នេះ​ទាំង​មន្ត្រី​រាជការ​ បុគ្គលិក​ឯកជន​ និង​អ្ន​កផ្សេង​ៗទៀត​ គួរ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន​របស់​ខ្លួន​ ហើយ​ងាក​មក​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​ឱ្យ​មាន​ផលិតភាព​ខ្ពស់​វិញ​។

ឯកឧត្តម​បាន​លើកឡើង​នូវ​ឧទាហរណ៍​ជាក់ស្តែង​មួយ​ថា​ នៅពេល​ឯកឧត្តម​ទៅ​បើក​ការដ្ឋាន​មួយ​កន្លែង​ អ្វី​ដែល​បានឃើញ​ គឺ​គេដាក់​កាមេរ៉ា​សុវត្ថិភាព​លើ​អេក្រង់​ 2ផ្សេងគ្នា​ ដោយ​ក្នុង​នោះ​អេក្រង់​ទី1​ គឺ​ក្រុមការងារ​របស់​ប្រជាជន​ខ្មែរ​ ហើយ​អេក្រង់​ទី2​ គឺ​ក្រុមការងារ​ដែល​ធ្វើការងារ​ដោយ​ជនបរទេស​។ ផ្នែក​ដែល​កម្មករ​ខ្មែរ​ធ្វើ​ គឺ​ឃើញ​មានកម្ម​ករ​កំពុង​បើក​ទូរស័ព្ទ​ជជែកគ្នា​ និង​អ្នកខ្លះ​ទៀត​មើល​ Facebook​ ជាដើម​។ ភ្លាម​ៗស្រាប់តែ​ឮថា​ មេការ​មក​ ទើប​ប្រញាប់​ប្រញាល់​ធ្វើការ​។ ផ្ទុយ​មកវិញ​ពេល​មើល​អេក្រង់​ទី2​ វិញ​ គឺ​ខុសគ្នា​ទាំងស្រុង​ គេ​មិន​មាន​សភាព​ដូច​កម្មករ​យើង​នោះ​ទេ​។ បុគ្គលិក​ម្នា​ក់ៗ​គេ​ធ្វើការងារ​ទៅតាម​តួ​នា​ទី​រៀង​ៗខ្លួន​ ដោយ​គ្មាន​ការ​រំខាន​ និង​គ្មាន​ស្ថានភាព​ដែល​ចាំ​ទាល់តែ​មេការ​មក​ ចាំ​ធ្វើ​នោះ​ទេ​។

ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “ថ្ងៃនេះ​សូម​និយាយ​ពាក្យ​មិន​ពីរោះ​ តែ​វា​ជា​ការពិត​ ហើយ​បើ​មិន​និយាយ​ការពិត​ទេ​ យើង​នឹង​មិន​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​បាន​នោះ​ទេ​។ គំនិត​ដែល​ចាំតែ​គេ​ទៅ​បញ្ជា​រនេះ​ គឺ​គំនិត​ខ្ញុំគេ​ ព្រោះ​ទាល់តែ​មាន​ចៅហ្វាយនាយ​ទៅ​មើល​ ទើប​ធ្វើ​ មិនមែន​ធ្វើ​ដោយ​ឆន្ទៈ​ និង​ការ​តាំងចិត្ត​សម្រាប់​ដឹកនាំ​ការងារ​នោះ​ទេ​”។

