បាក់ឌុប​ឆ្នាំនេះ​ធ្វើឡើង​ដោយ​រលូន​ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ 5លាន​ដុល្លារ​

ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ បញ្ជាក់​ថា​បាន​បញ្ចប់​ដោយ​រលូន​ដោយសារតែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់​ មាន​ដូចជា​មន្ត្រី​អប់រំ​ ភាគី​ពាក់ព័ន្ធ​ មន្ត្រី​សុខាភិបាល​ និង​ជំនួយការ​អប្បមាទ​ជាដើម​។

ប្រភព​ពី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​បញ្ជាក់​ថា​ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ ថ្ងៃទី19​ ខែសីហា​ ឆ្នាំ2019​ នេះ​ដំណើរការ​បាន​ល្អ​ និង​រលូន​ ហើយ​គ្មាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ​នោះ​ទេ​ ដោយសារតែ​បេក្ខជន​គោរព​តាម​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​ល្អ​។ ក្នុងចំណោម​បេក្ខជន​ប្រឡង​រាប់​ម៉ឺន​នាក់​ មន្ត្រី​អប់រំ​រក​ឃើញថា​ ស្ទើរតែ​ពុំ​មាន​អ្នកនាំ​មក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ​ និង​ឧបករណ៍​ហាមឃាត់​នានា​ ដូចជា​ម៉ាស៊ីនគិតលេខ​ជា​ដើ​មនេាះ​ទេ​។

ទោះជា​យ៉ាងនេះ​ក្តី​ ក្រសួង​អប់រំ​ បញ្ជាក់​ថា​ ក្នុង​ការ​ប្រឡង​នេះ​ មាន​បេក្ខជន​មាន​កំហុសឆ្គង​ធ្ងន់ធ្ងរ​ចំនួន​ 2ករណី​ គឺ​ករណី​ទី1​ ដកហូត​ទូរស័ព្ទ​ដៃ​ និង​ករណី​ទី2យក​សំណៅ​ឯកសារ​ចូលក្នុង​បន្ទប់​ប្រឡង​។ ចំពោះ​បញ្ហា​សុខភាព​ មាន​បេក្ខជន​ចំនួន​ 152នាក់​មាន​បញ្ហា​ តែ​ក្រោយពេល​សង្គ្រោះ​មាន​បេក្ខជន​ 141នាក់​ អាច​បន្តដំណើរ​ការ​ប្រឡង​បាន​ ចំណែក​ឯបេក្ខជន​ចំនួន​ 11​នាក់​ផ្សេងទៀត​ត្រូវ​បញ្ចូន​ទៅ​មន្ទីរពេទ្យ​មិន​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បានទេ​។

ចំពោះ​ការ​ចំណាយ​លើ​ការ​ប្រឡង​ឆ្នាំនេះ​ ឯកឧត្តម​ រស់​ សុ​វាចា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​លើកឡើង​ថា​ ក្រសួង​បាន​រៀបចំ​គ្រោង​ចំណាយ​ប្រមាណ​ 5លាន​ដុល្លារ​ សម្រាប់​ដំណើរការ​ងារ​ប្រឡង​ទាំងមូល​ក្នុង​ឆ្នាំ​ 2019នេះ​។ ខ្ទង់ចំណាយ​ដែល​ក្រសួង​នឹង​ចំណាយ​ គឺ​សម្រាប់​ឧបត្ថម្ភ​ដល់​មន្ត្រី​អប់រំ​ដែល​មាន​ចំនួន​ប្រមាណ​ 20,000នាក់​នៅ​ទូទាំង​ប្រទេស​។

តាម​លទ្ធផល​ផ្លូវការ​ចុងក្រោយ​បំផុត​ បាន​បញ្ជាក់​ថា​នៅ​ឆ្នាំ​ 2019នេះ​ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ 117,043នាក់​ ក្នុង​នោះ​មាន​បេក្ខជន​ស្រី​ចំនួន​ 60,427​នាក់​។ ក្នុង​នោះ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​បែង​ចែក​ជា​ 202មណ្ឌល​ ដែល​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ចំនួន​ 44,690មណ្ឌល​ ស្មើនឹង​ 75មណ្ឌល​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ មាន​បេក្ខជន​ចំនួន​ 72,353នាក់​ ស្មើនឹង​ 127មណ្ឌល​។

ចំពោះ​បុគ្គលិក​អប់រំ​ និង​ភាគី​ពាក់ព័ន្ធ​ ក្រសួង​អប់រំ​ បាន​បញ្ជាក់​ថា​ សម្រាប់​ការ​ត្រួតពិនិត្យ​មណ្ឌល​ប្រឡង​ និង​បន្ទប់​ប្រឡង​ រួម​ទាំង​ការគ្រប់គ្រង​ទូទៅ​ មាន​ការចូលរួម​ពី​បុគ្គលិក​អប់រំ​ 17,430នាក់​ មាន​ដូចជា​គណៈកម្មការ​កណ្តាល​ចំនួន​ 2,405នាក់​ គណៈកម្មការ​ត្រួតពិនិត្យ​តាម​អគារ​ចំនួន​ 1,181នាក់​ ប្រធាន​មណ្ឌល​ចំនួន​ 202នាក់​ អនុរក្ស​ប្រមាណ​ 10,631នាក់​ អប្បមាទ​ចំនួន​ 606នាក់​ និង​ជំនួយការ​អប្បមាទ​ចំនួន​ 2,405នាក់​៕

Advertisement