អាន​ច្រើន​ ជា​វិធី​ដែល​សិស្ស​ពូកែ​ស្វែងយល់​ពី​ភាសា​បាន​ល្អ​

ការសិក្សា​ភាសាបរទេស​ ជា​អ្វី​ដែល​កំពុងពេញនិយម​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ទំនាក់ទំនង​ និង​ការប្រកួត​ប្រជែង​ជា​លក្ខណៈ​សកល​។ ខុសកាល​ពី​ពេលមុន​ ដែល​ប្រជាជន​ម្នា​ក់ៗ​សិក្សា​ភាសា​តែមួយ​ តែ​យុវជន​បច្ចុប្បន្ន​ចាំបាច់​ត្រូវការ​ចេះ​ភាសា​ច្រើនជាង1​ ដោយ​អ្នកខ្លះ​ចេះ​រហូតដល់​ទៅ3​ ឬ 5ភាសា​ក៏​មាន​។

មូលហេតុ​សំខាន់​ដែល​នាំ​ឱ្យ​ប្រជាជន​នា​ពេល​បច្ចុប្បន្ន​គួរតែ​ចេះ​ភាសា​ឱ្យ​បាន​ច្រើន​ ព្រោះ​បច្ចុប្បន្ន​នេះ​ ក្រៅពី​ការ​ស្វែងយល់​ភាសាជាតិ​ឱ្យ​បាន​ច្បាស់​ យើង​ត្រូវការ​ភាសា​សកល​សម្រាប់​ទំនាក់ទំនង​ និង​ភាសា​នៃ​ប្រទេស​ដែល​យើង​ចង់​រកស៊ី​ជាមួយ​សម្រាប់​អ្នកធ្វើ​អាជីវកម្ម​។ ហេតុនេះ​ការ​ចេះ​ច្រើន​ភាសា​ អាច​ជាអាទិភាព​មួយ​ក្នុង​ការជំរុញ​ឱ្យ​យុវជន​មានប្រៀប​ជាងគេ​ក្នុង​ការ​ដណ្តើម​ទីផ្សារ​ការងារ​ទាំង​ក្នុង​ប្រទេស​ និង​ក្នុង​តំបន់​។

លោក​ ចេង​ បូរិ​ទ្ធ​ អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ និង​ជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​បាន​លើកឡើង​ថា​ ការ​អាន​ឱ្យ​បាន​ច្រើន​ ជា​វិធីសាស្ត្រ​យ៉ាង​សំខាន់​ក្នុង​ការ​ស្វែងយល់​ពី​ភាសា​ឱ្យ​បាន​ច្បាស់លាស់​។ លោក​ថ្លែង​ថា​ លោក​ជា​អ្នក​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ ហើយ​ក៏​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ផ្នែក​វិទ្យាសាស្ត្រ​ដែរ​ តែ​លោក​មិនដែល​ខកខាន​ក្នុង​ការ​អាន​នោះ​ទេ​ ព្រោះ​ការ​អាន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ព័ត៌មាន​ ឬប្រភព​ចំណេះដឹង​ច្រើន​ពី​អ្នកនិពន្ធ​នោះ​ទេ​ តែ​វា​ក៏​ជា​វិធីសាស្ត្រ​យ៉ាង​សំខាន់​ក្នុង​ការ​ស្វែងយល់​ពី​ភាសា​។ ប្រសិនបើ​យើង​អាន​សៀវភៅ​ជា​ភាសាខ្មែរ​ យើង​នឹង​យល់​កាន់តែ​ច្បាស់​ពី​ការប្រើ​ប្រាស់​ពាក្យពេចន៍​ និង​ការ​រៀប​ឃ្លោងឃ្លា​របស់​អ្នកនិពន្ធ​ ដែល​ធ្វើ​ឱ្យ​យើង​យល់​កាន់តែ​ច្បាស់​ពី​ភាសាជាតិ​។ ប្រសិនបើ​យើង​អាន​សៀវភៅ​បរទេស​ច្រើន​ យើង​នឹងអាច​យល់​ពី​ភាសា​នោះ​កាន់តែ​ច្រើន​ឡើង​ៗតាមរយៈ​ការសង្កេត​ និង​ចំនួន​ឯកសារ​ដែល​យើង​បាន​អាន​នោះ​។

លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ “អ្នក​សិក្សា​ភាសា​ជាច្រើន​ តែងតែ​ចូលចិត្ត​ទន្ទេញ​ដើម្បី​ឱ្យ​ចាំ​ពាក្យ​ច្រើន​ និង​វេយ្យ​ករណ៍​ដែលគេ​ប្រើប្រាស់​ជាដើម​។ ការ​ធ្វើបែប​នេះ​ អាច​ធ្វើ​ឱ្យ​យើង​នឿយហត់​ និង​ឆាប់​បោះបង់​វា​ចោល​ទៅវិញ​ ព្រោះ​ការ​ទន្ទេញ​មិន​ប្រាកដ​ថា​ធ្វើ​ឱ្យ​យើង​ចងចាំ​បាន​រហូត​នោះ​ទេ​។ វា​អាច​នឹង​ភ្លេចភ្លាំង​នៅពេល​ដែល​មាន​ពាក្យកាន់​តែ​ច្រើនឡើង​សម្រាប់​ទន្ទេញ​”។

អតីត​សិស្ស​ពូកែ​ខាងលើ​បាន​លើកឡើង​ថា​ វិធីសាស្ត្រ​ដែល​អាច​ធ្វើ​ឱ្យ​យើង​ចងចាំ​បាន​ល្អ​ ហើយ​មិន​ចាំបាច់​ខំប្រឹង​ប្រែង​ខ្លាំងពេក​នោះ​ គឺ​ការ​ឧស្សាហ៍​អាន​ឱ្យ​បាន​ច្រើន​។ ការសិក្សា​អំពី​ភាសា​ ថ្វី​ដ្បិតតែ​មិន​មាន​រូបមន្ត​ ឬត្រូវការ​គណនា​ដូច​វិទ្យាសាស្ត្រ​ពិត​ក្ដី​ តែ​វា​ក៏​ត្រូវការ​ការអនុវត្ត​ដូចគ្នា​។ ប្រសិនបើ​យើង​អាន​កាន់​តែ​ច្រើន​ យើង​នឹង​ឃើញ​ពាក្យ​ដដែល​ៗនោះ​កាន់តែ​ច្រើន​ក្នុង​កម្រង​ពាក្យ​រាប់​រយ​-រាប់ពាន់​ពាក្យ​នៅក្នុង​អត្ថបទ​មួយ​។ នៅពេល​នោះ​ខួរក្បាល​របស់​យើង​នឹង​ចាប់​ពាក្យ​នោះ​ទុក​ ហើយ​ងាយស្រួល​យល់​ ព្រោះ​យើង​បាន​ស្គាល់​ពាក្យ​មួយចំនួន​នៅក្នុង​អត្ថបទ​នោះ​ស្រាប់ហើយ​ ហេតុ​នេះ​ល្មម​ៗក៏​យើង​អាច​កាត់យល់​បាន​ដែរ​។ បន្ទាប់មក​ទៀត​ នៅពេល​ដែល​យើង​ឃើញ​វា​ច្រើនដង​នៅក្នុង​អត្ថ​បទ​ផ្សេង​ៗគ្នា​ យើង​នឹង​ចងចាំ​វា​ដោយ​ងាយស្រួល​ និង​មិន​ចាំបាច់​ខំ​ទន្ទេញ​ដ៏​គួរ​ឱ្យ​ធុញទ្រាន់​នោះ​ទេ​។

