ចំនួនអ្នកប្រើ Facebook កើនដល់ 2ពាន់លាននាក់

ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានកើនឡើងដល់ 2ពាន់លាននាក់ហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ2017 ខណៈដែលមានមនុស្ស 1.3 ពាន់លាននាក់បានប្រើប្រាស់ Facebook រាល់ថ្ងៃ។

ទិន្នន័យចំនួនអ្នកប្រើប្រាស់នេះ ត្រូវបានលោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិនៃបណ្ដាញសង្គមដ៏ធំ Facebook បានប្រកាសលើគណនីផ្ទាល់ខ្លួនលោកថា (Updated with 2 billion people. The world is a little brighter now) ដោយលោកចង់បង្ហាញថា ចំនួនគណនី Facebook បានកើនដល់ 2 ពាន់លានគណនីហើយ ដែលធ្វើឱ្យពិភពលោកយើងនេះកាន់តែមានពន្លឺខ្លាំងជាងមុន ដោយមនុស្សលោកអាចធ្វើការទំនាក់ទំនងគ្នាកាន់តែងាយស្រួលជាងមុនហើយនៅទូទាំងពិភពលោក។

ចំនួនមួយនេះបានធ្វើឱ្យ Facebook ក្លាយជាបណ្ដាញសង្គមដែលធំជាងគេបំផុតក្នុងពេលបច្ចុប្បន្ន ខណៈកម្មវិធី YouTube មានចំនួនគណនីអ្នកប្រើ 1.5 ពាន់លាននាក់ កម្មវិធី WeChat មានចំនួន 889 លាននាក់កម្មវិធី Twitter មានចំនួន 328 លាននាក់ និង Snapchat មានប្រហែល 255 លាននាក់។ ក្នុងនោះបើនិយាយពីចំនួនទាញយកទៅប្រើ ក្រៅពី YouTube ហើយ មានតែកម្មវិធីមកពីក្រុមហ៊ុន Facebook មួយប៉ុណ្ណោះ ដែលមានចំនួនអ្នកទាញយកមកដំឡើងលើស្មាតហ្វូន និងថេបប្លេត រាប់បញ្ចូលទាំងកម្មវិធី WhatsApp និង Facebook Messenger មានចំនួនលើសពី 1.2 ពាន់លានដងឯណោះ។

ភាពរីកចម្រើនរបស់ Facebook នៅទសវត្សរ៍ចុងក្រោយនេះបានមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានចំនួនអ្នកប្រើប្រាស់ថ្មីៗ ទើបរៀនប្រើ ឬទើបចាប់ផ្ដើមមានទូរស័ព្ទទំនើប រួមនិងទើបមានបណ្ដាញអ៊ីនធើណេតប្រើនឹងគេ។
ក្រៅពីអ្វីខាងលើនេះហើយក្រុមហ៊ុនថែមទាំងបានបង្កើនប្រសិទ្ធភាពឥតឈប់ឈរនូវកម្មវិធីរបស់ខ្លួនសម្រាប់ស្មាតហ្វូន Android តម្លៃថោក និងការតភ្ជាប់បណ្តាញដែលខ្សោយទៀតផង៕

Advertisement