ជិត​ប្រឡង​បាក់ឌុប​ មិនបាច់​ទៅ​ស្រោចទឹក​ក៏​មាន​សង្ឃឹម​ជាប់​ដែរ​ ឱ្យ​តែ​អនុវត្ត​វិធីសាស្ត្រ​ទាំងអស់​នេះ​…

ក្រោយពី​ក្រសួង​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​មក​ មាន​សិស្ស​មួយចំនួន​ធំ​បាន​ចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​ប្រឡង​ដ៏​សំខាន់​មួយ​នេះ​ ដោយ​ក្នុង​នោះ​ សិស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ ឱ្យ​តែ​ជិតដល់​ពេល​ប្រឡង​បាក់ឌុប​ម្តង​ៗ នៅ​តាម​ទី​សក្ការៈ​ និង​វត្ត​នានា​ គឺ​ពោរពេញ​ទៅ​ដោយ​សិស្ស​ព្រោងព្រាត​ដែល​ខ្លះទៅ​អុជ​ធូប​បន់ស្រន់​ ខ្លះទៅ​និមន្ត​លោក​ស្រោចទឹក​ឱ្យ​ដើម្បី​ឱ្យ​បាត់​ក្ដី​ភ័យខ្លាច​ និង​បង្កើន​ជំនឿ​ចិត្តជា​ដើម​។

អតីត​សិស្ស​ទទួល​បាន​និទ្ទេស​ A​ “នៅ​ឆ្នាំ2017​ យុវជន​ ហេង​ គី​មហុង​ បាន​លើកឡើង​ថា​ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ជា​ការ​ប្រឡង​សំខាន់​តែ​ក៏​មិន​គួរ​ព្រួយបារម្ភ​ជ្រុល​ពេក​ដែរ​ប្រសិនបើ​យើង​បាន​ត្រៀមខ្លួន​ទុកជាមុន​បាន​ល្អ​។ ប្រសិនបើ​យើង​មិនបាន​ត្រៀមខ្លួន​ទុកជាមុន​ពីដើម​ឆ្នាំ​ទេ​នោះ​ ក៏​មិនទាន់​ហួសពេល​ដែរ​ ប្រសិនបើ​បេក្ខជន​ចាប់ផ្តើម​ត្រៀមខ្លួន​ពីថ្ងៃនេះទៅ​។

យុវជន ហេង គីម​ហុង អតីត​សិស្ស​ទទួលបាន​និទ្ទេស​ A នៅ​ឆ្នាំ2017

ជា​ចំណុច​ចាប់ផ្តើម​ បេក្ខជន​ប្រឡង​គួរ​ប្រមូល​ឯកសារ​ទាំងអស់​ដែល​មាននៅ​ក្នុង​ដៃ​ ទុក​ទៅតាម​ផ្នែក​ ដើម្បី​ឱ្យ​ដឹង​ថា​ យើង​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ឬនៅ​? ឬនៅ​ខ្វះ​អ្វី​ទៀត​ដើម្បី​ងាយស្រួល​ស្វែងរក​បន្ថែម​។ បន្ទាប់មក​រៀប​វា​តាមលំដាប់​លំដោយ​ ជាពិសេស​វិញ្ញា​សា​ចាស់​ៗដែលគេ​ធ្លាប់​ប្រឡង​ពីមុន​មក​។ នៅពេល​យើង​គ្រប់គ្រង​ឯកសារ​មាន​របៀបរៀបរយ​ហើយ​វា​នឹង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ រាង​នឹង​ចិត្ត​បន្តិច​ហើយ​ ព្រោះ​យើង​អាច​គ្រប់គ្រង​មេរៀន​បាន​ មិន​រាយប៉ាយ​គរ​លើ​គ្នា​ជិតជុំ​វិញ​ខ្លួន​នោះ​ទេ​។ ក្រោយពេល​រៀបចំ​បាន​ល្អិតល្អន់​ហើយ​ យើង​គួរ​បែងចែក​ពេលវេលា​ទៅ​តាម​ភាព​សំខាន់​នៃ​មុខវិជ្ជា​ ឬក៏​អាច​បែងចែក​ ដោយ​ផ្តល់​ភាព​សំខាន់​លើ​មុខវិជ្ជា​ណា​ដែល​យើង​មិនសូវ​ខ្លាំង​ក៏បាន​។

