អូរឫស្សី ជាទីផ្សារម៉ូតូល្អទី 2 ដែលក្រុមហ៊ុនម៉ូតូជប៉ុនចង់បាន

ក្រុមហ៊ុនម៉ូតូរបស់ជប៉ុន បានចាត់ទុកថា តំបន់អូរឫស្សីជាទីផ្សារល្អទី2 បន្ទាប់ពីតំបន់រោងកុនគីរីរម្យ ដែលក្រុមហ៊ុនចង់ដណ្តើមយក ដើម្បីបន្តយុទ្ធសាស្រ្ដវាយលុកទីផ្សារម៉ូតូនៅកម្ពុជា តាមរយៈការដាក់ចេញនូវស៊េរីម៉ូតូថ្មីៗ បំពាក់បច្ចេកវិទ្យាខ្ពស់។

លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយម៉ូតូ Yamaha នៅក្នុងប្រទេសកម្ពុជាពីប្រទេសជប៉ុន បានមានប្រសាសន៍អំពីទីផ្សារម៉ូតូនៅទីក្រុងភ្នំពេញថា តំបន់អូរឫស្សីជាទីផ្សារល្អ ដែលក្រុមហ៊ុនចង់ដណ្តើមយកបន្ថែមទៀតបន្ទាប់តំបន់រោងកុនគីរីរម្យ តាមរយៈការចាប់ដៃគូជាមួយនឹងតំណាងចែកចាយដែលមានបទពិសោធក្នុងវិស័យនេះជាង 30ឆ្នាំមកហើយធ្វើជាតំណាងចែកចាយម៉ូតូ Yamaha ដូចហាង អ៊ីវ ភីរុណ ជាដើម។

លោកឧកញ៉ា ថ្លែងថា៖«តំបន់ក្បែររោងកុនគីរីរម្យជាទីផ្សារធំមួយ ខណៈតំបន់អូរឫស្សីជាទីផ្សារល្អទី 2 ដែលខាង Yamaha កំពុងធ្វើការវាយយក»។
ក្រោយពីអវត្តមានជាច្រើនឆ្នាំនៃប្រភេទម៉ូតូម៉ូដែល Yamaha នៅក្នុងតំបន់អូរឫស្សី ដែលជាតំបន់លក់-ទិញម៉ូតូគ្រប់ម៉ូដែល គ្រប់ធុនមួយនៅក្នុងក្រុងភ្នំពេញ ឥឡូវនេះ Yamaha បាននឹងកំពុងពង្រីកវិសាលភាពរបស់ខ្លួនឡើងវិញហើយ។ យុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនមិនអាចដំណើរការទៅមុខល្អបានទេ ប្រសិនបើគ្មានការសហការពីតំណាងចែកចាយតាមតំបន់សំខាន់ៗទាំងនោះ។

លោកឧកញ៉ាបានបញ្ជាក់ថា «តាមរយៈបទពិសោធរបស់ខ្ញុំ និងយុទ្ធសាស្រ្តថ្មីរបស់ Yamaha ក្រោមការគ្រប់គ្រងរបស់ខ្ញុំផ្ទាល់ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា គ្រប់ដៃគូអាជីវកម្មទាំងអស់ និងតំណាងចែកចាយរបស់Yamaha គ្រប់ប្រភេទនឹងទទួលបាននូវអត្ថប្រយោជន៍ និងភាគលាភគួរជាទីគាប់ចិត្ត ខ្ញុំ និងសហការី នឹងខិតខំស្វែងរកគ្រប់វិធីសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ដៃគូអាជីវកម្មរបស់យើង ព្រមជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគតផងដែរ។ ថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមមួយដ៏ល្អបំផុត ដែលបង្ហាញអំពីភាពជាដៃគូយូរអង្វែងរវាងក្រុមហ៊ុន និងតំណាងចែកចាយថ្មី អ៊ីវ ភិរុណ»៕

Advertisement