ឯកឧត្តម​បាន​សំណូមពរ​ផង​ដែរ​ថា​ សូម​បុគ្គលិក​ និង​អ្នកធ្វើការ​ងារ​នៅក្នុង​ប្រទេស​យើង​ទាំងអស់​ គួរ​តាំងចិត្ត​ថា​ យើង​ជា​អ្នកដឹកនាំ​ គឺ​ដឹកនាំ​ការងារ​ និង​ការទទួលខុសត្រូវ​លើ​ការងារ​ចំពោះមុខ​របស់​យើង​ឱ្យ​បាន​ល្អ​ ព្រោះ​អ្វី​ៗជា​របស់​យើង​ កុំ​ចាំ​គេ​បញ្ជា​ ចាំ​ធ្វើ​នោះ​។ ប្រទេស​យើង​ បើ​ប្រជាជន​មិនព្រម​ប្តូរ​ផ្នត់គំនិត​ទេ​ នោះ​នឹង​មាន​បញ្ហា​។ រដ្ឋាភិបាល​បាន​ផ្លាស់​ប្តូរ​ស្ថានភាព​ឱ្យ​ល្អ​ប្រសើរ​ហើយ​ តែ​ប្រសិនបើ​ប្រជាជន​មិនព្រម​ប្តូរ​ផ្នត់គំនិត​ ឥរិយាបថ​ និង​ទម្លាប់​ទេ​ នោះ​យើង​នឹង​ក្លាយជា​បន្ទុក​សម្រាប់​ទាំងអស់គ្នា​។ បច្ចុប្បន្ន​នេះ​ យើង​មិន​ដែល​គិត​នោះ​ទេ​ថា​ យើង​ខ្លួនឯង​ជា​ចំណែក​នៃ​បញ្ហា​ ព្រោះ​រាល់ពេល​ដែល​ចង់ឱ្យ​ស្ថានការណ៍​ប្រសើរ​ឡើង​ យើង​តែងតែ​ចង់ឱ្យ​ប្តូរ​មេ​ ចង់ឱ្យ​ប្តូរ​អ្នកនេះ​ អ្នកនោះ​ តែ​យើង​មិនដែល​គិតថា​ យើង​ត្រូវ​ប្តូរ​ខ្លួនឯង​នោះ​ទេ​។ គ្រប់គ្នា​ចង់​ប្តូរ​ពីក្រៅ​មក​ក្នុង​ តែ​មិនព្រម​ផ្លាស់​ប្តូរ​ខ្លួនឯង​ពី​ក្នុង​ចេញ​មក​ក្រៅ​ឱ្យ​មាន​វិន័យ​ និង​ឱ្យ​មានទម្លាប់​ល្អ​នោះ​ទេ​។

ជា​ដំណោះស្រាយ​ក្នុង​ការជំរុញ​ផលិតភាព​ឱ្យ​កាន់តែ​ប្រសើរ​ ឯកឧត្តម​បាន​លើកឡើង​នូវ​ចំណុច​សំ​ខាន់​ៗចំនួន​ 3ចំណុច​ គឺទី1​ ស្ថាប័ន​ ក្រុមហ៊ុន​ សហគ្រាស​ ចាំបាច់​ត្រូវលើ​កទឹកចិត្ត​ដល់​បុគ្គលិក​ (Employee​ Motivation​) ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ និង​ធ្វើ​យ៉ាងណា​ឱ្យ​បុគ្គលិក​គិតថា​ កន្លែង​ការងារ​ជា​ផ្ទះ​ទី2​ ដែល​សម្រេចវាសនា​ជីវិត​ និង​អភិវឌ្ឍ​ខ្លួនឯង​បាន​ល្អ​នៅ​ទីនេះ​។ សព្វថ្ងៃ​នេះ​ នៅ​រោងចក្រ​ដែល​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ ភាគច្រើន​ជា​កន្លែង​ដែល​មាន​ផលិតភាព​ការងារ​ល្អ​ជាងគេ​។ ចំណុច​ទី2​ គឺ​ការចូលរួម​របស់​អ្នកគ្រប់គ្រង​ ដែល​ចាំបាច់​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​សកម្ម​ (Proactive​) ដើម្បី​ដោះស្រាយ​បញ្ហា​ជំរុញ​ឱ្យ​មានការ​ដឹកនាំ​ បណ្តុះបណ្តាល​បុគ្គលិក​ឱ្យធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​។ ចំណែក​ឯចំណុច​ទី3​ គឺ​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​កាន់តែ​ឆ្លាតវៃ​ ព្រោះ​ផលិតភាព​ គឺ​ការជំរុញ​ឱ្យ​ការងារ​កាន់តែ​ឆ្លាតវៃ​ជាង​មុន​ មិនមែន​ជំរុញ​ឱ្យធ្វើ​ច្រើន​ តែ​បាន​លទ្ធផល​តិច​នោះ​ទេ​៕

Advertisement