កម្ពុជា​សហការ​ជាមួយ​កូរ៉េ​ បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​គ្រូ​លើ​ជំនាញ​ STEM​

ស្ថិត​ក្នុង​បរិបទ​ដែល​សង្គម​កំពុង​ស្ថិត​ក្នុង​ការប្រកួត​ប្រជែង​ខ្លាំង​លើ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ កម្ពុជា​ត្រូវការ​ជាចាំបាច់​នូវ​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដើម្បី​ប្រមូល​ធនធាន​ប្រកប​ដោយសក្តានុពល​ក្នុង​ការចូលរួម​លើ​គ្រប់​ផ្នែក​ទាំងអស់​នៃ​សេដ្ឋកិច្ច​ជាតិ​។ មិនថា​តែ​វិស័យ​ឧស្សាហកម្ម​ ឬបច្ចេកវិទ្យា​នោះ​ទេ​ បច្ចុប្បន្ន​នេះ​ STEM​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​លើ​គ្រប់​ផ្នែក​ទាំងអស់​ ទាំង​វិស័យ​កសិកម្ម​ វិស័យ​ទេសចរណ៍​ ការរៀបចំ​សេវា​សាធារណៈ​ និង​វិស័យ​សំ​ខាន់​ៗជាច្រើន​ផ្សេងទៀត​។

ដោយ​មើលឃើញ​ពី​ភាព​សំខាន់​នៃ​មុខវិជ្ជា​ STEM​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ដូចជា​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC​) និង​ភាគី​កូរ៉េ​បាន​សហការ​គ្នា​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​ស្តី​ពី​ការអប់រំ​ STEM​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(ITC​) ឡើង​ដើម្បី​ធ្វើការងារ​បណ្តុះបណ្តាល​ជំនាញ​វិទ្យាសាស្ត្រ​ វិស្វកម្ម​ បច្ចេកវិទ្យា​ និង​គណិតវិទ្យា​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ និង​មានប្រសិទ្ធភាព​ខ្ពស់​។

ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ កម្ពុជា​ត្រូវការ​អ្នកជំនាញ​ជាច្រើន​លើ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ ដើម្បី​ចូលរួម​បម្រើការ​ងារ​ក្នុង​វិស័យ​សំ​ខាន់​ៗនានា​ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។ នៅ​ពេល​ប្រទេស​យើង​សម្បូរ​អ្នកជំនាញ​ផ្នែក​ STEM​ នៅ​ពេលនោះ​យើង​នឹង​សម្បូរ​ធនធាន​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ឆ្លាតវៃ​ ព្រោះ​គ្រប់​ឧស្សាហកម្ម​ រោងចក្រ​សហគ្រាស​ និង​ផលិតកម្ម​ទាំងអស់​សុទ្ធតែ​ប្រើប្រាស់​គ្រឿងម៉ាស៊ីន​ ដែល​ទាមទារ​ឱ្យ​យើង​មាន​ធនធាន​ប្រកបដោយ​គុណភាព​ និង​សមត្ថភាព​ខ្ពស់ទៅ​ប្រើប្រាស់​ម៉ាស៊ីន​ទាំងអស់​នោះ​។ ចំណែក​ឯការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ដូចគ្នា​ នៅពេល​យើង​មាន​ធនធាន​ផ្នែក​ STEM​ ច្រើន​ យើង​នឹង​ងាយ​អភិវឌ្ឍ​ ព្រោះ​ការ​ធ្វើ​ស្ពាន​ក៏ដោយ​ ថ្នល់​ក៏ដោយ​ ឬអគារ​នានា​ក៏ដោយ​ កាលណា​យើង​មាន​ធនធានមនុស្ស​ដែល​មានចំណេះ​ដឹង​ផ្នែក​ STEM​ ទៅ​ធ្វើ​ច្រើន​ នោះ​ការរៀបចំ​នឹង​ធ្វើឡើង​បាន​ឆាប់រហ័ស​ ហើយ​ងាយស្រួល​ច្រើនជាង​មុន​។

ឯកឧត្តម​ អុឹម​ កុច​ បាន​មានប្រសាសន៍​ថា​៖ “មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​ស្តី​ពី​ការអប់រំ​ STEM​ នេះ​ជា​មជ្ឈមណ្ឌល​ដ៏​មាន​សារៈសំខាន់​ដែល​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​កម្ពុជា​កំពុង​ត្រូវការ​។ តាមរយៈ​មជ្ឈមណ្ឌល​នេះ​ យើង​នឹងអាច​ផ្តល់​ឱកាស​ឱ្យ​សិស្ស​សិក្សា​មុខវិជ្ជា​ STEM​ តាមរបៀប​ទំនើប​ជាង​មុន​ជាមួយ​គ្រូបង្រៀន​ល្បី​តាម​រយៈ​ទូរស័ព្ទ​ដៃ​ Smart​ Phone​”។

ឯកឧត្តម​រដ្ឋលេខាធិការ​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ការសិក្សា​តាមរបៀប​ថ្មីនេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្ស​ឱ្យ​ទទួល​បាន​ចំណេះដឹង​ និង​ជំនាញ​នៅ​គ្រប់​ទីកន្លែង​ និង​គ្រប់ពេលវេលា​ទាំងអស់​។ យើង​ព្យាយាម​ក្នុង​ការស្វែងរក​វិធីសាស្ត្រ​កាន់តែ​ប្រសើរ​ ដើម្បី​បណ្តុះបណ្តាល​គុណភាព​គ្រូ​ និង​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​សិស្សានុសិស្ស​កាន់តែ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​លើ​មុខវិជ្ជា​ STEM​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ជំនាញ​សម្រាប់​សតវត្សរ៍​ទី21​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ចាប់អារម្មណ៍​លើ​ការសិក្សា​ផ្នែក​ STEM​ ក្រសួង​អប់រំ​ និង​ភាគី​ពាក់ព័ន្ធ​នានា​ បាន​បង្កើត​កម្មវិធី​ជាច្រើន​ដូចជា​កម្មវិធី​ផ្សព្វផ្សាយ​តាម​បច្ចេកវិទ្យា​ពី​មុខវិជ្ជា​ STEM​ ការរៀបចំ​ពិព័រណ៍​វិទ្យាសាស្ត្រ​ប្រចាំឆ្នាំ​ និង​ការអប់រំ​ផ្សព្វផ្សាយ​នៅ​តាម​សាលារៀន​ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​យល់​ពី​តម្លៃ​ ក៏ដូចជា​សារៈសំខាន់​នៃ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​សម្រាប់​ខ្លួនឯង​ និង​សង្គម​។ បន្ថែម​ពីលើ​នេះ​ ក៏​មានការ​បំផុស​ឱ្យ​សិស្ស​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​វិទ្យាសាស្ត្រ​ដោយ​បញ្ចូលជាមួយ​ផ្នត់គំនិត​សហគ្រិនភាព​ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​នានា​ និង​បំផុស​ឱ្យ​យុវជន​កាន់តែ​ចូលចិត្ត​មុខវិជ្ជា​ STEM​ ផង​ដែរ​៕

Advertisement