យុវជន​ ហេង​ គី​មហុង​ បាន​និយាយ​ថា​៖ “ប្រសិន​បើ​យើង​បែងចែក​ពេលវេលា​បាន​ច្បាស់លាស់​ រួម​ទាំង​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ បេក្ខជន​ត្រៀមប្រឡង​គួរ​ផ្អាក​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ឬលេង​បណ្តាញ​សង្គម​និង​កាត់បន្ថយ​ការកម្សាន្ត​មួយចំនួន​ដែល​មិន​ចាំបាច់​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ច្រើន​លើ​វិញ្ញា​សា​ចាស់​ៗទាំងអស់​នោះ​ឱ្យ​បាន​ច្រើន​”។

អតីត​សិស្ស​ពូកែ​និទ្ទេស​ A ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ការ​គណនា​លើ​កម្រង​វិញ្ញាសា​ដែលគេ​ធ្លាប់​ប្រឡង​គួរ​ធ្វើ​ដោយ​ហ្មត់ចត់​ ដោយ​សរសេរ​ ឬគណនា​ដូចជា​ការ​ប្រឡង​ពិតប្រាកដ​ ដើម្បី​ឱ្យ​យើង​ផ្ស៉ាំ​ខ្លួន​បាន​ល្អជា​មួយ​នឹង​ការ​ប្រឡង​។ មាន​អ្នកខ្លះ​មានចំណេះ​ដឹង​គួរសម​ អាច​គណនា​បាន​លឿន​ តែ​គាត់​មិន​យកចិត្ត​ទុកដាក់​ ដោយ​គ្រាន់តែ​គណនា​ឱ្យ​តែ​រួច​ៗ ហើយ​មិន​សរសេរ​ចូល​ទៅ​ក្នុង​វិញ្ញាសា​ប្រឡង​ត្រៀម​នោះ​ឡើយ​ ដែល​ធ្វើ​ឱ្យ​គាត់​ងាយ​ច្រឡំ​ ឬធ្វើ​មិនបាន​ល្អ​នៅពេល​សរសេរ​លើ​ក្រដាស​វិញ្ញាសា​ពិតប្រាកដ​។ ក្រៅពី​នេះ​ យើង​គួរ​សិក្សា​ឱ្យ​បាន​ល្អ​ ខំ​ឱ្យ​អស់ពី​លទ្ធភាព​ក្នុង​ការអនុវត្ត​លំហាត់​ និង​រំឭក​មេរៀន​សម្រាប់​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​នៅពេល​នេះ​ ដើម្បី​យើង​បាន​សម្រាក​នៅ​ពេល​កៀក​ការ​ប្រឡង​ខ្លាំង​។ នៅពេល​ជិតដល់​ថ្ងៃ​ប្រឡង​ជាក់ស្តែង​ ប្រសិនបើ​យើង​បាន​ត្រៀម​នៅក្នុង​ដំណាក់កាល​នេះ​ហើយ​ យើង​អាច​នឹង​មិន​ចាំបាច់​ព្រួយបារម្ភ​ពេក​នោះ​ទេ​ គឺ​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ យើង​មានចំណេះ​ដឹង​គួរសម​នៅក្នុង​ខ្លួន​ មិន​ទទេ​ស្អាត​ពេក​ទេ​ ហើយ​អាច​សម្រាក​ឱ្យ​មានស្មារតី​ល្អ​នៅមុន​ថ្ងៃ​ប្រឡង​ 1ថ្ងៃ​ ឬ 2ថ្ងៃ​ទៀតផង​។

អតិត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ផ្នែក​រូបវិទ្យា​ និង​ជា​គ្រូ​ផ្នែក​គណិតវិទ្យា​ លោក​ ចេង​ បូរិ​ទ្ធ​ បាន​លើកឡើង​ថា​ ការ​ត្រៀមប្រឡង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សិស្ស​ ព្រោះ​ទោះបីជា​យើង​ខ្លាំង​ប៉ុនណា​ក៏​ដោយ​ ក៏​ចាំបាច់​ត្រូវតែ​រំឭក​មេរៀន​ឡើងវិញ​ដែរ​។ ហេតុនេះ​ដំណាក់កាល​ការ​រំឭក​មេរៀន​នេះ​ សិស្ស​ចាំបាច់​ត្រូវ​មានការ​រៀបចំ​ឱ្យ​បាន​ល្អ​ ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​អារម្មណ៍​ថា​ស្លន់ស្លោ​ ឬបារម្ភ​ខ្លាំង​ជ្រុល​ដោយសារតែ​មេរៀន​គរ​ច្រើនពេក​។ សិស្ស​គួរ​បែងចែក​វិធីសាស្ត្រ​នៃ​ការ​រំឭក​មេរៀន​ទៅតាម​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ ឬវិទ្យា​សាស្ត្រ​សង្គម​។ ចំពោះ​វិទ្យាសាស្ត្រ​ពិត​ យើង​គួរ​អនុវត្ត​ឱ្យ​បាន​ច្រើន​ ហើយ​មិនបាច់​បារម្ភ​ខ្លាំងពេក​ទេ​លើ​ការ​ទន្ទេញ​រូបមន្ត​ ព្រោះ​ពេល​យើង​អនុវត្ត​លំហាត់​ យើង​ត្រូវតែ​យក​រូបមន្ត​មក​ប្រើ​ បន្តិច​ម្តង​ៗវា​នឹង​ចាំ​ដោយឯកឯង​។ ចំណែក​ឯថ្នាក់​វិទ្យាសាស្ត្រ​សង្គម​វិញ​ គួរ​យក​មេរៀន​ទាំងអស់​មក​សង្ខេប​ឱ្យ​ខ្លី​ដោយ​ចំណាយពេល​អាន​សាច់រឿង​លម្អិត​បន្ទាប់មក​ដកស្រង់​យក​តែ​ចំណុច​សំខាន់​ដើម្បី​ងាយ​ចងចាំ​។

