Ignite Phnom Penh បង្កើតឱកាសឱ្យយុវជនបង្ហាញបទពិសោធជាសាធារណៈ

Ignite Talks ត្រូវបាននាំយកមកព្រះរាជាណាចក្រកម្ពុជាក្រោមឈ្មោះថា Ignite Phnom Penh ដែលព្រឹត្តិ្កការណ៍នេះបានទទួលការគាំទ្រ និងចូលរួមពីសិស្សនិសិ្សត និងបុគ្គលិកតាមសាលា សាកលវិទ្យាល័យ និងស្ថាប័នផ្សេងៗជាច្រើនដែលមានអ្នកចូលរួមប្រមាណជាង 800 នាក់។

លោក សុខ ហ៊ី អ្នកដឹកនាំក្រុមការងារបង្កើតព្រឹត្តិការណ៍ Ignite Phnom Penh បានឱ្យដឹងថា គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជា គឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈ ដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសឱ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណជនទាំងឡាយ។

កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន 15 រូបមកពីគ្រប់ស្ថាប័ន ដោយមានវាគ្មិនមួយចំនួនជាអ្នកដែលមានបទពិសោធនៅក្នុងសង្គមជាច្រើនឆ្នាំ និងវាគ្មិនមួយចំនួនទៀតគឺជា សិស្សា នុសិស្សដែលមកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានាក្នុងទីក្រុងភ្នំពេញដែលនឹងចែករំលែកនូវបទពិសោធ និងចំណេះដឹងរបស់ខ្លួនក្នុងកម្មវិធីនេះ។

ប្រធានបទដែលត្រូវបានបង្ហាញនៅក្នុងវេទិកានោះ គឺពាក់ព័ន្ធទៅនឹងវិស័យអប់រំ បរិស្ថាន បច្ចេកវិទ្យា ការបៀតបៀនផ្លូវភេទ ក្ដីស្រមៃ ការលើកទឺកចិត្ដ ការចែករំលែកពីភាពជោគជ័យ និងគោលដៅរបស់ខ្លួន។ ចំណុចពិសេសរបស់ Ignite Phnom Penh គឺវាគ្មិនម្នាក់ៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ5នាទី និងស្លាយ (Slide) ចំនួន 20។ ចំណុចនេះ គឺតម្រូវអោយវាគ្មិនម្នាក់ៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកម្រិតពិបាកខ្ពស់។ អាស្រ័យហេតុនេះវាគ្មិននឹងទទួលបានបទពិសោធថ្មីដែលជួយឱ្យពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញឱ្យបានល្អ៕

Advertisement