លោក​ លី​ ដារ៉ា​ អ្នកនិពន្ធ​សៀវភៅ​ជា​ភាសាអង់គ្លេស​ជាច្រើន​ចំណងជើង​ បាន​លើកឡើង​ថា​ ការសិក្សា​ភាសា​ទាមទារ​ឱ្យ​មានការ​អនុវត្ត​ច្រើន​ ហើយ​ការអនុវត្ត​នោះ​ទៀតសោត​ក៏​ត្រូវការ​បរិស្ថាន​ប្រកប​ដោយ​ភាព​ទាក់ទាញ​ដែរ​ ទើប​យើង​មិន​ស្មុគស្មាញ​ និង​ធុញទ្រាន់​ជាមួយនឹង​ការសិក្សា​។ ក្រៅពី​ការ​ទន្ទេញ​ អ្នក​សិក្សា​ភាសា​គួរ​បង្កើត​បរិយាកាស​សិក្សា​ដោយ​ការ​ជជែក​ និង​ជ្រើសរើស​យកពាក្យ​ដែល​យើង​បាន​សិក្សា​ទាំងអស់​នោះ​មក​ប្រើប្រាស់​ក្នុង​ស្ថានភាព​ជាក់ស្តែង​ឱ្យ​បាន​ច្រើន​។ ម្យ៉ាងវិញទៀត​ ដើម្បី​ឱ្យ​យើង​ឈាន​ទៅដល់​ការ​ស្គាល់​ពាក្យ​ថ្មី​ៗកាន់តែ​ច្រើន​ យើង​អាច​ជ្រើសរើស​ឯក​សា​រងា​យៗ​មួយចំនួន​មក​អាន​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​យើង​ងាយ​ផ្សាំុ​ខ្លួន​ជាមួយនឹង​ការប្រើ​ប្រាស់​ភាសា​នោះ​។

លោក​ លី​ ដារ៉ា​ បាន​និយាយ​ថា​៖ “ចង់​សិក្សា​ភាសា​ឱ្យ​បាន​ល្អ​ មិន​ចាំបាច់​ដាក់​សម្ពាធ​ដល់​ខ្លួនឯង​ពេក​ទេ​ តែ​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​អនុវត្ត​ ព្រមទាំង​ត្រូវការ​ពេលវេលា​បន្តិច​ម្តង​ៗរហូតដល់​យើង​អាច​ប្រើប្រាស់​វា​បាន​ដោយ​រលូន​”។

អ្នកនិពន្ធ​ខាងលើ​ ពន្យល់​ថា​ ប្រសិនបើ​យើង​ចង់​បង្កើត​ទម្លាប់​អាន​ដើម្បី​ស្វែងយល់​ពី​ភាសា​ឱ្យ​បាន​ច្រើន​ យើង​គួរ​កុំ​ចាប់អារម្មណ៍​ខ្លាំងពេក​ទៅលើ​ប្រភេទ​សៀវភៅ​ ឬជ្រើសរើស​សៀវភៅ​ណា​ដែល​ឆ្ងាយ​ពី​ការរស់នៅ​របស់​យើង​ខ្លាំងពេក​នៅពេល​ដំបូង​។

អ្នកអាន​គួរ​ស្វែងរក​ប្រភេទ​សៀវភៅ​ណា​ដែល​យើង​ចូលចិត្ត​ ដូចជា​ការ​មើល​កម្សាន្ត​ ឬស្វែងរក​ប្រភេទ​អត្ថ​បទ​ងាយ​ៗ និង​ជក់ចិត្ត​ជាមុន​សិន​។ បន្ទាប់មក​ទើប​ចាប់ផ្តើម​ងាក​មក​អាន​អត្ថបទ​ទាំងឡាយ​ណា​ដែល​យើង​គិតថា​ វា​ជាប់ពាក់ព័ន្ធ​នឹង​ការរស់នៅ​របស់​យើង​ ឬពាក់ព័ន្ធ​នឹង​ការងារ​ ក៏ដូចជា​ការសិក្សា​ជាដើម​។ នៅ​ពេល​យើង​មានទម្លាប់​នៃ​ការ​អាន​ល្អ​ហើយ​ យើង​នឹង​ចាប់ផ្តើម​ជក់ចិត្ត​ក្នុង​ការ​អាន​ ហើយ​បន្តិច​ម្តង​ៗចំណេះដឹង​ដែល​យើង​ទទួល​បាន​ក៏​នឹង​អភិវឌ្ឍ​ប្រសើរ​ឡើង​ដោយ​មិនដឹង​ខ្លួន​។ 1ឆ្នាំ​ ឬ2ឆ្នាំក្រោយ​ យើង​នឹង​ដឹង​ថា​ សមត្ថភាព​ខាង​ភាសា​របស់​យើង​នឹង​អភិវឌ្ឍ​ប្លែក​ដោយ​មិនបាច់​បង្ខំ​៕

Advertisement