ហេតុផល 2យ៉ាងជំរុញឱ្យកុមារហ៊ាន​ទទួលកំហុសដោយមិន​ខ្លាច

នៅពេលដែលក្មេងធ្វើខុស ភាគច្រើនពួកគេ​តែងតែ​គេចវេស ឬ​តែងតែ​ភ័យខ្លាចខ្លាំងពីការដាក់ទោសរបស់​មនុស្សធំ។ ទម្លាប់បែបនេះបានធ្វើឱ្យ​ក្មេងតូច​ក្លាយជាមនុស្សដែលមិនមានការទទួលខុសត្រូវនៅថ្ងៃអនាគតហើយ​ថែមទាំងអាចធ្វើឱ្យ​ពួកគេក្លាយជាមនុស្សខុសម្តងហើយម្តងទៀតដដែលៗ។

ទាក់ទងទៅនឹងបញ្ហានេះ មានអ្នកស្រាវជ្រាវមួយចំនួន ជាពិសេសអ្នកអប់រំបានផ្តល់ជាដំបូន្មានថាអាណាព្យាបាលគួរស្វែងរក​ដំណោះស្រាយ ឬផ្តល់ឱកាសសម្រាប់ការកែខ្លួន និង​លើកទឹកចិត្តចំពោះ​ការទទួលកំហុសរបស់ក្មេងៗ។

1. កុមារ​នឹងមិនខ្លាចប្រសិនបើ​មនុស្សធំផ្តល់ឱកាសឱ្យ
កុមារ​នឹងលែងក្លាយជាមនុស្សដែល​គេចវេសពីបញ្ហាទៀតហើយ ប្រសិន​បើ​មនុស្សធំផ្តល់ឱកាសឱ្យពួកគេដើម្បីកែខ្លួនព្រោះកុមារភាគច្រើនដែលចូលចិត្តការគេចវេសពីកំហុសដោយសារតែពួកគេភ័យខ្លាចការដាក់ទោស និងការប្រើកំហឹងព្រមានពួកគេពីសំណាក់មនុស្សធំ។ ម្យ៉ាងវិញទៀត ក្មេងក៏ដូចជាមនុស្សធំទូទៅដែរគ្មានអ្នកណាម្នាក់ចង់ធ្វើខុសនោះទេគ្រាន់តែពេលខ្លះក្មេងធ្វើខុសដោយសារមិនយល់ពីហេតុផល​នៃសកម្មភាព ឬដឹងមិនដល់នូវអ្វីដែលពួកគេកំពុងធ្វើថាអាចនឹងជះផលអវិជ្ជមានដល់ពួកគេឬអត់ប៉ុណ្ណោះ។ នៅពេលដែលមនុស្សធំ ផ្តល់ឱកាសដល់ពួកគេ ក្មេងតូច​នឹងព្យាយាម​បង្ហាញយ៉ាងស្មោះត្រង់ថាគេពិតជាធ្វើនូវសកម្មភាពដែលខុសនោះមែន ដើម្បីទទួលបានឱកាសសម្រាប់ការកែខ្លួន។

2. ក្មេងនឹង​ក្លាហានប្រសិនបើ​មានការលើកទឹកចិត្តនៅពេលដែលគេធ្វើត្រូវ
កូនក្មេង​ គឺជាវ័យដែលចង់បានភាពសំខាន់ ហើយចង់ធ្វើអ្វីឱ្យមនុស្សធំសរសើរតែមនុស្សធំភាគច្រើនតែងតែ​មើលរំលងក្មេងៗត្រង់ចំណុចហ្នឹង។ នៅពេល​ដែលក្មេងធ្វើខុសមនុស្សធំ​ព្យាយាម​ចាប់កំហុស តែនៅពេលដែលគេធ្វើត្រូវ បែរជាមិនមានការយកចិត្តទុកដាក់ការកោតសរសើរ ឬការលើកទឹកចិត្តឱ្យក្មេងខំបន្តសកម្មភាពល្អៗនោះទៀត ឬ​លើកសរសើរចំពោះការកែកំហុសរបស់ក្មេងទៅវិញ។

សកម្មភាព​បែបនេះអាចធ្វើឱ្យក្មេង​នៅតែព្យាយាមធ្វើខុសព្រោះគេយល់ថា​ទោះបីជាធ្វើត្រូវក៏គ្មានបានផលចំណេញអ្វីដល់គេដែរព្រោះពួកគេនៅតែគ្មានភាពសំខាន់ក្នុងភ្នែកមនុស្សធំ។ តែប្រសិនបើ​មនុស្សធំចេះលើកទឹកចិត្តវិញពួកគេនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបង្ហាញថា​​ ពួកគេជាមនុស្សល្អហើយមានសេចក្តីក្លាហានក្នុងការ​ប្រឈមជាមួយនឹងបញ្ហានានាទៀតផង៕

Advertisement