សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ប្រជាជនខ្មែរគួរស្គាល់ពីគ្រឹះនៃវប្បធម៌ជាជាងផ្អើលតាមស្ថានការណ៍

«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ជាឃ្លាដែលបុព្វបុរសខ្មែរយើង ចង់បង្ហាញពីតម្លៃរបស់វប្បធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ ជាស្ថានភាពជាក់ស្តែងគេសង្កេតឃើញថា យុវជនកម្ពុជានាពេលបច្ចុប្បន្ននេះ ចាប់ផ្តើមមានការចាប់អារម្មណ៍លើស្ថានការណ៍នានាដែលពាក់ព័ន្ធនឹងបញ្ហាវប្បធម៌ហើយ តែសកម្មភាពទាំងអស់នោះហាក់មានភាពសកម្មបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្រ្តាចារ្យ ឯកឧត្តម ព្រឿង ឈៀង បានលើកឡើងនៅក្នុងការជជែកពិភាក្សារបស់កម្មវិធី The Perspectives Cambodia ថា វប្បធម៌ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់សង្គមមួយ ឬអាចនិយាយបានថា វប្បធម៌ជាព្រលឹងនៃជាតិសាសន៍មួយដែលប្រជាជនគ្រប់រូប ជាពិសេសយុវជនត្រូវព្យាយាមស្វែងយល់ឱ្យច្បាស់។ មានយុវជនមួយចំនួនធំមិនទាន់ស្គាល់ច្បាស់ពីគ្រឹះនៃវប្បធម៌ខ្លួនឯងនៅឡើយទេ។ ពួកគេមិនទាន់ស្គាល់ពីប្រវត្តិ លក្ខណៈពិសេស និងចំណុចលម្អិតនៃទម្រង់សិល្បៈ ក៏ដូចជាផ្នែកសំខាន់ផ្សេងៗទៀតនៃវប្បធម៌ខ្មែរនៅឡើយទេ ដែលជាហេតុធ្វើឱ្យពួកគេធ្វើសកម្មភាពដើម្បីវប្បធម៌តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ឯកឧត្តម ព្រឿង ឈៀង បានមានប្រសាសន៍ថា៖ «យុវជនបច្ចុប្បន្នគួរព្យាយាមស្វែងយល់ពីគ្រឹះនៃវប្បធម៌របស់ជាតិខ្លួនជាមុនសិន មុននឹងធ្វើការអភិវឌ្ឍមរតកវប្បធម៌ និងធ្វើសកម្មភាពវប្បធម៌នានាដើម្បីសង្គមរបស់យើង»។

ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខាងលើបានលើកឡើងផងដែរថា យើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយធ្វើការគាំទ្រវប្បធម៌ជាតិខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ជាជាងការផ្អើលតាមស្ថានការណ៍ដែលកើតមានឡើង ដូចជាការឃើញបណ្តាប្រទេសនានាដាក់ទម្រង់សិល្បៈដែលស្រដៀងខ្មែរចូលក្នុងបេតិកភណ្ឌពិភពលោក យើងមានការភ្ញាក់ផ្អើលតាម តែយើងមិនព្រមស្វែងយល់ពីចំណុចលម្អិតនៃទម្រង់សិល្បៈខ្លួនឯង និងមិនសូវគាំទ្រ៕

Advertisement