លោក ចេង បូរិទ្ធ ជាគ្រូ​ផ្នែកគណិតវិទ្យា

លោក​ ចេង​ បូរិ​ទ្ធ​ បាន​និយាយ​ថា​៖ “កុំ​បារម្ភ​ខ្លាំង​ពេក​ពី​ការ​ប្រឡង​ ពេល​រៀន​យើង​រៀន​លំ​ហា​ត់​ធំៗ​ តែ​ពេល​ប្រឡង​ភាគច្រើន​ចេញ​លំហាត់​មិន​ខ្លាំងពេក​ទេ​ ហេតុនេះ​សូម​ធ្វើលំ​ហាត់​ដោយ​ទំនុកចិត្ត​ និង​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​ចាប់ផ្តើម​។ កាលណា​យើង​ពិនិត្យ​មិន​ច្បាស់លាស់​ នោះ​កត្តា​ច្រឡំ​នឹង​មាន​ខ្ពស់​បំផុត​ ដែល​ធ្វើ​ឱ្យ​យើង​បាត់បង់​ពិន្ទុ​ ឬខាតពេល​”។

លោក​ បូរិ​ទ្ធ​ បាន​បន្ថែម​ទៀត​ថា​ ក្រៅពី​បញ្ហា​រៀបចំ​រំឭក​មេរៀន​ហើយ​ បញ្ហា​សុខភាព​ក៏​ជា​រឿង​សំខាន់​ដែរ​សម្រាប់​បេក្ខជន​ប្រឡង​ម្នាក់​។ មាន​បេក្ខជន​ខ្លះ​មាន​គោលបំណង​ដណ្តើម​យក​និទ្ទេស​ល្អ​ តែ​ដោយសារ​ការ​ខំ​ខ្លាំងពេក​បែរជា​ធ្វើ​ឱ្យ​គាត់​ឈឺ​ទៅវិញ​ ដែល​ធ្វើ​ឱ្យ​ពេល​ប្រឡង​មិន​អាច​ធ្វើ​បាន​ល្អ​។ ហេតុនេះ​ការ​រក្សាសុខ​ភាព​ក៏​សំខាន់ណាស់​ដែរ​ ទោះជា​យើង​ខំប្រឹង​ប្រែង​រៀន​ ក៏​មិន​គួរ​ខំ​គំហុក​ពេក​ទេ​ យើង​អាច​ធ្វើតាមសម្រួល​ តាម​ការបែងចែក​ពេលវេលា​ច្បាស់លាស់​ដែល​យើង​បាន​កំណត់​។ ចំពោះ​របប​អាហារ​ក៏​គួរ​កុំ​ទទួលទាន​អាហារ​ណា​ដែល​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ ឬប្រុងប្រយ័ត្ន​កាន់តែ​ខ្លាំង​ចំពោះ​អាហារ​នៅពេល​ដែល​ថ្ងៃ​ប្រឡង​ជិត​ចូល​មកដល់​។ ការសម្រាក​ក៏​ដូចគ្នា​ដែរ​ទោះ​ខំរៀន​ ក៏​ត្រូវការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ដែរ​ ព្រោះ​ស្មារតី​សំខាន់ណាស់​ចំពោះ​ការ​ចងចាំ​ ប្រសិនបើ​យើង​សម្រាក​មិន​គ្រប់គ្រាន់​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​មិនឆាប់​ចាំមេរៀន​នោះ​ទេ​ តែ​បណ្តាល​ឱ្យ​យើង​មាន​អារម្មណ៍​មិនល្អ​ថែមទៀត​ផង​៕

Advertisement